(ភ្នំពេញ)៖ ក្នុងចំណោមអ្នកធ្វើដំណើរទៅកាន់ទីអវកាស គឺរួមមានចាប់ពីអ្នកដែលចំណាយពេលត្រឹមតែប៉ុន្មាននាទី រហូតដល់អ្នកដែលបានចំណាយពេលដល់ទៅរាប់រយថ្ងៃឯណោះនៅទីនោះ។ តើនរណាគេដែលជាម្ចាស់កំណត់ត្រានៃការស្នាក់នៅបានយូរថ្ងៃជាប់គ្នាបំផុតក្នុងលំហអវកាស?
បុគ្គលម្នាក់នោះគឺលោក វ៉ាល់ឡឺរី ប៉ូលីយ៉ាកូវ (Valeri Polyakov) ដែលជាអតីតអវកាសយានិករបស់រុស្ស៉ី។ លោក ប៉ូលីយ៉ាកូវ ត្រូវបានគេជ្រើសរើសជាអវកាសយានិកនៅឆ្នាំ១៩៧២ ហើយលោកបានធ្វើដំណើរទៅកាន់ទីអវកាសជាលើកដំបូង តាមរយៈយានអវកាស សូយូស ធីអឹម-៦ (Soyuz TM-6) នៅឆ្នាំ១៩៨៨។ លោកបានត្រឡប់ចុះមកផ្ទៃផែនដីវិញ ក្រោយស្នាក់នៅក្នុងអតីតស្ថានីយអវកាសរុស្ស៉ី មៀរ (Mir) អស់រយៈពេល២៤០ថ្ងៃ។
សម្រាប់បេសកកម្មលើកទីពីររបស់លោក លោក ប៉ូលីយ៉ាកូវ បានចំណាយពេលរហូតដល់៤៣៧ថ្ងៃជាប់គ្នា នៅស្ថានីយមៀរ កាលពីចន្លោះឆ្នាំ១៩៩៤-១៩៩៥។ មកទល់បច្ចុប្បន្ន ពុំទាន់មាននរណាផ្សេងអាចបំបែកកំណត់ត្រានេះ បាននៅឡើយទេ។ លោក ប៉ូលីយ៉ាកូវ ក៏ជាប់នៅលេខរៀងទី៧ផងដែរ នៃក្រុមអវកាសយានិក ដែលបានចំណាយពេលសរុបច្រើនថ្ងៃបំផុតក្នុងទីអវកាស ដោយគិតបញ្ចូលបេសកកម្មផ្សេងៗគ្នា។
បើគិតពីរយៈពេលនៃបេសកកម្មផ្សេងៗរួមបញ្ចូលគ្នាវិញ លោក ប៉ូលីយ៉ាកូវ បានចំណាយពេលសរុប៦៧៨ថ្ងៃនៅក្នុងទីអវកាស ខណៈអតីតអវកាសយនិករុស្ស៉ីមួយរូបទៀតគឺ លោក ហ្កេនណាឌី ប៉ាដាល់កា (Gennady Padalka) ដែលជាម្ចាស់កំណត់ត្រា៨៧៨ថ្ងៃ ស្ថិតនៅលេខរៀងទី១។ និយាយរួមទៅ ចាប់ពីលេខរៀងទី១ ដល់លេខរៀងទី៨ គឺសុទ្ធតែជាអវកាសយានិករបស់រុស្ស៉ី។
ដោយឡែកសម្រាប់សហរដ្ឋអាមេរិក អវកាសយានិកដែលបានស្នាក់នៅក្នុងទីអវកាសយូរថ្ងៃជាប់គ្នាបំផុត គឺលោក ម៉ាក វាន់ហេ (Mark Vande Hei) ដែលបានចំណាយពេល៣៥៣ថ្ងៃ ស្នាក់នៅក្នុងទីអវកាស គឺពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ រីឯបើគិតពីរយៈពេលសរុបនៃបេសកកម្មផ្សេងៗរួមបញ្ចូលគ្នា អាមេរិកមានលោកស្រី ផេហ្គី វីតសុន (Peggy Whitson) ដែលកាន់កំណត់ត្រា៦៦៥ថ្ងៃ និងស្ថិតនៅលេខរៀងទី៩ ក្រោមក្រុមអវកាសយានិករុស្ស៉ី៕
Valeri Polyakov
Gennady Padalka
Mark Vande Hei