(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានកោតសរសើរដល់មាតាបិតា ដែលបានបញ្ជូនកូនៗ ឲ្យមកសិក្សាជំនាញគិតលេខ UCMAS ដែលអាចបណ្តុះនូវភាពវៃឆ្លាត និងវិធីសាស្ត្រគិតលេខបានលឿន និងធ្វើឲ្យចំណេះដឹងរបស់កូនៗកាន់ តែរឹងមាំសម្រាប់ថ្ងៃអនាគត។
លោករដ្ឋមន្ត្រីថ្លែងបែបនេះ ក្នុងពិធីប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៣ របស់សាលា អាយឃីដ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅកោះពេជ្រ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន លើកឡើងថា «ការអប់រំបន្ថែមក្រៅម៉ោងរបស់កម្មវិធីអភិវឌ្ឍខួរក្បាលកុមារ UCMAS បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់គុណភាព នៃការអប់រំនៅកម្ពុជាពោល គឺនៅពេលដែលកុមារ មានការអភិវឌ្ឍខួរក្បាលបានល្អ មានការគិតរហ័សរហួន មានមូលដ្ឋានមុខវិជ្ជាគណិតវិទ្យាគ្រប់គ្រាន់ គឺពួកគេអាចចាប់យកនូវការសិក្សាមុខវិជ្ជាផ្សេងៗទៀត បានយ៉ាងងាយស្រួល។ ជាពិសេសលើការសិក្សាមុខវិជ្ជាទាក់ទងនឹង STEM និង STEAM ដែលជាមូលដ្ឋានគ្រឹះនៃការធ្វើឲ្យសម្រេចបាននូវគោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មរបស់រាជរដ្ឋាភិបាល»។
សម្រាប់ការប្រឡងថ្នាក់ជាតិកម្មវិធី UCMAS លើកទី៣ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងគោលបំណងជ្រើសរើសកុមារកម្ពុជាឆ្នើម គិតលេខរហ័សចំនួន ៥១នាក់ ក្នុងចំណោមកុមារ ២,១១៩នាក់ ដែលនឹងត្រូវចេញទៅប្រឡងកម្មវិធីប្រកួតគិតលេខរហ័សថ្នាក់អន្តរជាតិ លើកទី២៣ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ៕