(ភ្នំពេញ)៖ លោក គ្រីស្តុប កូឡុំ ឬហៅតាមភាសាអង់គ្លេសថា គ្រីស្តូបហ្វឺរ ខូឡឹមបឹស (Christopher Columbus) គឺជាអ្នកផ្សងព្រេងជនជាតិអ៉ីតាលីដ៏ល្បីល្បាញមួយរូប ដែលបានបើកទំព័រ «យុគសម័យនៃការរុករក» និងបង្កើតផ្លូវឱ្យគេស្គាល់ទ្វីបថ្មីៗផ្សេងទៀត ប៉ុន្តែទន្ទឹមនឹងភាពល្បីល្បាញនេះ ក៏មានរឿងជាច្រើនដែលមិនត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាញនោះឡើយ។

ខាងក្រោមនេះជារឿងមួយចំនួនទៀតរបស់លោក គ្រីស្តុប កូឡុំ ដែលមិនសូវមានការផ្សព្វផ្សាយ ឬស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ៖

* «គ្រីស្តុប កូឡុំ» មិនមែនជាឈ្មោះពិតរបស់គាត់ឡើយ

បើទោះបីជាមានបញ្ញាវ័ន្តជាច្រើនឯកភាពថា គ្រីស្តុប កូឡុំ កើតនៅទីក្រុងហ្សេណូវ៉ា (Genova) ដែលជាផ្នែកមួយនៃប្រទេសអ៉ីតាលីបច្ចុប្បន្នក្តី ក៏នៅមានទស្សនៈជាច្រើនទៀតយល់ថា លោកអាចមានដើមកំណើតនៅប្រទេសអេស៉្បាញ ឬប្រទេសប៉ូឡូញ ឬក៏នៅប្រទេសក្រិកទៅវិញ។ នៅហ្សេណូវ៉ា គ្រីស្តុប កូឡុំ ត្រូវបានគេស្គាល់ថា គ្រីស្តូហ្វូរ៉ូ កូឡុមបូ (Cristoforo Colombo) ដែលជាឈ្មោះដើមរបស់លោក។ នៅអេស្ប៉ាញ គេហៅឈ្មោះលោកថា គ្រីស្តូបាល់ កូឡុន (Cristóbal Colón)។ ជាមួយគ្នានោះ ក៏នៅមានឈ្មោះជាច្រើនទៀត ដូចជា គ្រីស្តូល (Christoual) គ្រីស្តូវាំ (Christovam) គ្រីស្តូហ្វឺរុស ដឺ កូឡុមបូ (Christofferus de Colombo) ស្ពូល ដឺ កូឡុន (Xpoual de Colón) ជាដើម។ បន្ថែមលើនេះ មានទស្សនៈមួយទៀតលើកឡើងថា លោកបានប្រើឈ្មោះក្នុងនាមជាចោរសមុទ្រថា កូឡុមបូ (Colombo) ទៀតផង។

* សំពៅទាំងអស់ដែលលោកបើកបរនោះជាឈ្មោះក្លែងក្លាយ

នៅសហរដ្ឋអាមេរិក គេដាក់ឈ្មោះឱ្យសំពៅរបស់លោកថា វីកតូរីយ៉ា (Victoria) នីនញ៉ា (Niña) ពីនតា (Pinta) និងសាន់តាម៉ារីយ៉ា (Santa Maria)។ លើសពីនេះ មានសំពៅ២ទៀតត្រូវបានគេដាក់ឈ្មោះមិនពិត ឬប្រើតែឈ្មោះហៅក្រៅប៉ុណ្ណោះ។ នៅសម័យកាលនៃការរុករកនោះ វាជាប្រពៃណីទៅហើយសម្រាប់ប្រទេសអេស្ប៉ាញ ដែលត្រូវតែដាក់ឈ្មោះឱ្យសំពៅ និងហៅឈ្មោះក្រៅជំនួសឈ្មោះដើម។ ឡានីនញ៉ា (La Niña) ទំនងជាឈ្មោះសម្រាប់ហៅក្រៅរបស់សំពៅសាន់តាក្លារ៉ា (Santa Clara)។

