(ភ្នំពេញ)៖ ជាទូទៅ ក្នុងប្រព័ន្ធព្រះអាទិត្យ ក្រៅពីភពទាំង៨ កុំភ្លេចថានៅមានតារារណប ផ្កាយព្រះគ្រោះ ខ្សែក្រវាត់អាចម៍ផ្កាយ និងសំណល់អវកាសច្រើនរាប់មិនអស់ផ្សេងទៀត ដោយខ្លះបង្កជាគ្រោះថ្នាក់ដល់ផែនដីយើង ខ្លះបង្កការភ័យខ្លាច បង្កការរំខាន ហើយខ្លះទៀតក៏ជាអ្នកសង្គ្រោះ ជាអ្នកមានគុណរបស់ផែនដីយើងក៏មាន។

យើងក៏ដឹងដែរថា ក្នុងប្រវត្តិសាស្ត្រភពផែនដី គឺធ្លាប់រងគ្រោះដោយសារអាចម៍ផ្កាយ ក៏ដូចជាសំណល់អវកាសមិនតិចដងនោះឡើយកាលពីអតីតកាល ពោលសូម្បីតែព្រះចន្ទរបស់យើងក៏ធ្លាប់បុកគ្នាជាមួយផែនដីយើងដែរ។ គ្រោះថ្នាក់ទាំងនេះហើយដែលបានសម្លាប់ជីវិត រួមទាំងពពួកដាយណូស័រកាលពីអតីតកាលនោះ។

តាមការឱ្យដឹងពីអង្គការណាសា (NASA) បើកុំតែមានភពព្រហស្បតិ៍ជាបងធំក្នុងចំណោមភពក្នុងប្រព័ន្ធព្រះអាទិត្យជួយការពារ ជួយគ្រប់គ្រងសណ្ដាប់ធ្នាប់ក្នុងប្រព័ន្ធ និងជួយទប់ស្កាត់គ្រោះថ្នាក់នានានោះ ម្ល៉េះភពផែនដីរបស់យើងមិនដឹងខ្ទេចខ្ទីទៅជាយ៉ាងណាឡើយ។ អ្នកវិទ្យាសាស្ត្របានចាត់ទុកភពព្រហស្បតិ៍នេះជា «អ្នកមានគុណរបស់ផែនដី»

ការអះអាងបែបនេះ ក៏ព្រោះតែកម្លាំងទំនាញនិងជំនោរដ៏ខ្លាំងមហិមារបស់ភពឧស្ម័នយក្សនេះ អាចគ្រប់គ្រងចលនារបស់អាចម៍ផ្កាយ និងសំណល់អវកាសនៅក្នុងតំបន់ក្រវាត់អាចម៍ផ្កាយ Asteroid Belt (នៃប្រព័ន្ធព្រះអាទិត្យយើង) ឱ្យស្ថិតក្នុងរបៀបរៀបរយ ដែលជាការទប់ស្កាត់មិនឱ្យមានអាចម៍ផ្កាយមកគំរាមកំហែងដល់សុវត្ថិភាពផែនដីបាន។ ប្រសិនបើគ្មានភពព្រហស្បតិ៍ទេ នោះភពផែនដីរបស់យើងនឹងរងការវាយប្រហារពីអាចម៍ផ្កាយខ្នាតធំៗ ក៏ដូចជាផ្កាយដុះកន្ទុយផងដែរ (យ៉ាងហោច១០០,០០០ឆ្នាំមានម្ដង) ហើយប្រាកដណាស់ជីវិតជីវ៉ាទាំងឡាយនឹងគ្មានឱកាសបានកកើត ឬក៏មិនអាចកកើតបានទៀតនោះឡើយ។

គួរជម្រាបថា ភពផែនដីរបស់យើងក៏ធ្លាប់រងគ្រោះពីការធ្លាក់អាចម៍ផ្កាយឈ្មោះ ឈីខស៊ូលូប (Chicxulub crater) កាលពីប្រមាណ៦៦លានឆ្នាំមុន ដែលធ្វើឱ្យពពួកដាយណូស័រ និងភាវរស់ប្រមាណ៩០ភាគរយត្រូវវិនាសហិនហោច នោះក៏ទំនងជាដោយសារមានការប៉ះទង្គិចរវាងអាចម៍ផ្កាយនៅតំបន់ក្រវាត់អាចម៍ផ្កាយ Asteroid Belt ដែលធ្វើឱ្យអាចម៍ផ្កាយឈីខស៊ូលូបខ្ទាតចេញពីដែនសង្គ្រោះរបស់ភពព្រហស្បតិ៍ ហើយក៏បន្តហោះមកបុក ឬធ្លាក់លើភពផែនដីតែម្ដង។ រង្វង់រណ្ដៅអាចម៍ផ្កាយឈីខស៊ូលូប ត្រូវបានបន្សល់ទុកនិងលាតសន្ធឹងនៅឧបទ្វីបយូកាតាន់ (Yucatán Peninsula) នៃប្រទេសម៉ិកស៉ិក៕