(ភ្នំពេញ)៖ កាលដើមឡើយ មានតែពុទ្ធប្រាសាទ Spring Temple Buddha នោះទេ ដែលជាប់ចំណាត់ថ្នាក់ជាប្រតិមាខ្ពស់ជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែចាប់ពីចុងឆ្នាំ២០១៨មក The Statue of Unity ក៏បានដណ្ដើមចំណាត់ថ្នាក់កំពូលវិញ។ តើរូបសំណាករួបរួម The Statue of Unity ស្ថិតនៅឯណា មានកម្ពស់ប៉ុន្មានម៉ែត្រ?

មានទីតាំងនៅក្នុងរដ្ឋគជរាជ (Gujarat) ប្រទេសឥណ្ឌា រូបសំណាករួបរួម ឬ The Statue of Unity គឺជារូបសំណាកខ្ពស់ជាងគេលើពិភពលោក ដែលមានកម្ពស់ដល់ទៅ១៨២ម៉ែត្រ។

ប្រតិមានេះពណ៌នាអំពីលោក Vallabhbhai Patel ដែលជារដ្ឋបុរសឥណ្ឌា និងសកម្មជនឯករាជ្យមួយរូបនាអំឡុងឆ្នាំ១៨៧៥-១៩៥០។ លោកកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯករាជ្យរបស់សាធារណរដ្ឋឥណ្ឌា ខណៈប្រជាជនទូទៅចាត់ទុកលោកជាអ្នកមហាត្មៈគន្ធីនិយម។ ហេតុចម្បងដែលគេសាងសង់ប្រតិមានេះ គឺដោយសារលោក Patel ជាអ្នកដែលគេគោរពយ៉ាងខ្លាំងចំពោះការដើរតួនាទីយ៉ាងសំខាន់ក្នុងសមាហរណកម្មនយោបាយនៅប្រទេសឥណ្ឌា។

គម្រោងសាងសង់រូបសំណាកនេះដែរ មានតម្លៃសរុប៤២២លានដុល្លារអាមេរិក ហើយត្រូវបានសម្ពោធដោយនាយករដ្ឋមន្ត្រីឥណ្ឌា នរិន្ទ្រា មន្ទីរ (Narendra Modi) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចំថ្ងៃខួប១៤៣ឆ្នាំនៃថ្ងៃកំណើតរបស់លោក Vallabhbhai Patel តែម្ដង៕