(សៀមរាប)៖ ប្រាសាទព្រះខ័ន មានឈ្មោះដើមហៅថា ជ័យស្រី ដែលជាព្រះរាជនិវេសន៍បណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី៧ អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំ បន្ទាប់ពីរាជធានីអង្គររងការខូចខាតដោយពួកចាម្ប៍ចូលលុកលុយកាលពីឆ្នាំ១១៧៧។
បច្ចុប្បន្ន ប្រាសាទព្រះខ័នមានទីតាំងស្ថិតនៅក្នុងក្រុមប្រាសាទវង់ធំក្នុងទឹកដីនៃខេត្ដសៀមរាប មានចម្ងាយ៣គីឡូម៉ែត្រពីប្រាសាទបាយ័ន និង១.៥គីឡូម៉ែត្រពីខ្លោងទ្វារដីឆ្នាំង (ទិសខាងជើង)។ ឈ្មោះនៃប្រាសាទនេះមានន័យថា «ដាវ»។ តាមការស្រាវជ្រាវនៅសម័យបច្ចុប្បន្នគេយល់ថា កាលពីអតីតកាលសំណង់នៃប្រាសាទព្រះខ័ន គឺជាកន្លែងដាក់គ្រឿងសឹកសង្គ្រាម ដូច្នេះព្រះខ័នជាឈ្មោះសម័យទំនើបនៅរក្សាឈ្មោះទីក្រុងពីបុរាណដែលមានឈ្មោះថា «ជ័យស្រី» មានន័យថា «ព្រះខ័ន» និងមានន័យម្យ៉ាងទៀតថា «ម្លូ»។
ប្រាសាទព្រះខ័នកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ នៅឆ្នាំ១១៩១ ចុងសតវត្សទី១២ ដើម្បីឧទ្ទិសចំពោះលទ្ធិព្រះពុទ្ធសាសនាមហាយាន។ ព្រះអង្គបានកសាងព្រះបរមរូបស្នងព្រះវរបិតារបស់ទ្រង់ (ព្រះបាទធរណិន្ទ្រវរ្ម័នទី២) ជាទេវរាជតំណាងព្រះពោធិសត្វលោកេស្វរៈ ដូចគ្នានឹងប្រាសាទតាព្រហ្ម ដែលព្រះអង្គបានកសាងព្រះបរមរូបព្រះវរមាតា (ព្រះនាងជ័យរាជចូឌាមណី) ជាទេវរាជតំណាងព្រះនាងប្រាជ្ញាបារមីតា។
ប្រាសាទព្រះខ័នមានរាង៤ជ្រុងទ្រវែង បណ្ដោយ៨០០ម៉ែត្រ និងទទឹង៧០០ម៉ែត្រ ដែលមានស្រះបោក្ខរណី (គូទឹក) ព័ទ្ធជុំវិញ ស្ថិតនៅលើផ្ទៃដីចំនួន៥៦ហិកតា។ ប្រាសាទនេះមានកំពែង៤ជាន់ មានគោបុរៈចូលប្រាសាទតាមទិសទាំង៤ ប្រកបដោយបង្កាន់ដៃអសុរ និងទេវទាញនាគវាសុកី (តំណាងឱ្យការកូរសមុទ្រទឹកដោះ) និងមានបង្គោលសីមា២ជួរអមផ្លូវចូលផង។ គោបុរៈនៃកំពែងខាងក្រៅទាំងអស់សុទ្ធតែមានទ្វារ៣ ខណៈទ្វារមួយៗមានកំពូលខ្ពស់ប្រកបដោយត្របកផ្កាឈូក។ សងខាងគោបុរៈខាងក្រៅមានចម្លាក់គ្រុឌជាន់នាគឆ្លាក់ភ្ជាប់នៅជញ្ជាំងកំពែង។
