(ភ្នំពេញ)៖ International Court of Justice ឬមានន័យជាខេមរភាសាថា តុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នតុលាការដ៏សំខាន់របស់អង្គការសហប្រជាជាតិ (UN)។ វាត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ១៩៤៥ ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានដំណើរការនៅខែមេសា ឆ្នាំ១៩៤៦។ ទីតាំងរបស់តុលាការនេះ គឺនៅវិមានសន្តិភាព នៅទីក្រុងឡាអេ (ប្រទេសហូឡង់)។
ថ្ងៃនេះ Fresh News សូមបង្ហាញចំណេះដឹងទូទៅមួយ ស្តីពីការឈ្វេងយល់ដោយសង្ខេបពីតុលាការយុត្តិធម៌អន្តរជាតិ៖
តុលាការយុត្តិធម៌អន្តរជាតិ ឬហៅកាត់ថា ICJ គឺជាស្ថាប័នដ៏សំខាន់មួយក្នុងចំណោមស្ថាប័នសំខាន់ៗទាំង៦ របស់អង្គការសហប្រជាជាតិ ព្រោះតុលាការនេះត្រូវបានគេបង្កើតឡើងដោយអង្គការសហប្រជាជាតិ និងទទួលថវិកាប្រចាំឆ្នាំពីអង្គការសហប្រជាជាតិ។ ប្រទេសទាំងឡាយណា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ គឺស្ថិតនៅក្រោមដែនយុត្តាធិការ ឬដែនអំណាចរបស់តុលាការយុត្តិធម៌អន្តរជាតិ។
តុលាការយុត្តិធម៌អន្តរជាតិ មានតួនាទីដោះស្រាយទំនាស់រវាងប្រទេសជាតិមួយជាមួយនឹងប្រទេសជាតិមួយទៀត។ ឧទាហរណ៍ ដូចជារឿងក្តីប្រាសាទព្រះវិហាររវាងកម្ពុជា និងប្រទេសថៃ ជាដើម។ តុលាការនេះ ក៏មានភារកិច្ចដោះស្រាយការរំលោភបំពាន និងការបកស្រាយសន្ធិសញ្ញានានាដែរ។
តុលាការយុត្តិធម៌អន្តរជាតិ គឺជំនួសឱ្យអង្គការនៃតុលាការអចិន្រ្តៃយ៍យុត្តិធម៌អន្តរជាតិ (PCIJ) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩២០ ដោយសង្គមប្រជាជាតិ ប៉ុន្តែបន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ទៅ ទាំងអង្គការសង្គមប្រជាជាតិ និងតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ ក៏ត្រូវបានជំនួសដោយស្ថាប័នថ្មី ក្នុងនោះអង្គការសង្គមប្រជាជាតិ ត្រូវបានជំនួសដោយអង្គការសហប្រជាជាតិ រីឯតុលាការអចិន្ត្រៃយ៍យុត្តិធម៌អន្តរជាតិ ត្រូវបានជំនួសដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) វិញដែរ។
តុលាការយុត្តិធម៌អន្តរជាតិ គឺជាក្រុមប្រឹក្សាមួយមានចៅក្រមចំនួន ១៥រូប ដែលត្រូវបានជ្រើសតាំងដោយមហាសន្និបាត និងក្រុមប្រឹក្សាសន្តិសុខ មានអាណត្តិរយៈពេល ៩ ឆ្នាំ។ ចៅក្រមមកពីគ្រប់សញ្ជាតិនៃប្រទេសសមាជិកសុទ្ធតែមានសិទ្ធិបម្រើការងារក្នុងតុលាការនេះបាន ប៉ុន្តែក្នុងអាណត្តិនីមួយៗគេមិនឱ្យមានចៅក្រម ២ រូប ដែលមានសញ្ជាតិតែមួយបំពេញការងារដំណាលគ្នានោះទេ។
