(សៀមរាប)៖ ប្រាសាទអកយំ ត្រូវបានកសាងឡើងដំបូងនៅសតវត្សទី៧ ចាប់ពីរជ្ជកាលព្រះមហាក្សត្រិយ៍ជ័យទេវី (ព្រះនាងជយទេវី) នាចុងសម័យចេនឡា តាមទម្រង់រចនាបថកំពង់ព្រះ ដើម្បីឧទ្ទិសចំពោះព្រះសិវៈ ឬព្រះឥស្វរៈ ឬព្រះឥសូរ (ព្រហ្មញ្ញសាសនា) ដែលក្រោយមកត្រូវបានរកឃើញដោយជនជាតិបារាំងនៅឆ្នាំ១៩៣២ ខណៈទីតាំងបច្ចុប្បន្នស្ថិតនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
* បេះដូងនៃអមរេន្ទ្របុរៈ
ចំណុចពិសេសបំផុតរបស់ប្រាសាទអកយំ គឺធ្លាប់មានតួនាទីជាស្នូលនៃទីក្រុងបុរាណមួយនាចុងសម័យចេនឡា នោះគឺអមរេន្ទ្របុរៈ។ នេះបើតាមប្រវត្តិវិទូជនជាតិបារាំង លោក ប៊ែរណា ហ្វីលីព គ្រួស្លីយើរ (Bernard Philippe Groslier)។ ម្យ៉ាងទៀត ព្រះបាទជ័យវរ្ម័នទី២ ឬជយវម៌្មទី២ (៨០២-៨៥០) បន្ទាប់ពីច្បាំងបណ្ដេញពួកជ្វាឈ្លានពានចេញពីប្រទេសកម្ពុជាហើយនោះ ព្រះអង្គក៏បានបន្តបំពេញព្រះរាជបូជនីយកិច្ចបង្រួបបង្រួមជាតិដែលធ្លាប់មានការបែកបាក់គ្នា ដោយព្រះអង្គបានយាងទៅគង់នៅតាមទីក្រុងជាច្រើនដែលត្រួតត្រាដោយក្សត្របុរីប្រចាំតំបន់រៀងៗខ្លួន (ស្ដេចត្រាញ់) ក្នុងនោះព្រះបាទជយវម៌្មទី២ក៏បានយាងទៅអមរេន្ទ្របុរនេះផងដែរ មុនយាងទៅភ្នំគូលែនដើម្បីកសាងរាជធានីធំចុងក្រោយដែលមានឈ្មោះថា មហេន្ទ្របវ៌្វត។
* អតីតកាលដ៏ពិសិដ្ឋ
ប្រាសាទអកយំ មានខឿន៣ជាន់ និងមានប្រាង្គចំនួន១២ ដែលព័ទ្ធដោយកំពែងជញ្ជាំងធ្វើអំពីឥដ្ឋ។ ប្រាសាទនេះកសាងឡើងដំបូងក្នុងសតវត្សទី៧ និងទី៨ និងបន្តសាងសង់បន្ថែមនៅដើមសតវត្សទី១១។ សិលាចារឹកដែលបានរកឃើញនៅលើសសរ ក៏បានបញ្ជាក់ប្រាប់ពីកាលបរិច្ឆេទស្ថាបនាប្រាសាទអកយំផងដែរ គឺនៅឆ្នាំ៦០៩ ឆ្នាំ៧០៤ (សម័យចេនឡា) និងឆ្នាំ១០០១ (សម័យអង្គរ)។ ក្នុងពេលកសាងបារាយណ៍ខាងលិច នាសតវត្សទី១១ (សម័យអង្គរ) ផ្នែកខ្លះនៃប្រាសាទនេះត្រូវបានកប់ដោយទំនប់ខាងត្បូង។ យោងតាមប្រភពសិលាចារឹក K.749 និង K.753 គួបផ្សំជាមួយលក្ខណៈសិល្បៈស្ថាបត្យកម្ម និងរូបសំណាកបុរាណមួយចំនួន ដូចជាក្បាច់ផ្តែរ និងរូបស្រីទេពអប្សរមួយនៅលើជញ្ជាំងខាងជើងនៃប្រាសាទមួយ ស្ថិតនៅទិសខាងត្បូងឆៀងខាងកើតនៃខឿនទី២ និងចម្លាក់តោពាក់ស្នែងជាដើម គេអាចដឹងយ៉ាងប្រាកដនូវចំណាស់នៃប្រាសាទអកយំ ស្ថិតនៅក្នុងរចនាបថព្រៃក្មេង។ ជាការពិត
នាសតវត្សទី១១ (សម័យអង្គរ) ប្រាសាទនេះត្រូវបានជួសជុលតុបតែងឡើងវិញ ដើម្បីទុកជាទីគោរពសក្ការៈ និងបានបន្សល់សិលាចារឹក K.753 និងចម្លាក់នព្វគ្រោះដែលជាទេវតារក្សាទិសទាំង៩នៃចក្រវាឡ ដែលគេបានប្រទះឃើញនៅខាងត្បូងនៃប្រាង្គជ្រុងនិរតីនៃប្រាសាទអកយំ។ ម៉្យាងទៀត មុនការស្ថាបនាបារាយណ៍ទឹកថ្លានោះ ប្រាសាទអកយំគឺជាបូជនីយដ្ឋានមួយយ៉ាងសំខាន់ ដែលគេឧទ្ទិសចំពោះព្រះសិវៈឈ្មោះ គម្ពីរេស្វរៈ។ គម្ពីរេស្វរៈ ក៏ទំនងជាឈ្មោះដើមនៃប្រាសាទអកយំផងដែរ។
