(ភ្នំពេញ)៖ នៅលើផែនដីយើងនេះ មានស្នាមរណ្តៅធំៗជាច្រើនដែលកើតពីការធ្លាក់បំណែកអាចម៍ផ្កាយកាលពីយូរណាស់ហើយ ក្នុងចំណោមនោះ រណ្តៅអាចម៍ផ្កាយដែលនៅរក្សារូបរាងល្អជាងគេបង្អស់ គឺស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ដែលមានឈ្មោះថា Barringer Meteor Crater។

វាត្រូវបានគេរកឃើញកាលពីឆ្នាំ១៨៩១។ រណ្តៅអាចម៍ផ្កាយនេះ ត្រូវអ្នកវិទ្យសាស្រ្តប៉ាន់ស្មានថាមានអាយុកាលចន្លោះពី ៥០០០ទៅ៥០,០០០ឆ្នាំមកហើយ ដែលនាពេលនោះ អាចម៍ផ្កាយធំមួយដុំដែលមានអង្កត់ផ្ចិតប្រហែល៤៥ម៉ែត្រ និងទម្ងន់ខ្ទង់៣០០,០០០តោន បានហោះចូលមកក្នុងបរិយាកាសភពផែនដីយើង ហើយធ្លាក់បុកផ្ទៃផែនដីពេញទំហឹងជាមួយនឹងកម្លាំងដ៏ខ្លាំងក្លា។ បើធៀបជាមួយគ្រាប់បែកបរមាណូដែលសហរដ្ឋអាមេរិកទម្លាក់លើទីក្រុងហ៉ីរ៉ូស៉ីម៉ា កាលពីសម័យសង្រ្គាមលោកនោះ គឺថាមពលដែលវាបញ្ចេញមានកម្លាំងខ្លាំងជាង១,០០០ដងទៅទៀត។

គួរជម្រាបថា រណ្តៅអាចម៍ផ្កាយ Barringer Meteor Crater ក៏បានកើតចេញមកជាមួយមុខកាត់ដល់ទៅ១,៣០០ម៉ែត្រ និងជម្រៅខ្ទង់១៨០ម៉ែត្រ។ វាមានទីតាំងស្ថិតនៅក្បែរទីក្រុងវីនស្លូ (Winslow) នៃរដ្ឋអារីហ្សូណា (Arizona) របស់សហរដ្ឋអាមេរិក ដែលមិនជាឆ្ងាយប៉ុន្មានពីគោលដៅទេសចរណ៍ដ៏ល្បីមួយ គឺតំបន់ឧទ្យានជាតិ Grand Canyon នោះឡើយ៕