(ប៉ៃលិន)៖ ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឈឹម វាសនា ប្រធានសាលាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាព ម្ហូបអាហារ នៅផ្សារព្រំ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ នៅខេត្តប៉ៃលិន។
លោក ឈឹម វាសនា បានឱ្យដឹងថា ការចុះអង្កេតទំនិញនៅផ្សារ បានផ្តោតទៅលើផលិតផលវេចខ្ចប់ជាគ្រឿងឧបភោគ បរិភោគ ជាលទ្ធផលបានដកហូតទំនិញ ដែលខូចគុណភាព ហួសកាលបរិច្ឆេទមានដូចជា៖ ស៊ុបដុំខ្នរ ៥ដុំ, ទឹកក្រូចដបធំ២២ដប, មីកំប៉ុង១០កំប៉ុង និងស្តរគ្រាប់ ៣ដុំ។ ទំនិញខូចគុណភាពទាំងនេះ ត្រូវបានក្រុមការងារ យកមករក្សាទុកនៅស្នាក់ការដើម្បីចាត់ចែងតាមនីតិវិធី និងផ្សព្វផ្សាយ បិទ poster ណែនាំអាជីវករឱ្យតាំងលក់តាមលក្ខណៈបច្ចេកទេសនៃការតាំងលក់ឱ្យត្រឹមត្រូវ។
ឆ្លៀតឱកាសនោះដែរ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