* ទិដ្ឋភាពទូទៅ
វត្តមានរបស់ប្រាសាទអកយំបានបង្ហាញឱ្យដឹងថា ក្នុងតំបន់អង្គរ-សៀមរាបបច្ចុប្បន្នក៏ធ្លាប់មានសំណង់ស្ថាបត្យកម្មខ្លះដែរកាលពីសម័យបុរេអង្គរ ប៉ុន្តែមកដល់សម័យអង្គរ ប្រាសាទនិងសំណង់ស្ថាបត្យកម្មទាំងនោះក៏ត្រូវបានបាក់ស្រុត ឬលិចក្រោមដី និងត្រូវបានលុបដោយសំណង់ថ្មីៗនាសម័យអង្គរ តួយ៉ាងដូចជាប្រាសាទអកយំនេះ ផ្នែកមួយចំនួនក៏ត្រូវបានកប់ក្រោមដីទំនប់ខាងត្បូងនៃបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា។ សូមជម្រាបថា បារាយណ៍ទឹកថ្លា គឺត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឧទ័យាទិត្យវរ្ម័នទី២ ឬឧទយាទិត្យវម៌្មទេវទី២ (១០៥០-១០៦៦)។ ប្រាសាទអកយំរងនូវការខូចខាតតាំងពីមុនបារាំងរកឃើញមកម្ល៉េះ ដោយសាររចនាសម្ពន្ធមួយផ្នែកនៃប្រាសាទត្រូវបានកប់ក្រោមទំនប់បារាយណ៍។ មិនតែប៉ុណ្ណោះ ដើមឈើក៏បានដុះចាក់ឫសបំផ្លាញប្រាសាទ ម្យ៉ាងក៏បណ្ដាលមកពីកម្សោយរចនាសម្ពន្ធគ្រឹះមិនអាចទ្រទម្ងន់សង្កត់របស់តួប្រាសាទទាំងមូល ការលួចជីករកវត្ថុបុរាណ ឥដ្ឋពុកផុយ ការបំផ្លាញដោយបរិស្ថានមានរុក្ខជាតិ ស្លែ ទឹក សីតុណ្ហភាព អាកាសធាតុ រំញ័រយានយន្តដែលបរកាត់បុរាណដ្ឋាន បាយអរអស់គុណភាព និងកង្វះការថែទាំជាដើម។
* កិច្ចការជួសជុល
ដើម្បីសង្គ្រោះប្រាសាទនេះឱ្យផុតពីគ្រោះថ្នាក់ អាជ្ញាធរជាតិអប្សរាបានជួសជុលទៅតាមដំណាក់កាល។ ដំណាក់កាលទី១ សម្អាតប្រាសាទ ត្រួសត្រាយព្រៃ សម្អាតកំណកដី សម្រង់ប្លង់ជុំវិញប្រាសាទ និងពង្រឹងខឿនខាងត្បូងនៃប្រាង្គកណ្តាល។ ដំណាក់កាលទី២ ក្រុមការងារបន្តពង្រឹងប្រាង្គកណ្តាល ពង្រឹងនិងជួសជុលខឿនផ្នែកខាងត្បូង ខាងលិច ខាងកើត និងខាងជើង។ នៅផ្នែកខាងជើង ក្រុមការងារបានដំឡើងស៊ុមទ្វារដែលធ្វើពីថ្មភក់ឱ្យឈរឡើងវិញ ដែលគេបានធ្វើបន្ថែមលើសំណង់ចាស់កាលពីសតវត្សទី១០ឱ្យដូចដើម។ បន្តពីនោះ ក្រុមការងារបានដកដើមពោធិ៍ រើរានព្រះភូមិនៅផ្នែកខាងកើត ដែលជាច្រកចូលដ៏សំខាន់ ហើយពង្រឹងខឿនទី៣ និងកម្រាលខឿនដែលឫសដើមពោធិ៍បានចាក់ចូលធ្វើឱ្យខូចខាត រួចហើយពង្រឹងនិងជួសជុលខឿនប្រាង្គ ដំឡើងកាំជណ្តើរថ្មភក់ និងដាក់បង្កាន់ដៃឥដ្ឋសងខាង។ ចំណែកនៅកណ្តាលប្រាង្គ ក្រុមការងារបានរៀបចំពង្រឹងជើងទម្រ និងលើកបំណែកជើងទម្រមកដាក់នៅទីតាំងដើមវិញ។ គោលបំណងនៃការជួសជុលប្រាសាទអកយំ គឺដើម្បីរួមចំណែកលើកតម្លៃប្រាសាទនេះឱ្យផុតពីការបំផ្លាញរបស់ធម្មជាតិ បរិស្ថាន និងមនុស្ស ឱ្យសមតម្លៃជាបេតិកភណ្ឌពិភពលោក។ ក្រោយបញ្ចប់គម្រោងជួសជុលក៏មានភ្ញៀវទេសចរស្គាល់ច្រើន និងមកទស្សនាច្រើនដូចបារាយណ៍ដែរ ដើម្បីសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រ បរិស្ថាន ការជួសជុល សំណង់ប្រាសាទភ្នំដែលមានវ័យចំណាស់ជាងគេនៅក្នុងតំបន់រមណីយដ្ឋានអង្គរ៕