(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវបានកម្លាំងយាមល្បាតនៅពេលរាត្រីរបស់នគរបាលប៉ុស្ដិ៍ឬស្សីកែវ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ ដេញតាមរហូតបង្ក្រាបឃាត់ខ្លួនបានភ្លាមៗម្នាក់ ខណៈ២នាក់ទៀត កំពុងតែរត់គេចខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចមានស្ថានទំងន់ទោស (ប្រើដាវគំរាមប្លន់យកម៉ូតូ) Scoopy ១គ្រឿងពីជនរងគ្រោះ នៅលើកំណាត់ផ្លូវលំមួយកន្លែង ស្ថិតក្នុងក្រុមទី១០ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ជនសង្ស័យដែលបង្ក្រាបបាន ក្នុងបទល្មើសលួចមានស្ថានទម្ងន់ទោស (ប្រើដាវគំរាមប្លន់យកម៉ូតូ) មានឈ្មោះ ជេម សីហាក់ អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមួយកន្លែង ក្នុងក្រុមទី១៩ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ និងមានសារធាតុញៀនក្នុងខ្លួន។ រីឯជនរងគ្រោះឈ្មោះ សុខ សំបូរ អាយុ២៨ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុនលក់គ្រឿជ័រ ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ១០៧ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា។
បើតាមការរៀបរាប់ឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុ មានជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពប្រើដាវមកគម្រាមយកម៉ូតូ Scoopy របស់ជនរងគ្រោះរហូតបានសម្រេច។ លុះក្រោយពីក្រុមជនសង្ស័យធ្វើសកម្មភាពបានសម្រេចហើយ ក៏ព្យាលយាមជិះម៉ូតូរបស់ជនរងគ្រោះគេចខ្លួន ដែលធ្វើឲ្យជនរងគ្រោះស្រែកឆោរឡោឲ្យគេជួយ ខណៈស្របពេលដែលកម្លាំងរបស់ នគរបាលប៉ុស្ត៍ឬស្សីកែវ ខណ្ឌឬស្សីកែវ កំពុងយាមល្បាតនៅពេលរាត្រី បានចេញធ្វើអន្តរាគមន៍ភ្លាមៗ ដោយដេញតាមក្របួចជនសង្ស័យបានម្នាក់ ឯ២នាក់ទៀតរត់គេចខ្លួនបាត់ទៅហើយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី និងដកហូតបានដាវចំនួន២ដើម ជាមួយម៉ូតូ២គ្រឿង ក្នុងនោះ១គ្រឿង ជារបស់ជនរងគ្រោះ និង១គ្រឿងទៀតជារបស់ជនសង្ស័យ។
លោកអធិការខណ្ឌបានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនសង្ស័យ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ នៃបទល្មើសលួចមានស្ថានទម្ងន់ទោស (ប្រើដាវគំរាមប្លន់យកម៉ូតូ) ត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌ ក្នុងការកសាងសំណុំរៀងចាត់ការតាមនិតិវិធី និងដើម្បីបន្តការសាកសួស្រាវជ្រាវរកបក្ខពួក ដែលនៅសេសសល់៕