ចំណេះដឹងទូទៅ៖ ឈ្វេងយល់ពីប្រាសាទតាក្របីរបស់ខ្មែរ ដែលនៅមិនឆ្ងាយពីប្រាសាទតាមាន់ធំ

(ភ្នំពេញ)៖ ប្រាសាទតាក្របី មានទីតាំងស្ថិតនៅលើជួរភ្នំដងរ៉ែក ក្នុងភូមិបុសធំ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ ភាគខាងកើតប្រាសាទតាមាន់ធំ និងចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ភាគអាគ្នេយ៍ភូមិបាក់ដៃ ខេត្តសុរិន ប្រទេសថៃ អតីតដែនដីខ្មែរ។ ដូចគ្នាដែរ ប្រាសាទតាក្របី ក៏សាងសង់ឡើង ឧទ្ទិសដល់ព្រះឥសូរ ដូចប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ និងប្រាសាទតាមាន់តូច ជាដើម។

ថ្ងៃនេះ Fresh News សូមបង្ហាញពីចំណេះដឹងទូទៅ ស្តីពីប្រាសាទតាក្របី ដូចខាងក្រោម៖
លោក ម៉ង់ វ៉ាលី មន្ត្រីជំនាញការបេតិកភណ្ឌ បានឲ្យដឹងថា នៅក្នុងឯកសាររបស់អ្នកស្រាវជ្រាវបារាំង (លោក Etienne Aymonier និងលោក Lunet De Lajonquière) បានកត់ត្រាឈ្មោះប្រាសាទនេះថា «ព្រះឥសី» ឬ «ព្រះ ឫស្សី» ប៉ុន្តែឈ្មោះដែលអ្នកស្រុកខ្មែរហៅបច្ចុប្បន្នគឺ «តាក្របី» ហើយជនជាតិថៃហៅប្រាសាទនេះថា «តាខ្វាយ» (តាក្របី និងតាខ្វាយ មានន័យដូចគ្នា)។

ចំណែកមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ បានឲ្យដឹងដែរថា នេះជាប្រាសាទដែលមានខ្លោងទ្វារបួន ខ្លោងទ្វារសំខាន់បែរទៅទិសខាងកើត។ តួប្រាសាទមានប្លង់រាងកាកបាទ (បែរមុខទៅកើត) ខ្លោងទ្វារខាងកើតមានប្រវែងវែងជាង (តិចតួច) ខ្លោងទ្វារបីផ្សេងទៀត។ ខឿនប្រាសាទទាប ឯផ្នែកខាងក្រោមបង្អស់សាងពីថ្មបាយក្រៀម ហើយផ្នែកខាងលើសាងពីថ្មភក់ទាំងអស់ ដំបូលសាងរាងមូលត្រង់រៀបជា ៥ជាន់ឡើង។ ចំណែកឯដំបូលខ្លោងទ្វារសាងលយបង្ហាញឲ្យឃើញហោជាងច្បាស់។

ប្រភពដដែលបានបន្តថា ប្រាសាទតាក្របីជាប្រាសាទមួយដែលគ្មានក្បាច់លម្អ និង សិលាចារឹកបន្សល់ទុក្ខជាតឹកតាងក្នុងការកំណត់ពីការបរិច្ឆេទរបស់ប្រាសាទ។ ដូចនេះការសិក្សាស្រាវជ្រាវត្រូវពឹងផ្អែកទៅលើការប្រៀបធៀបទៅនឹងសំណង់មួយចំនួនដែលស្ថិតនៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១ មានដូចជា៖ តួប៉មកណ្តាលនៃប្រាសាទបន្ទាយស្រីដំ ដែក និងតួប៉មកណ្តាលនៃប្រាសាទតាកែវជាដើម។

មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ក៏បានឲ្យដឹងដែរថា តាមរយៈការប្រៀបធៀបនេះ យើងអាចទទួលបានកាលបរិច្ឆេទរបស់ប្រាសាទតាក្របី ឃើញថាប្រាសាទនេះស្ថិតនៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១១ នៃគ្រិស្តសករាជ និងស្ថិតនៅក្នុងរចនាបថឃ្លាំង។ ប្រាសាទតាក្របី ត្រូវបានសាងសង់ឡើងដើម្បីដល់ព្រហ្មញ្ញសាសនា។ ដោយយើងពឹងផ្អែកទៅតាមការសង្កេតផ្ទាល់ បានឲ្យយើងដឹងថា ប្រាសាទនេះកសាងឡើង​ ដើម្បីគោរពដល់ព្រះឥសូរ ពីព្រោះនៅកន្លែងទីសក្ការៈមានថ្មធម្មជាតិ ដែលបុរាណវិទូហៅថា ស្វយម្ភូលិង្គ។

ជាមួយគ្នានេះ លោក ម៉ង់ វ៉ាលី ក៏បានឲ្យដឹងបន្ថែមដែរថា ប្រាសាទតាក្របី ជាស្ថាបត្យកម្មព្រហ្មញ្ញសាសនា និកាយសៃវ ដែលទំនងកសាងឡើងនៅរវាងចុងស.វ.ទី១១ ដល់ស.វ.ទី១៣ ហើយជាស្ថាបត្យកម្មសាសនាសាងសង់នៅលើភ្នំដងរែកដ៏សំខាន់មួយ ស្ថិតនៅតាមបណ្តោយផ្លូវបុរាណចេញពីតំបន់អង្គរឆ្ពោះទៅកាន់តំបន់ភិមាយ ដែលគេស្គាល់ថា «ផ្លូវពាយព្យ»។ បន្ថែមពីនេះទៅទៀត តាមការសិក្សារបស់លោក Etienne Aymonier បានបង្ហាញថា ទីតាំងនេះមាននៅសល់បំណែក កុលាលភាជន៍បុរាណជាច្រើនថែមទៀតផង ជាពិសេសនៅត្រង់ ២០០ម៉ែត្រ ខាងកើតប្រាសាទតាក្របី។

នៅសម័យបច្ចុប្បន្ននេះ ប្រាសាទតាក្របីនៅមានប្រជាជនគោរពបូជានៅឡើយ។ ការគោរពបូជាទៅលើប្រាសាទនេះ គឺមានលក្ខណៈខុសគ្នារវាងប្រជាជនខ្មែរ និងប្រជាជនថៃ។ ប្រជាជនខ្មែរឡើងទៅធ្វើកិច្ចពិធីនៅពេលដែលមានបុណ្យទានធំៗ គឺជាពិសេសនៅក្នុងឱកាសចូលឆ្នាំខ្មែរ។ ជារៀងរាល់ថ្ងៃ គេតែងតែឃើញមានប្រជាជនថៃចាប់ពីមួយរយទៅពីររយនាក់បានទៅទស្សនា និងចូលក្នុងប្រាសាទបួងសួងសូមឲ្យមានសេចក្តីសុខគ្រប់ៗគ្នា៕

ចុចអាន «ប្រាសាទតាមមាន់ធំ»៖ https://fna.asia/fab03b9