(ភ្នំពេញ)៖ មិនមែនមានតែនៅកម្ពុជា ឬក៏ពាក់ព័ន្ធនឹងសង្គមខ្មែរតែមួយនោះទេ ស្គរមហោធឹក គឺជាឧបករណ៍សិល្បៈ និងជាគ្រឿងសក្ការដ៏សំខាន់របស់មនុស្សតាំងពីសម័យបុរេប្រវត្តិ ដែលគេរកឃើញមាននៅសេសសល់លើទឹកដីប្រទេសឥណ្ឌា ប្រទេសចិន និងប្រទេសមួយចំនួននៅអាស៉ីអាគ្នេយ៍បច្ចុប្បន្ន។

ការស្រាវជ្រាវអំពីសង្គមបុរេប្រវត្តិ ត្រូវបានចាប់ផ្តើមធ្វើឡើងដោយពួកជនជាតិអឺរ៉ុប ខណៈក្នុងសង្គមរបស់ពួកអ្នកស្រាវជ្រាវនោះមិនដែលមានប្រើស្គរមហោធឹកដូចនៅអាស៉ីនោះឡើយ។ អាស្រ័យហេតុនេះ គេក៏ហៅស្គរនេះដោយពាក្យផ្សេងៗយោងទៅតាមលក្ខណៈពិសេស ឬជាតួនាទីស្គរនោះ។ ឧទាហរណ៍ អ្នកខ្លះហៅថា «ស្គរសំរឹទ្ធ» ដ្បិតឃើញថាធ្វើពីប្រភេទលោហៈបែបនោះមែន។ ជួនកាលហៅថា «ស្គរភ្លៀង» ដ្បិតគេយល់ថា ស្គរនេះអាចវាយក្នុងពិធីសុំទឹកភ្លៀង។ ពោលនេះ ស្ថិតនៅក្នុងការស្មានទេ គឺដោយសារឃើញរូបកង្កែបតិចឬច្រើន ដែលផ្សាបន្តុបភ្ជាប់លើគែមស្គរនោះតែម្តង។ ពុំតែប៉ុណ្ណោះ ជួនកាលកង្កែប២ឬ៣ជាន់ត្រួតលើគ្នាទៀតផង (ដែលគេយល់ថាវាពាក់គ្នា)។ ប្រការនេះហើយដែលធ្វើឲ្យគេនឹកឃើញថា ប្រហែលមានន័យទាក់ទងនឹងភ្លៀង។ ម៉្យាងទៀត ចំពោះអាស៊ីអាគ្នេយ៍ អ្នកស្រាវជ្រាវយល់រហូតមកទល់ពេលនេះថា ស្គរមហោរធឹកស្ថិតនៅក្នុងអារ្យធម៌ចាស់មួយនាសម័យបុរេប្រវត្តិ ដែលគេហៅថា «អារ្យធម៌ដុងសឺន»។ បានជាប្រើពាក្យថាដុងសឺន មកពីស្ថានីយសំខាន់មួយក្នុងអារ្យធម៌នោះស្ថិតនៅតំបន់មួយនៃភាគកណ្តាលប្រទេសវៀតណាម ដែលសព្វថ្ងៃឈ្មោះដុងសឺងដូច្នោះឯង។

នៅប្រទេសកម្ពុជា គេបានរកឃើញស្គរមហោធឹកនៅតាមខេត្តមួយចំនួន ដូចជា សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពត កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែងជាដើម រីឯងនៅខេត្តធ្លាប់ជាអតីតដែនដីខ្មែរក៏បានរកឃើញវត្តមានស្គរនេះដែរ ដូចជា ខេត្តសុខោទ័យ ឧត្តរាទិត្យ ឈៀងរ៉ៃ ណាន (ភាគខាងជើងប្រទេសថៃ) រហូតដល់ខេត្តនគរស្រីធម្មរាជ (ភាគខាងត្បូងប្រទេសថៃ) ជាដើម។

យោងតាមការស្រាវជ្រាវរបស់អ្នកឯកទេសចិន ស្គរមហោធឹកសំរឹទ្ធ ដែលជាទីពេញនិយមរបស់ជនជាតិចិននាសម័យបុរេប្រវត្តិ ហើយកំពុងតែទទួលការពេញនិយមនៅក្នុងភូមិភាគខាងត្បូង ជាពិសេសនៅខេត្តយូណាននៅឡើយនោះ គឺជាសមិទ្ធផលរបស់ជាតិសាសន៍ចិនសុទ្ធសាធ។ ស្គរមហោរធឹកសំរឹទ្ធដែលមានចំណាស់ចាស់ជាងគេ គឺស្ថិតក្នុងស្ថានីយមួយចំនួននាព្រំប្រទល់ប្រទេសចិនសព្វថ្ងៃ ពោលគឺមានក្នុងតំបន់យូណា ហើយចុះកាលបរិច្ឆេទសតវត្សទី៦មុនគ.ស។ រីឯចំណែកស្គរដែលគេរកឃើញនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ដូចជានៅកម្ពុជាមានអាយុត្រឹមតែសតវត្សទី៥មុនគ.ស ដល់សតវត្សទី១នៃគ.សប៉ុណ្ណោះ។ លទ្ធផលនៃការស្រាវជ្រាវនេះ ជាព័ត៌មានប្រកបដោយលក្ខណៈវិទ្យាសាស្ត្រថា ស្គរបុរេប្រវត្តិនេះមានប្រភពចេញពីប្រទេសចិន ហើយនឹងត្រូវផលិតចេញពីតំបន់យូណាន។

