(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ និងលោស្រី នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារយោធភូមិភាគទី៥ រៀបចំក្រុងពាលី ដែលរៀបចំឡើងដោយក្រុមការងារយោធភូមិភាគទី៥ ជាមួយលោកគ្រូអាចារ្យ អនុវត្តតាមបែបប្រពៃណីសាសនា រៀបចំអសនៈជាមួយនឹងសំណែនសព្វសារពើ ថ្វាយភ្លេង ធ្វើការបួងសួងដល់វត្ថុសក្តិសិទ្ធ ម្ចាស់ទឹកម្ចាស់ដីជាកិច្ច ដើម្បីសុំពរជ័យសុំសេចក្តីសុខសិរីសួស្ដី ក្នុងការរៀបចំកន្លែងតាំងពិព័រណ៍រូបភាព នៅខាងក្នុងវិមាន និងទីតាំងបម្រុងសាងសង់ប្រាសាទតូចមួយ តាមរចនាបទកោះកេរ នៅខាងមុខវិមានឈ្នះ-ឈ្នះ សម្រាប់ត្រៀមចូលរួមពិធីសម្ពោធវិមានឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះឱ្យទទួលជោគជ័យ។
សូមបញ្ជាក់ថា អនុវត្តន៍តាមផែនការ និងបទបញ្ជារបស់ក្រសួងការពារជាតិយោធភូមិភាគទី៥ មានកិត្តិយស បានទទួលសិទ្ធិរៀបចំតាំងពិព័រណ៍រូបភាពមួយផ្នែក នៅក្នុងវិមានឈ្នះ-ឈ្នះ ដែលរូបភាពទាំងឡាយនោះ ស្តែងចេញពីស្នាដៃសំខាន់ៗលេចធ្លោ របស់យោធភូមិភាគទី៥ នៅក្នុងសកម្មភាពប្រតិបត្តិការនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងអំឡុងឆ្នាំ១៩៩៦-១៩៩៨ ដែលនាំឱ្យមាតុភូមិកម្ពុជានៃយើង ដែលធ្លាប់តែបែកបាក់ហែកហួរដោយសង្រ្គាមផ្ទៃក្នុង ដ៏ជូរចត់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅនោះ ទទួលបាននូវឯករាជ្យសុខសន្តិភាព ឯកភាពជាតិទាំងស្រុងចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៩៩៨ ជាមួយនឹងការអភិវឌ្ឍរីកស្គុសស្គាយលើគ្រប់វិស័យ រហូតដល់បច្ចុប្បន្ននេះ។
វិមានឈ្នះ-ឈ្នះ ដ៏ធំស្កឹមស្កៃមហិមាមួយនេះ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា ក្រសួងការពារជាតិសម្រេចកសាងឡើង គឺដើម្បីជាទីកន្លែង សម្រាប់ធ្វើការចារិកទុកនូវអនុស្សវរីយ៍ស្នាដៃ និងចងក្រងនូវឯកសារ កំណត់ត្រា សកម្មភាពពិតរបស់បណ្តាប្រតិបត្តិករទាំងឡាយ នៅក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះកន្លងមក សម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ក៏ដូចជាផ្តល់ជូនដល់មិត្តភក្តិបរទេសជិតឆ្ងាយលើពិភពលោកសិក្សា ស្វែងយល់។
នយោបាយឈ្នះ-ឈ្នះ គឺជាស្នាដៃដ៏មហស្ចារ្យ ប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានចារិកទុកនៅក្នុងទំព័រ ក្រាំងមាស ប្រវត្តិសាស្ត្រខ្មែរ ដ៏លេចធ្លោមួយទៀត បន្ទាប់ពីសម័យអង្គរ។ ហើយបានបង្ហាញឱ្យពិភពលោក ក៏ដូចជាមនុស្សជាតិទាំgមូល ឃើញថា ខ្មែរចេះដោះស្រាយបញ្ហាខ្មែរ ដោយខ្លួនឯងដ៏មានប្រសិទ្ធភាពបំផុត ស្របទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុង បរិបទនៃនយោបាយផ្ទៃក្នុងរបស់ជាតិកម្ពុជា។
ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាពិលោកទាំងមូល បានវាយតម្លៃខ្ពស់ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរកឃើញគន្លឹះដ៏សក្តិសិទ្ធិ និងជំរុញដាក់ចេញនូវនយោបាយដ៏មាន សក្តានុពលមួយនេះ ហើយក៏ប្រាកដជារីករាយ គាំទ្រចំពោះការសម្រេចចិត្ត កសាងនូវវិមានអនុស្សាវរីយ៍ដ៏មានសារៈសំខាន់មួយនេះផងដែរ។ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ សូមប្រកបដោយបញ្ញាញាណភ្លឺស្វាង សុខភាពល្អបរិបូរណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះ ទៅកាន់ភាពសុខក្សេមក្សាន្ត និងកាន់តែអភិវឌ្ឍន៍ឈានឡើងដ៏យូរអង្វែងកាល៕