តាមឯកសារដើមកំណើតអង្គរ លោក ម៉ារ បូ បានសរសេរឱ្យដឹងថា ប្រាសាទព្រះខ័នមានភិនភាគនិងលំនាំជាច្រើនដូចទៅនឹងប្រាសាទតាព្រហ្ម ដែលសំណង់ជាច្រើនកសាងជាប់ៗគ្នាពីមួយទៅមួយ នៅសល់តែចន្លោះតូចៗប៉ុណ្ណោះ។ លោកក៏បានសរសេរទៀតថា ប្រាសាទព្រះខ័នពុំមានទម្រង់មុខគុហារ (មុខបួន) ដូចប្រាសាទបាយ័ន្ត កំពែងខាងក្រៅនៃប្រាសាទតាព្រហ្ម ប្រាសាទបន្ទាយក្ដី ប្រាសាទតាសោម និងកំពែងក្រុងអង្គរធំនោះទេ ព្រោះប្រាសាទនេះសាងមុនគេ ហើយជាព្រះរាជនិវេសន៍បណ្ដោះអាសន្នរបស់ព្រះបាទជ័យវរ្ម័នទី៧ អំឡុងពេលកំពុងស្ថាបនាទីក្រុងអង្គរធំ បន្ទាប់ពីរាជធានីអង្គររងការខូចខាតដោយពួកចាម្ប៍ចូលលុកលុយកាលពីឆ្នាំ១១៧៧។
ផ្អែកតាមសិលាចារឹកនៃប្រាសាទព្រះខ័នបានបង្ហាញថា នៅក្នុងទីនៃប្រាសាទនេះមានរូបសំណាកចំនួន៥១៥រូប និងមានមន្ទីរព្យាបាលរោគចំនួន១០២ក្នុងព្រះរាជាណាចក្រ តែពុំបានបញ្ជាក់ថាសាងនៅត្រង់ណាខ្លះឡើយ ព្រមទាំងមានគេហដ្ឋានមួយជាកន្លែងឈប់សម្រាក។ ចំណែកកម្មករនិងអ្នកបម្រើក្នុងការកសាងប្រាសាទមានចំនួន៩៧,៨៤០នាក់ ដែលក្នុងចំនួននេះមានស្ដ្រីរបាំចំនួន១,០០០នាក់ផងដែរ។ ក្នុងមួយឆ្នាំមានរៀបចំពិធីបុណ្យទានធំចំនួន១០ដង ហើយក្នុងមួយខែមានថ្ងៃបុណ្យចំនួន១០ថ្ងៃដែលជាថ្ងៃសម្ដែងនូវទឹកចិត្ដរបស់ខ្មែរក្នុងបុណ្យតាមប្រពៃណីសាសនា និងតាមពេលសម្រាកលម្ហែ។
តាមឯកសារផ្សេងទៀតបានឱ្យដឹងថា ប្រាសាទព្រះខ័ន គឺជាមណ្ឌលពុទ្ធសាសនាដ៏ធំមួយដែលមានព្រះសង្ឃប្រមាណ១,០០០អង្គគង់នៅសំណាក់ធម៌ និងមានសាកលវិទ្យាល័យមួយកសាងដោយព្រះនាងជ័យរាជទេវី ជាមហេសីទី១របស់ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទព្រះខ័ន ក៏ដូចជាប្រាសាទដទៃទៀតរបស់ព្រះបាទជ័យវរ្ម័នទី៧ដែរ ចម្លាក់ពុទ្ធរូបត្រូវទទួលរងនូវការដាប់បំផ្លាញចោល ឬកែច្នៃទៅជារូបផ្សេងៗ ដូចជា ឥសី លិង្គ ផ្កាជាដើម នៅក្នុងរាជ្យរបស់ក្សត្របន្តក្រោយមកទៀត (ជ័យវរ្ម័នទី៨ ឥន្ទ្រជ័យវរ្ម័ន និងជ័យវរ្ម័នបរមេស្វរៈ) ដែលបានប្ដូរផ្លាស់ទៅកាន់ព្រហ្មញ្ញសាសនាវិញ និងបានបណ្ដោយឱ្យមានប្រតិកម្មប្រឆាំងនឹងពុទ្ធសាសនា។
មានចំណុចពិសេសគួរឱ្យកត់សម្គាល់ចំនួន២ដែលធ្វើឱ្យប្រាសាទព្រះខ័នខុសប្លែកពីប្រាសាទនានាដទៃទៀត៖ ទី១-គឺសំណង់មន្ទីរពីរជាន់នៅក្បែរគោបុរៈខាងកើតនៃកំពែងទី២ (រាប់ពីខាងក្រៅទី១)។ សំណង់មន្ទីរនេះមានសរសរមូលៗមានលក្ខណៈដូចគ្នាទៅនឹងសំណង់បុរាណនៃអរិយធម៌ធំៗនៅតំបន់សមុទ្រមេឌីទែរ៉ាណេដែរ។ ទី២-គឺចេតិយស្តូបថ្មនៅប្រាង្គប្រាសាទកណ្ដាល។ បើតាមការអះអាងរបស់ប្រវត្ដិវិទូខ្លះបានឱ្យដឹងថា ចេតិយស្តូបនេះគឺជាការកសាងនៅសម័យក្រោយអង្គរ តាមលំនាំនៃសិល្បៈសៀមនៅសុខោទ័យ ព្រោះចេតិយនេះមានលក្ខណៈស្រដៀងទៅនឹងចេតិយដែលមាននៅក្នុងប្រទេសសៀមអំឡុងសតវត្សទី១៥-១៦។ ឯអ្នកប្រវត្ដិវិទូខ្លះទៀតបានអះអាងថា ស្ដូបថ្មនេះកសាងឡើងតាមលំនាំនៃឥទ្ធិពលប្រទេសស្រីលង្កា ព្រោះចេតិយថ្មនេះជាសិល្បៈរបស់ខ្មែរដែលគ្រាន់តែទទួលឥទ្ធិពលពីប្រទេសស្រីលង្កា។
មានសម្មតិកម្មមួយចំនួនលើកឡើងដើម្បីគាំទ្រមតិដែលថាស្តូបខាងលើនេះជាសិល្បៈដែលទទួលឥទ្ធិពលពីស្រីលង្កា។ ទី១-មាត់ច្រកទ្វារចូលទៅកាន់ព្រះស្ដូបមានទំហំតូច ចេតិយមានកម្ពស់ខ្ពស់ជាងប្រអប់ទ្វារក្នុងប្រាសាទ។ កត្ដានេះហើយដែលបញ្ជាក់ឱ្យដឹងថា ស្ដូបនេះត្រូវបានសាងសង់ក្នុងពេលជាមួយគ្នានឹងប្រាសាទព្រះខ័ន គឺធ្វើមុនគ្រោងទ្វារ និងជញ្ជាំង។ តាមវិធីសាស្ដ្រសាងសង់ពីប្រពៃណី គឺការសាងសង់បល្ល័ង្កតម្កល់ទេវរូប ឬព្រះពុទ្ធរូបគេមិនធ្វើក្រោយបន្ទាប់ពីអគារនៃប្រាសាទសង់រួចនោះទេ។ បើតាមការសន្និដ្ឋានថា ស្ដូបត្រូវនាំចូលទៅក្នុងប្រាសាទនៅក្រោយពេលប្រាសាទព្រះខ័នបានកសាងរួចនោះ គឺជាការយល់ខុស។ ទី២-បើតាមទំព័រប្រវត្ដិសាស្ដ្រអង្គររបស់ព្រះបាទជ័យវរ្ម័នទី៧ គឺព្រះអង្គម្ចាស់តមិន្ទបានយាងទៅកោះស្រីលង្កាដើម្បីមូលហេតុសាសនា។ បើយោងតាមឯកសារទំនាក់ទំនងរវាងខ្មែរនិងស្រីលង្កាមានចំណងជាមួយគ្នាពុំអាចផ្ដាច់ចេញបានឡើយនាសម័យបុរាណ។ កត្ដានេះហើយអាចបញ្ជាក់អំពីឥទ្ធិពលនៃសិល្បៈបែបពុទ្ធសាសនានិយមថេរវាទ (ស្រីលង្កា) មកលើប្រទេសកម្ពុជាក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧។ ទី៣-តាមបរិបទនយោបាយក្នុងសម័យនោះពុំអាចឱ្យជនជាតិខ្មែរស្ថាបនាព្រះចេតិយដ៏ពិសិដ្ឋតាមលំនាំសិល្បៈសៀមដែលជាគូបដិបក្ខវិវាទក្រោយពីសង្គ្រាមស៊ីសាច់ហុតឈាមដែលផ្សែងមិនទាន់រលត់នៅឡើយរវាងប្រទេសទាំងពីរក្នុងព្រឹត្ដិការណ៍ដែលបន្ទាប់ពីកងទ័ពសៀមបានរុករានដុតបំផ្លាញទីក្រុងអង្គរឱ្យខ្ទេចខ្ទាំរួចហើយនោះឡើយ។ ដូច្នេះការសន្និដ្ឋានជារួមថាភាពស្រដៀងគ្នារវាងចេតិយសៀមនិងខ្មែរ ពុំមែនមានន័យថា ខ្មែរចម្លងពីសៀម ឬសៀមចម្លងពីខ្មែរឡើយ ហើយប្រភពចេតិយនៅប្រាសាទព្រះខ័នមានលំនាំចេញមកពីប្រទេសស្រីលង្កា ទើបជាការត្រឹមត្រូវ៕