នៅប្រទេសកម្ពុជា ស្គរមហោធឹកពុំមានចំនួនច្រើនណាស់ណាទេ បើប្រៀបទៅប្រទេសខ្លះទៀត។ ខ្លះតម្កល់ទុកនៅព្រះបរមរាជវាំង ខ្លះនៅតាមមន្ទីរវប្បធម៌ខេត្តនានា បើពោលពីសារមន្ទីរជាតិ ឃើញមាន៤ ក្នុងនោះស្គរលេខ៣ មកពីប្រទេសក្រៅទេ ដ្បិតជាអំណោយរាជរដ្ឋាភិបាលលាវជូនដល់ឥស្សរជនខ្មែរម្នាក់។

បើតាមលោកបណ្ឌិត មីសែល ត្រាណេ ឆ្នាំ២០១០ នៅស្ថានីយព្រហារ នាខេត្តព្រៃវែង គេបានរកឃើញក្រៅផ្លូវការនូវស្គរមហោធឹកមួយពីសំណាក់អ្នកស្រុក។ នៅលើស្គរនោះបង្ហាញបន្ថែមពីលើរូបភាពលម្អផ្សេងទៀត ដោយមានមនុស្សស្លៀកប៉ឹង២នាក់ ដែលដៃពួកគេកំពុងកាន់អាវុធមុខស្រួចវែងកំពុងប្រារព្ធពិធីបូជាយញ្ញសត្វក្របី។ ជាអកុសល អ្នកស្រុកបានលក់បន្តទៅឱ្យជនជាតិវៀតណាមបាត់ទៅ។ តឹកតាងតិចតួចនេះអាចឱ្យយើងសន្និដ្ឋានថា វាគួរជាស្នាដៃក្នុងស្រុកអាយ ជារបស់ដូនតាខ្មែរដែលចម្លងគំរូពីស្រុកចិន។

ក្នុងកំណាយស្រាវជ្រាវថ្មីៗនេះ គេបានប្រទះឃើញស្គរមហោរធឹកនៅតាមស្ថានីយមួយចំនួន ដូចជានៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលនៅសល់តែបំណែកតែប៉ុណ្ណោះ។ បើនៅស្ថានីយមេមត់ក្នុងតំបន់ដីក្រហមជាមួយគ្នា ក៏អ្នកស្រុករើសបានបំណែកស្គរមហោធឹកមួយដែរ ដែលជាផ្នែកកណ្តាលផ្ទៃស្គរ។ ពោលមកយ៉ាងនេះ មកអំពីឃើញរូបក្បាច់ដែលមនុស្សសម័យបច្ចុប្បន្នយល់ថាជាផ្កាយ ហើយដែលតែងតែនៅចំកណ្តាលផ្ទៃស្គរដូច្នោះមែន។ ជួនកាលកំណាយដែលអ្នកស្រាវជ្រាវធ្វើ គឺធ្វើឡើងក្រោយពីមានការគាស់កកាយរុករកបុរាណវត្ថុ ដើម្បីជួញដូរប៉ុណ្ណោះ ដូចមានរូបមួយដែលថតនៅស្ថានីយមួយនៅភូមិព្រហារ ឃុំជ្រៃ ស្រុកព្រៃវែង ខេត្តព្រៃវែង កាលពីខែមីនា ឆ្នាំ២០០៧ ដែលជាទីកប់ខ្មោចជំនាន់បុរេប្រវត្តិ។ ស្គរមហោរធឹកដែលឃើញនេះ ពុំត្រឹមតែគេយកទៅកប់ជាមួយសពក្នុងន័យថាជាវត្ថុសក្ការៈប៉ុណ្ណោះទេ គឺគេឃើញថាពេលកប់នោះគេបញ្ចូលក្បាលសពទៅក្នុងស្គរនោះតែម្តង មិនតែប៉ុណ្ណោះក៏ថែមទាំងមានសំណល់គ្រឿងអលង្ការ និងវត្ថុដទៃទៀតនៅលាយឡំជាមួយផង៕