* គ្រីស្តុប កូឡុំ ធ្វើដំណើរផ្សងព្រេង៤ដងទៅកាន់ពិភពលោក

នៅឆ្នាំ១៤៩២ គ្រីស្តុប កូឡុំ បានធ្វើដំណើរតាមផ្លូវទឹកទៅកាន់សមុទ្រខៀវ និងបន្តបេសកកម្ម៣លើកទៀត គឺនៅឆ្នាំ១៤៩៣មួយលើក នៅឆ្នាំ១៤៩៨មួយលើក និងនៅឆ្នាំ១៥០២មួយលើកទៀត។ ទោះបីជាមនុស្សភាគច្រើនអាចដឹងថា គ្រីស្តុប កូឡុំ ធ្លាប់ដោតទង់ជាតិនៅពាក់កណ្តាលរដ្ឋផ្លរីដា (Florida) សហរដ្ឋអាមេរិកក៏ដោយ តែតាមពិតគាត់គ្រាន់តែរកឃើញផ្នែកតូចមួយក្នុងតំបន់សមុទ្រការីបង់ (Caribbean Sea) តែប៉ុណ្ណោះ ដែលតំបន់នេះរួមបញ្ចូលទាំងបាហាម៉ា (Bahamas) គុយបា (Cuba) និងហ្សាម៉ាអ៉ីក (Jamaica) និងផ្នែកខ្លះទៀតនៃភាគកណ្តាលទ្វីបអាមេរិក។

* អដ្ឋិធាតុរបស់ គ្រីស្តុប កូឡុំ ត្រូវបានតម្កល់នៅតាមទីកន្លែងដែលគាត់ធ្លាប់ទៅដល់

ក្រោយពីលោក គ្រីស្តុប កូឡុំ បានស្លាប់នៅឆ្នាំ១៥០៦នោះទៅ សពរបស់គាត់ត្រូវបានបូជានៅទីក្រុងវ៉ាឡាដូលីដ (Valladolid) ប្រទេសអេស្ប៉ាញ។ ៣ឆ្នាំក្រោយមក អដ្ឋិធាតុរបស់លោកត្រូវបានគេយកទៅដាក់ជាមួយកន្លែងបញ្ចុះសពគ្រួសារលោកនៅឯទីក្រុងសេវីលឡា (Sevilla)។ នៅក្នុងឆ្នាំ១៥៤២ ដោយយល់ស្របតាមសំណើកូនប្រុសរបស់លោកឈ្មោះ ដីយេហ្គោ (Diego) ធាតុរបស់លោក គ្រីស្តុប កូឡុំ ត្រូវបានផ្ទេរទៅតំបន់សាន់តូដូមីនហ្គោ (Santo Domingo) លើកោះអ៉ីស្ប៉ាញ៉ុលឡា (Hispaniola) ដែលបច្ចុប្បន្នគឺជាសាធារណរដ្ឋដូមីនិក (Dominican)។ នៅក្នុងឆ្នាំ១៧៩៥ ឆ្អឹងរបស់លោកត្រូវបានយកចេញពីកោះអ៉ីស្ប៉ាញ៉ុលឡាផ្លាស់ទៅទីក្រុងហាវ៉ាណា (Havana) ប្រទេសគុយបាវិញ។ ជាង១ឆ្នាំក្រោយមក ឆ្អឹងរបស់លោកត្រូវបានយកដាក់លើសំពៅ ហើយធ្វើដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក ដើម្បីត្រឡប់មកកាន់ទីក្រុងសេវីលឡា ប្រទេសអេស្ប៉ាញវិញ នៅឆ្នាំ១៨៩៨។

* គ្រីស្តុប កូឡុំ អាចមិនមែនជាអ្នកពូកែផ្នែកគណិតវិទ្យាទេ

ដំណើរទៅកាន់សមុទ្រជាច្រើនសុទ្ធតែជាការរៀបចំឡើងដោយការប៉ាន់ស្មាន អំឡុងពេលដែល គ្រីស្តុប កូឡុំ បង្កើតបេសកកម្មផ្សងព្រេងនោះ។ ក្នុងពេលចាប់ផ្ដើមបេសកកម្ម លោកបានប្រាប់ទៅមនុស្សម្នាថា សំពៅរបស់លោកអាចធ្វើដំណើរពីអេស្ប៉ាញទៅអាស៉ី ដោយប្រើពេលត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ។ អ្នកសិក្សាខ្លះគិតថា គ្រីស្តុប កូឡុំ និយាយពីការគិតចម្ងាញនេះខុសពីការពិតទាំងស្រុង ហើយសន្និដ្ឋានថាលោកមិនពូកែខាងគណិតវិទ្យានោះទេ៕