(ភ្នំពេញ)៖ ពេលទៅដល់ប្រទេសមីយ៉ាន់ម៉ា បើមិនបានទៅលេងស្វេដាហ្គន (Shwedagon) ចេតិយមាស បែបពុទ្ធសាសនា នៅទីក្រុងយ៉ាំងហ្គូន នោះទេ ដូចមិនបានទៅលេងប្រទេសនេះអីចឹង។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ទីសក្ការៈដែលមានទីតាំងស្ថិតនៅលើភ្នំសិង្ហគោត្តរៈ (Singuttara) មួយនេះ មិនបានរងផលប៉ះពាល់ពីការរញ្ជួយដីធំៗ ដូចជា នៅឆ្នាំ១៩១២ និងឆ្នាំ២០២៥ ថ្មីៗនោះឡើយ។
* អំពីចេតិយមាស
យោងតាម Shwedagon Pagoda ចេតិយមាស ដែលមានអាយុកាលប្រមាណ ២ ៥០០ឆ្នាំ បានតម្កល់ព្រះបរមកេសធាតុ និងព្រះសារីរិកធាតុនានារបស់ព្រះពុទ្ធផងដែរ។ ចេតិយមាសមួយនេះ ស្រោបទៅដោយមានជាច្រើនសន្លឹក ខណៈចុងនៃព្រះវិហារមានពេជ្រ ៤ ៥៣១គ្រាប់ ហើយពេជ្រដែលធំជាងគេ មានទំហំ ៧២ការ៉ាត់។ វាប្រៀបបានជាឃ្លាំងនៃបេតិកភណ្ឌដ៏ល្អបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជា ស្ថាបត្យកម្ម ចម្លាក់ និងសិល្បៈ។
ចេតិយមាស មានប្រាសាទមាន ចេតិយដទៃទៀត និងមានរូបចម្លាក់ចម្រុះពណ៌រាប់រយ ដែលឆ្លុះបញ្ចាំងពីសម័យស្ថាបត្យកម្មដែលមានរយៈពេលជិត ២ ៥០០ឆ្នាំឯណោះ។ នេះមិនចម្លែកទេ ដែលព្រះចេតិយមាស ត្រូវបានចាត់ទុកថា ជារតនសម្បត្តិមានតម្លៃមហាសាលទាំងប្រវត្តិសាស្ត្រ ទីសក្ការៈ និងសិល្បៈវប្បធម៌មីយ៉ាន់ម៉ា ទោះវាមិនទាន់ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបនៃមនុស្សជាតិក៏ដោយ។
* អ្នកកសាងចេតិយមាស
កាលពីអតីតកាល ជនជាតិមនរាមញ្ញនៃអាណាចក្រហង្សាវតី បានរួមគ្នាកសាងចេតិយមាសមួយនេះ។ យោងតាមពង្សាវតាវត្តស្វេដាហ្គន បានបង្ហាញថា ចេតិយមាស ត្រូវបានកសាងឡើងតាំងពី ២ ៥០០ ឆ្នាំមុនម៉្លេះ ដើម្បីតម្កល់ព្រះពុទ្ធកេសា ៨ សរសៃ និងព្រះសារីរិកធាតុនៃព្រះពុទ្ធគោត្តម ដែលដើមឡើយចេតិយនេះបានសាងឡើងអំពីមាស ប្រាក់ សំណប៉ាហាំង ទង់ដែង សំណ ថ្មម៉ាប និងដែក បន្ទាប់មកគេក៏បានរៀបឥដ្ឋពីលើមានកម្ពស់ត្រឹមតែ ៩ម៉ែត្រប៉ុណ្ណោះ។
ចំណេរកាលក្រោយមក សភាពចេតិយក៏ចាស់ទ្រុឌទ្រោមទៅតាមធម្មជាតិ ទើបមានព្រះមហាក្សត្រមនរាមញ្ញនៃអាណាចក្រហង្សាវតី បានចូលរួមសាងសង់ចេតិយនេះឡើងវិញឱ្យខ្ពស់ជាងមុន ក្នុងនោះមានដូចជាព្រះចៅពញាអ៊ូ (១៣៤៨-១៣៨៤) ព្រះមហាក្សត្រី ស៉ីនសាវប៊ូ (១៤៥៤-១៤៧១) ព្រះចៅធម្មាចេតិយ (១៤៧១-១៤៩២) ជាដើម។
ក្នុងរជ្ជកាលព្រះមហាក្សត្រី ស៉ីនសាវប៊ូ (Shin Saw Bu) ដែលបានឡើងនៅសោយរាជ្យនៅក្រុងហង្សាវតីចាប់ពីគ្រិស្ដសករាជ ១៤៥៤-១៤៧១ ព្រះនាងបានសាងសង់ពង្រីកចេតិយបន្ថែមដែលមានទទឹង ២៥០ ម៉ែត្រ និងបណ្ដោយ ៣០០ ម៉ែត្រ។ រូបរាងរបស់ចេតិយថ្មីនេះបានផ្លាស់ប្ដូរពីរូបរាងដើម ពោលគឺដូចរូបរាងដែលយើងឃើញនាពេលបច្ចុប្បន្ន។
ព្រះមហាក្សត្រី ស៉ីនសាវប៊ូ បានចំណាយមាសដែលមានទម្ងន់ស្មើនឹងព្រះកាយរបស់ទ្រង់ យកទៅស្រោបពីលើចេតិយស្វេដាហ្គន។ ទ្រង់ក៏បានចេញព្រះរាជឱង្កាឱ្យគេសាងសង់ព្រះរាជវាំងនៅក្បែរចេតិយនេះ រួមទាំងព្រះរាជទីនាំងមួយសម្រាប់ឱ្យព្រះនាងទតមើលព្រះមហាចេតិយ ហើយគង់ប្រថាប់ក្នុងព្រះរាជវាំងនេះរហូតដល់សោយទិវង្គត។
នៅពេលព្រះមហាក្សត្រីស៉ីនសាវប៊ូសោយទិវង្គតទៅ ព្រះរាជសន្និសារបស់ព្រះនាង គឺព្រះចៅធម្មាចេតិយ (Dhamazedi) បានឡើងសោយរាជ្យបន្តចាប់ពីគ្រិស្ដសករាជ ១៤៧១-១៤៩២។ ព្រះអង្គក៏បានចំណាយមាសដែលមានទម្ងន់ស្មើនឹងព្រះកាយទ្រង់ដូចគ្នា យកទៅស្រោបពីលើចេតិយមាសនេះបន្ថែមទៀត។
* អត្ថន័យនៃពាក្យ Shewdagon
ពាក្យថា Swe មានន័យថា សុវណ្ណ ប្រែថា មាស ចំណែកឯពាក្យ Dagon មានន័យថា គិរី ប្រែថា ភ្នំ ដូច្នេះពាក្យ Swedagon នេះមានន័យថា សុវណ្ណគិរី ឬប្រែថា ភ្នំមាស។ តាមការកត់ត្រាបានបង្ហាញថា មាសដែលបានស្រោបនៅលើចេតិយស្វេដាហ្គន និងមាសដែលមាននៅក្នុងវត្តស្វេដាហ្គនទាំងមូល គឺមានទម្ងន់ចាប់ពី ៩-៦០ តោនឯណោះ៕