(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅវេលាម៉ោង១១៖១០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី១ (GS1-F12&F30) នៅតំបន់មួយចំនួន ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តំបន់មួយចំនួន ក្នុងខណ្ឌដូនពេញ ដែលបានដាច់ចរន្តអគ្គិសនីនោះ រួមមាន៖ ផ្លូវព្រះស៊ីសុវត្តិយុត្តិវង្ស សង្កាត់ស្រះចក, ផ្លូវ៤៧ ផ្លូវ៩០ ផ្លូវ៥១ ផ្លូវ១០៦ និងផ្លូវបារាំងសេស សង្កាត់វត្តភ្នំ, មហាវិថីព្រះនរោត្តម ផ្លូវ១២៦ និងផ្លូវ១៣០ សង្កាត់ផ្សារថ្មី១, ផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី២, ផ្លូវស្រុកទ្រាំង សង្កាត់ផ្សារថ្មី៣, ផ្លូវ៥១ សង្កាត់បឹងរាំង, ផ្លូវ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១៣៖៣០នាទីរសៀល។
ជាមួយគ្នានោះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