(ភ្នំពេញ)៖ កាលពីជាង១០០ឆ្នាំមុន មានមន្ត្រីកុងស៊ុលជនជាតិបារាំងម្នាក់បានរាយការណ៍ពីតម្រុយអាចម៍ផ្កាយដ៏ធំមួយ មានទទឹង១០០ម៉ែត្រ ស្ថិតនៅប្រទេសម៉ូរីស (ជាភាសាបារាំង) ឬប្រទេសម៉ូរីតានី (Mauritania)។ ជនជាតិបារាំងនោះហៅអាចម៍ផ្កាយនេះថា «ភ្នំដែក» ខណៈអ្នកវិទ្យាសាស្ត្រទូទៅបានហៅវាថា Chinguetti meteorite (ឈីងហ្កឺតធី ម៉េធាអើរ៉ាយតិ៍)។

ការរាយការណ៍នេះធ្វើឡើងតាំងពីឆ្នាំ១៩១៦ ដោយមន្ត្រីនៅស្ថានកុងស៊ុលបារាំងម្នាក់ឈ្មោះ Gaston Ripert (ហ្គាស្តង់ រីពែរ) បានប្រកាសប្រាប់សហការីរបស់លោកថា  «អ្នកស្រុកនៅក្នុងតំបន់នោះបាននាំលោកទៅកាន់ភ្នំដែក» មួយនៅឯវាលខ្សាច់សាហារ៉ា មានចម្ងាយ៤៥គីឡូម៉ែត្រពីទីក្រុង Chinguetti ប្រទេសម៉ូរីស (Mauritania) ភាគពាយព្យទ្វីបអាហ្រ្វិក។ លោក Ripert បានប្រាប់គេទៀតថា ភ្នំដែកនោះមានទទឹងដល់ទៅ១០០ម៉ែត្រឯណោះ ហើយលោកថែមទាំងយកដុំដែកទម្ងន់៤.៥គីឡូក្រាមមកបង្ហាញ ដែលលោកអះអាងថាជាបំណែកនៃភ្នំដែកនោះ។

អ្នកវិទ្យាសាស្ត្រជាច្រើនបានសិក្សាពីសេចក្ដីរាយការណ៍របស់លោក Gaston Ripert និងពិនិត្យមើលតំបន់ដែលគាត់ថាបានឃើញភ្នំដែកនោះ ប៉ុន្តែរហូតមកដល់ពេលនេះ ទីតាំងនោះមិនត្រូវបានរកឃើញសោះឡើយ។ អ្នកវិទ្យាសាស្ត្រ៣រូបរបស់ចក្រភពអង់គ្លេស មាន Robert Warren (រ៉ូបឺត វ័ររិន) Stephen Warren (ស្តេហ្វិន វ័ររិន) និង Ekaterini Protopapa (អេកាថឺរីនី ប្រូតូប៉ាប៉ា) បានពោលថា៖ ប្រសិនបើមានអាចម៍ផ្កាយឈីងហ្កឺតធី ឬភ្នំដែកដូចដែលលោក រីពែរ និយាយមែន នោះវានឹងបំបែកកំណត់ត្រាជា «អាចម៍ផ្កាយដ៏ធំបំផុតនៅលើពិភពលោក» ជាមិនខាន។

ទោះជាយ៉ាងណា ក្នុងការសិក្សាថ្មីៗបន្ថែមពីលើការពិនិត្យឡើងវិញនូវតម្រុយដែលមានស្រាប់ Robert, Stephen និង Ekaterini ដែលជាអ្នកវិទ្យាសាស្ត្រជំនាន់ក្រោយ ក៏បានស្រាវជ្រាវផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ដើម្បីបកស្រាយនូវអាថ៌កំបាំងនេះ។ អាស្រ័យហេតុនេះ ការអវត្ដមាននៃរណ្ដៅដីអាចបណ្ដាលមកពីអាចម៍ផ្កាយធ្លាក់នៅមុំទាបបំផុតមុនពេលបុកដី។ ការស្វែងរកនាគ្រាដើមឡើយ មិនទទួលបានលទ្ធផលអ្វីទាំងអស់ ប្រហែលដោយសារតែភ្នំដែកនោះ ត្រូវបានគ្របដណ្ដប់ដោយខ្សាច់ ឬក៏ការស្វែងរកខុសទីតាំង។

គួរឱ្យចាប់អារម្មណ៍ថា Ripert បានពណ៌នាថា មាន ម្ជុល «លោហៈ» នៅក្នុងអាចម៍ផ្កាយនោះ ហើយគាត់បានព្យាយាមយកវាចេញ ប៉ុន្តែយកចេញមិនបានឡើយ។ Robert, Stephen និង Ekaterini ស្មានថារចនាសម្ពន្ធបំពង់ទាំងនេះអាចជាដំណាក់កាលដែកនីកែល ដែលគេហៅថា «រចនាសម្ពន្ធថមសុន»។ ទ្រឹស្ដីរចនាសម្ពន្ធនេះមិនទាន់បង្កើតឡើងនៅឆ្នាំ១៩១៦នៅឡើយទេ ដូច្នេះវាមិនទំនងដែល Ripert ប្រឌិតការសង្កេតបែបនេះឡើយ។

ក្នុងការសិក្សាក្រោយៗមកទៀត ក្រុមអ្នកជំនាញបានបន្តស្រាវជ្រាវតាមរយៈប្រព័ន្ធរ៉ាដា និងការសម្ភាសជាមួយអ្នកជិះអូដ្ឋឆ្លងកាត់ជាលើកដំបូង ដើម្បីធ្វើមូលដ្ឋានីយកម្មកន្លែងចាស់របស់ Gaston Ripert។ ដោយ​ផ្អែក​លើទីតាំង​ខ្សាច់​ខ្ពស់​ល្មមដែល​អាច​លាក់​អាចម៍​ផ្កាយ​យក្សបាននោះ ក្រុម​ស្រាវជ្រាវ​បាន​កំណត់​តំបន់​គួរឱ្យសង្ស័យ​មួយ​ចំនួន។ ម្យ៉ាងវិញទៀត នៅខែមករា ឆ្នាំ២០២៣ ពួកគេក៏បានស្នើសុំទិន្នន័យស្ទាបស្ទង់ដែនអាកាស (PRISM) ពីក្រសួងរ៉ែនិងថាមពលប្រេងរបស់ប្រទេសម៉ូរីស ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានសិទ្ធិចូលប្រើប្រាស់នៅឡើយទេ។ វិធីមួយទៀត គឺស្កេនតំបន់ដោយថ្មើរជើង ដើម្បីរកមើលអាចម៍ផ្កាយ Chinguetti នោះ ប៉ុន្តែវានឹងចំណាយពេលច្រើន។

ក្រុមការងារបានសរសេរថា៖ «ប្រសិនបើលទ្ធផលមិនមានភាពវិជ្ជមាន អាថ៌កំបាំងនៃរឿងរ៉ាវរបស់ Ripert នៅតែមិនអាចបកស្រាយបាន ហើយបញ្ហាម្ជុលលោហៈនោះនឹងនៅតែមាន»