(ភ្នំពេញ)៖ Tsar Bomba ដែលមានន័យជាភាសារុស្សីថា «ស្តេចគ្រាប់បែក» និងមានឈ្មោះផ្លូវការថា «RDS-220» ជាគ្រាប់បែកនុយក្លេអ៊ែររបស់សហភាពសូវៀត ដែលត្រូវបានបំផ្ទុះសាកល្បងលើកោះ Novaya Zemlya នៅឯមហាសមុទ្រអាក់ទិក (ប៉ូលខាងជើង) កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ១៩៦១។ វាជាប់ឈ្មោះជាគ្រាប់បែកនុយក្លេអ៊ែរមានកម្លាំងខ្លាំងបំផុត ដែលត្រូវបានបំផ្ទុះធ្វើតេស្ត។

គ្រាប់បែកនេះត្រូវបានផលិតឡើងដោយរូបវិទូល្បីៗរបស់សហភាពសូវៀត ក្នុងនោះរួមមានទាំងលោក អាន់ដ្រេ សាខារ៉ូវ (Andrey Sakharov) ផងដែរ នៅឆ្នាំ១៩៦១ ជាពេលដែលសង្គ្រាមត្រជាក់រវាងសូវៀត និងសហរដ្ឋអាមេរិកមានភាពតានតឹងកាន់តែខ្លាំងឡើង។ គ្រាប់បែកនុយក្លេអ៊ែរ Tsar Bomba អាចមានកម្លាំងរហូតដល់១០០មេហ្កាតោនឯណោះ ប៉ុន្តែឥទ្ធិពលនៃការផ្ទុះក្នុងកម្លាំងខ្ពស់បែបនេះ ត្រូវគេយល់ថាវាហាក់ដូចជាគ្រោះថ្នាក់ខ្លាំងពេកសម្រាប់ស្ថានភាពធ្វើតេស្ត។

ដូច្នេះហើយវាត្រូវបានគេកែប្រែឲ្យបញ្ចេញថាមពលនៅត្រឹម៥០មេហ្កាតោនវិញ ដែលបើតាមការប៉ាន់ស្មានគឺប្រហែលស្មើនឹង៣,៨០០ដងនៃកម្លាំងគ្រាប់បែកនុយក្លេអ៊ែរ ដែលអាមេរិកបានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា នាអំឡុងសង្គ្រាមលោកលើកទី២ ហើយប្រតិកម្មនុយក្លេអ៊ែររបស់វា ក៏ត្រូវបានគេកែសម្រួលផងដែរ ដើម្បីបន្ថយឥទ្ធិពលក្រោយការបំផ្ទុះ សម្រាប់ការធ្វើតេស្ត។ Tsar Bomba ជាប្រភេទ គ្រាប់បែកនុយក្លេអ៊ែរ Hydrogen ឬ Thermonuclear ដែលមានអានុភាពខ្លាំងឆ្ងាយជាងពួកគ្រាប់បែកនុយក្លេអ៊ែរជំនាន់ទី១ ប្រភេទ Atomic ខណៈគ្រាប់បែកនុយក្លេអ៊ែរពីរគ្រាប់ ដែលអាមេរិកប្រើ គឺជាប្រភេទ Atomic នេះ។

ចុងក្រោយគ្រាប់បែកនោះមានទម្ងន់២៧តោន ជាមួយបណ្តោយប្រវែង៨ម៉ែត្រ និងអង្កត់ផ្ចិត២ម៉ែត្រ។ ទោះមានឈ្មោះផ្លូវការ RDS-220 ក៏ដោយ វាទទួលបានរហស្សនាមជាច្រើន ក្នុងនោះរហស្សនាមដែលលេចធ្លោជាងគេគឺ Tsar Bomba ដែលមានន័យ «ស្តេចគ្រាប់បែក» នៅក្នុងចំណោមបណ្តាប្រទេសលោកខាងលិច។

យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងធុន Tu-95V ត្រូវបានកែច្នៃសម្រាប់ដឹកគ្រាប់បែកនុយក្លេអ៊ែរនេះ។ គ្រាប់បែក Tsar Bomba ត្រូវបានបំពាក់នូវឆ័ត្រយោងពិសេសមួយ ដែលនឹងជួយបន្ថយល្បឿនទម្លាក់ខ្លួនរបស់វា ដើម្បីអនុញ្ញាតឲ្យយន្តហោះនោះអាចទៅដល់ចម្ងាយសុវត្ថិភាពពីចំណុចផ្ទុះបានទាន់ពេលវេលា។

