(កំពង់ធំ)៖ ដើម្បីប្រសិទ្ធភាព ក្នុងការអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេស គឺនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខិតជិតចូលមកដល់នាពេលឆាប់ៗនេះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដីឃុំ-ភូមិ បានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្សព្វផ្សាយគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច និងបានបំពាក់ឯកសណ្ឋានជាលើកទី២ ចំនួន១០សម្រាប់បន្ថែមទៀត ជូនដល់ប្រជាការពារនៅភូមិឥន្ទកុមា ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះប្រជាជនទាំងអស់ ដែលបានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការអញ្ជើញទៅចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ និងបានបោះឆ្នោតគាំទ្រ ជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំនាវាកម្ពុជា មានសន្តិភាព និងអភិវឌ្ឍ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានផ្សព្វផ្សាយពីគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាល ហើយបានពន្យល់អំពីតួនាទីភារកិច្ច និងសិទ្ធិរបស់ប្រជាការពារជូន ដល់បងប្អូនប្រជាការពារ ដែលជាអ្នកអនុវត្តន៍ផ្ទាល់នៅមូលដ្ឋាន ជៀសវាងប្រព្រឹត្តខុសផ្ទុយនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល។ លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ចូលរួមថែរក្សាទ្រព្យសម្បត្តិ ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីជាការរួមចំណែក ក្នុងការអនុវត្ត ភូមិ-ឃុំ មានសុវត្ថិភាព នឹងជួយឱ្យភូមិដ្ឋានមានសន្តិសុខល្អ។
អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ រួមជាមួយប្រជាការពារបានអបអរសាទរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះការគិតគូរ និងដោះស្រាយបញ្ហាលំបាកក្នុងការបំពាក់ ឯកសណ្ឋានជាលើកទី២នេះជូនដល់គាត់ ហើយបងប្អូនបានប្តេជ្ញាចិត្តអនុវត្តន៍ ឱ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងប្តេជ្ញាចិត្តបំពេញឱ្យបានល្អនូវតួនាទី ភារកិច្ច និងសិទ្ធរបស់ប្រជាការពារ តាមសំណូមពរ៕