មាត្រា២.៤ នៃធម្មនុញ្ញអង្គការសហប្រជាជាតិចែងថា «សមាជិករបស់ អ.ស.ប ត្រូវជៀសវាងការគំរាមគំហែង ឬការប្រើប្រាស់កម្លាំងទ័ពទៅរំលោភនឹងបូរណភាពទឹកដី ឬឯករាជ្យខាងនយោបាយរបស់រដ្ឋជាសមាជិកដទៃទៀត ក្នុងទំនាក់ទំនងអន្តរជាតិ ឬក្នុងទិដ្ឋភាពដទៃទៀតណាមួយដែលមិនសមស្រប ជាមួយនឹងគោលដៅរបស់អង្គការសហប្រជាជាតិ»។ ក្នុងន័យនេះរាល់ការផ្លាស់ប្តូរនានា អាចសម្រេចទៅបាន ដោយសារតែកិច្ចព្រមព្រៀង រីឯជម្លោះទាំងឡាយត្រូវ ដោះស្រាយដោយសន្តិវិធី។ កាតព្វកិច្ចនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ក្នុងមាត្រា២.៣ នៃធម្មនុញ្ញអង្គការសហប្រជាជាតិដែលចែងថា៖ «រដ្ឋជាសមាជិកទាំងឡាយ ត្រូវតែដោះស្រាយជម្លោះអន្តរជាតិរបស់ខ្លួន ដោយមធ្យោបាយសន្តិវិធី ដែលធ្វើយ៉ាងណាមិនឲ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងយុត្តិធម៌អន្តរជាតិ»។ តុលាការយុត្តិធម៌អន្តរជាតិតែងតែ និយាយយោងទៅលើកាតព្វកិច្ចនេះជាច្រើនលើកច្រើនសា។ ក៏ប៉ុន្តែគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីនេះ អនុវត្តបានតែនៅពេលដែលការបន្តជម្លោះទាំងនោះ មិនប៉ះពាល់ដល់ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រសិនបើជម្លោះអន្តរជាតិនោះ មានការប៉ះពាល់ដល់ការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ រដ្ឋជាសមាជិកអាចប្រើ ប្រាស់មធ្យោបាយអសន្តិវិធីទៅតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
ដូចគេដឹងហើយថា មាត្រា៧.១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បញ្ជាក់ថា តុលាការនេះជាស្ថាប័នមួយក្នុងចំណោមស្ថាប័នសំខាន់ៗ ចំនួន៦ របស់អង្គការសហប្រជាជាតិ។ តុលាការយុត្តិធម៌អន្តរជាតិ គឺជាស្ថាប័នអចិន្ត្រៃយ៍ដែលមានចែងនៅក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ។ លើសពីនេះ មាត្រា៧.១ នេះ និងមាត្រា៩២ នៃធម្មនុញ្ញ ចែងថា តុលាការយុត្តិធម៌អន្តរជាតិ (ICJ) «គឺជាស្ថាប័នតុលាការចម្បងរបស់អង្គការសហប្រជាជាតិ»។ នេះជាមួយផ្នែកដ៏សំខាន់មួយនៃប្រព័ន្ធដោះស្រាយ វិវាទដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញ។ លើសពីនេះ លក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ត្រូវបានដាក់ជាឧបសម្ព័ន្ធនៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ អាស្រ័យហេតុនេះ រដ្ឋដែលជាសមាជិករបស់អង្គការសហប្រជាជាតិ តាមគោលការណ៍ច្បាប់ ក្លាយជាភាគីនៃលក្ខន្តិកៈរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយស្វ័យប្រវត្តិ។
ទោះបីជាតុលាការនោះជាស្ថាប័នដ៏សំខាន់មួយយ៉ាងណាក៏ដោយ ក៏ពុំមានន័យថា គឺជាយុត្តាធិការដែលមានលក្ខណៈចាប់បង្ខំឡើយ។
សូមជម្រាបថា លោក Iwasawa Yuji ត្រូវបានជ្រើសរើសជាប្រធានថ្មីរបស់អង្គការយុត្តិធម៌អន្តរជាតិ កាលពីខែមីនា ឆ្នាំ២០២៥។ លោក Yuji វ័យ ៦៩ឆ្នាំដែលជាជនជាតិជប៉ុន ត្រូវបំពេញអាណត្តិដែលនៅសេសសល់របស់លោក Nawaf Salam អតីតប្រធានតុលារពិភពលោកមួយនេះ ដែលបានលាលែងពីតំណែងនៅក្នុងខែមករា ដើម្បីទទួលតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសលីបង់៕