យន្ដហោះ Tu-95V បានហោះហើរចេញពីឧបទ្វីបកូឡានៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦១ ហើយវាត្រូវបានចូលរួមអមដំណើរដោយ យន្តហោះសង្កេតការណ៍មួយគ្រឿងផងដែរ។ នៅម៉ោងប្រមាណ១១៖៣២នាទីព្រឹក (ពេលវេលានៅទីក្រុងម៉ូស្គូ) គ្រាប់បែក Tsar Bomba ត្រូវបានទម្លាក់ពីលើទីតាំងធ្វើតេស្ត Mityushikha Bay ដែលស្ថិតនៅកោះណូវ៉ាយ៉ា ហ្សេមលីយ៉ា (Novaya Zemlya)។

វាបានផ្ទុះនៅកម្ពស់៤គីឡូម៉ែត្រពីផ្ទៃដី ហើយបង្កើតចេញជាដុំពពកផ្សែងមានរូបរាងដូចផ្សិត ដែលជះដល់កម្ពស់ជាង៦០គីឡូម៉ែត្រ។ ពន្លឺនៃការបំផ្ទុះរបស់វាវិញ អាចត្រូវមើលឃើញបាននៅដល់ចម្ងាយប្រមាណជាង១,០០០គីឡូម៉ែត្រពីតាំងនោះ។ សេវើនី (Severny) ដែលជាភូមិមួយគ្មានមនុស្សរស់នៅ នៅចម្ងាយប្រហែល៥៥គីឡូម៉ែត្រ និងអគារនានាដែលនៅចម្ងាយជាង១៦០គីឡូម៉ែត្រ ត្រូវបានបំផ្លិចបំផ្លាញ។ លើសពីនេះទៅទៀត បើតាមការប៉ាន់ស្មាន កម្ដៅភាយចេញពីការបំផ្ទុះនោះ អាចបង្កឱ្យមានការឆេះរលាកកម្រិតធ្ងន់ ចំពោះមនុស្សនិងសត្វ ដែលស្ថិតនៅចម្ងាយរហូតដល់១០០គីឡូម៉ែត្រ។

ទោះបីការអភិវឌ្ឍគ្រាប់ Tsar Bomba ទទួលបានភាពជោគជ័យក៏ពិតមែន គ្រាប់បែកនុយក្លេអ៊ែរនេះ មិនដែលធ្លាប់ត្រូវបានពិចារណាយកទៅប្រើប្រាស់ជាក់ស្តែងនោះឡើយ។ ដោយសារតែទំហំរបស់វា គ្រាប់បែកនេះពុំអាចបំពាក់នៅលើមីស៉ីលផ្លោងបាលីស្ទិកបានឡើយ។ ផ្ទុយទៅវិញ វាត្រូវការយន្តហោះដើម្បីដឹកទៅកាន់គោលដៅ ដែលមិនមែនជាមធ្យោបាយល្អទេ ទោះបីអាមេរិកធ្លាប់ប្រើវិធីសាស្រ្តនេះ ដើម្បីទម្លាក់គ្រាប់បែកបរមាណូនៅជប៉ុន កាលពីសម័យសង្រ្គាមលោកក៏ដោយ។

ហេតុដូច្នេះហើយគ្រាប់បែកនុយក្លេអ៊ែរ Tsar Bomba ត្រូវបានគេចាត់ទុកថា ជាសព្វាវុធឃោសនាមួយតែប៉ុណ្ណោះរបស់សូវៀត។ ក្រោយការបំផ្ទុះធ្វើតេស្តឆ្នាំ១៩៦១ មានកិច្ចប្រឹងប្រែងកាន់តែសស្រាក់សស្រាំឡើង ដើម្បីរឹតត្បិតសកម្មភាពបំផ្ទុះសាកល្បងអាវុធនុយក្លេអ៊ែរ។ ទីបំផុតនៅឆ្នាំ១៩៦៣ សន្ធិសញ្ញាមួយដែលហាមឃាត់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនៅទីអវកាស នៅក្រោមផ្ទៃទឹក និងនៅក្នុងបរិយាកាស ពោលវាអាចប្រព្រឹត្តទៅបានតែនៅក្រោមដីប៉ុណ្ណោះ ត្រូវបានចុះហត្ថលេខដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត ហើយក្រោយមក ប្រទេសជាច្រើនផ្សេងទៀតក៏បានចូលរួមក្នុងសន្ធិសញ្ញានេះផងដែរ៕