(ភ្នំពេញ)៖ យុវជន៤នាក់ បានបបួលគ្នាទៅឆក់ត្រី ដោយយុវជនម្នាក់ បានចុះទៅឆក់ត្រី និងយុវជន៣នាក់ទៀត ឈរនៅលើគោក ដើម្បីចាំរើសត្រី ខណៈនោះដែរក៏ស្រាប់តែឆ្លងចរន្តឆក់យុវជននោះ។ ភ្លាមៗ បក្ខពួកគ្នីគ្នា៣នាក់ ព្យាយាមជួយសង្គ្រោះ ដោយខ្លះរត់ទៅបិទកុងតាក់ និងខ្លះទៀតទៅជួយលើក និងធ្វើចលនាចង្វាក់បេះដូង តែជាអកុសល បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ដោយឃើញដូចនោះ យុវជន៣នាក់ទៀតនោះ ដោយមានការភ័យខ្លាច ក៏នាំគ្នារត់ចោល និងទុកសពយុវជននោះចោល ក្នុងដីឡូត៍តែម្តង។ លុះព្រឹកឡើង ត្រូវបានកម្មករសំណង់ប្រទះឃើញ បង្កឲ្យមានការភ្ញាក់ផ្ញើល ដល់សមត្ថកិច្ច នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលស្ថិតនៅចំណុចភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលនាយផ្នែកជំនាញកោសល្យវិច្ច័យ ខណ្ឌពោធិ៍សែនជ័យ លោក ចាន់ ធារិទ្ធ បានឲ្យដឹងថា សពជនរងគ្រោះ ឈ្មោះ អួង សុង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ សព្វថ្ងៃស្នាក់នៅកន្លែងកើតហេតុខាងលើ នឹងមានស្រុកកំណើតនៅ ភូមិចាក់ខ្លាញ់ ឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង។

លោក ចាន់ ធារិទ្ធ បានបន្តទៀតថា លុះព្រឹកឡើង​ មានកម្មករសំណង់ បានប្រទះឃើញមនុស្សដេកស្លាប់ម្នាក់ ក្នុងដីឡូត៍១កន្លែង ដែលស្ថិតនៅក្នុងភូមិខាងលើ ក៏រាយការណ៍មកសមត្ថកិច្ច នឹងធ្វើការត្រួតពិនិត្យទៅឃើញថា សពស្លាប់ដោយសារឆក់ចរន្តអគ្គិសនី នឹងបានសួរនាំនៅជុំវិញកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ (សព) មានគ្នា៤នាក់ ដែលបានបបួលគ្នា ដើរឆក់ត្រីស្ទើរតែជារៀងរាល់យប់។

ជាមួយគ្នានោះ សមត្ថកិច្ច ក៏បានឃាត់ខ្លួនបក្សពួក របស់ជនរងគ្រោះបាន៣នាក់ និងបានឆ្លើយសារភាពថា នៅវេលាម៉ោងប្រហែល០០៖៣០នាទី យប់ថ្ងៃទី២៣ ឈាងចូលថ្ងៃទី២៤ ពួកគេ មានគ្នា៤នាក់ បានដើរឆក់ត្រី ជាមួយគ្នា មួយសន្ទុះក្រោយមក ក៏លឺសូរសំលេងស្រែកថាអូយ។

ភ្លាមៗនោះ ជនរងគ្រោះ ក៏ដួលទៅនឹងដី ហើយគ្នាវាទាំងអស់ក៏ដកឌុយភ្លើង ចេញនឹងរត់សំដៅទៅជួយជនរងគ្រោះ តែដោយមានសភាពធ្ងន់ធ្ងរពេក ក៏ត្រដរខ្យល់នឹងស្លាប់បាត់ទៅ ឃើញដូចនោះ បក្សពួកជនរងគ្រោះ ទាំង៣នាក់ ក៏មានការភិតភ័យ និងទុកសាកសពចោល នៅក្នុងស្មៅ និងក្បែជញ្ជាំងផ្ទះគេ ហើយក៏មកផ្ទះរៀងៗខ្លួនទៅ និងមិនហ៊ានប្រាប់គេ ឲ្យដឹងទេ លុះដល់ស្រាវជ្រាវរហូតដល់សមត្ថកិច្ច ឃាត់ខ្លួនតែម្ដងទៅ។

តាមការពិនិត្យ ពីជំនាញកោសល្យវិច្ច័យក្រុង និងលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ម បានឲ្យដឹងថា មានស្នាមឆក់ពងខ្លោច នៅម្រាមដៃចង្អុលដៃ ខាងឆ្វេង១កន្លែង និងសន្និដ្ឋានថា ពិតស្លាប់ដោយសារឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន៕