(ភ្នំពេញ)៖ ព្យុះធំៗមិនមែនជាបាតុភូតចម្លែកនោះទេ តែវាជាបាតុភូតធម្មតាក្នុងបរិយាកាសរបស់ផែនដីយើង ខណៈនៅតំបន់ខ្លះកើតមានព្យុះជាប្រចាំទៅហើយ។ តើព្យុះឧស្សាហ៍កើតនៅតំបន់ណាញឹកញាប់ជាងគេ?
ក្នុងពិភពលោកសព្វថ្ងៃ គេឃើញមានព្យុះរាតត្បាតប្រមាណ៧តំបន់ ហើយជាញឹកញាប់កើតឡើងនៅមហាសមុទ្រអាត្លង់ទិក ពិសេសនោះគឺនៅតំបន់សមុទ្រការ៉ាអ៊ីប ឬការីបង់។ គេរាប់ឃើញមានប្រមាណជាង២០លើកជាមធ្យមក្នុងមួយឆ្នាំៗ នៅឆ្នាំ១៩៥៤ មានដល់ជាង៤០លើក។
ពួកនាវិកនាសម័យបុរាណតែងភ័យខ្លាចនៅពេលទៅដល់តំបន់កើតខ្យល់ព្យុះនាមហាសមុទ្រអាត្លង់ទិច ដោយទីនោះបច្ចុប្បន្នយើងកំណត់សម្គាល់ត្រង់ចន្លោះខ្សែស្រប៤០និង៥០។
គ្រោះមហន្តរាយទាំងនេះធ្វើឱ្យមនុស្សស្លាប់ច្រើនជាងគ្រោះរញ្ជួដី និងបន្ទុះភ្លើងទៅទៀត។ ជារៀងរាល់ឆ្នាំ ខ្យល់ព្យុះសម្លាប់មនុស្សប្រមាណ២០,០០០នាក់ជាមធ្យម។
បើនៅមហាសមុទ្រឥណ្ឌាវិញ កើតឡើងតិចតួចប៉ុណ្ណោះ ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ១៩៧០ ព្យុះស៊ីក្លូនធំមួយបានវាយប្រហារមកលើឆ្នេរសមុទ្របេងហ្កាល់ ហើយធ្វើឱ្យមនុស្សស្លាប់ជាង៣០០,០០០នាក់នៅប្រទេសបង់ក្លាដេស។ នោះគឺជាគ្រោះមហន្តរាយឧតុភូតធំបំផុតប្រចាំសតវត្សទី២០៕