(ភ្នំពេញ)៖ ជាទូទៅ នៅប្រទេសកម្ពុជា ក៏ដូចជាប្រទេសដទៃទៀត ថ្ងៃរះតែងតែប្រព្រឹត្តទៅចន្លោះម៉ោង៥-៧ព្រឹក ហើយថ្ងៃលិចតែងតែប្រព្រឹត្តទៅចន្លោះម៉ោង៥-៧ល្ងាច ប៉ុន្តែនៅទីក្រុង Kashgar នាភាគខាងលិចប្រទេសចិន បែរជាថ្ងៃរះនៅចន្លោះម៉ោង៨-៩ព្រឹក ហើយថ្ងៃនៅចន្លោះម៉ោង៩-១០យប់ទៅវិញ។ នេះជាចំណុចមួយដែលអាចនិយាយបានថាជារឿងចម្លែកនៅលើផែនដី តែមិនសូវមានអ្នកចាប់អារម្មណ៍។

ចំណុចនេះ គឺដោយសារនៅលើទឹកដីដ៏ធំធេងនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនកំណត់ល្វែងម៉ោងក្នុងប្រទេសរបស់ខ្លួនតែមួយល្វែង ឬមួយម៉ោងដូចគ្នា ខណៈប្រទេសរបស់ខ្លួនត្រូវចែកល្វែងម៉ោងទៅ៥ម៉ោង​ឯណោះ ដូច្នេះហើយក៏ធ្វើឱ្យការផ្លាស់ប្ដូររវាងថ្ងៃនិងយប់នៅតំបន់ភាគខាងលិច ប្លែកខុសឆ្ងាយពីការផ្លាស់ប្ដូរនៅរដ្ឋធានីប៉េកាំង ពោលម៉ោងនៅទីក្រុង Kashgar នៃតំបន់ស្វយ័តស៉ីនជាំង (UTC+5) ខុសគ្នាជាមួយម៉ោងនៅទីក្រុងប៉េកាំងដល់ទៅ៣ម៉ោង (UTC+8)។ ជាក់ស្ដែងនៅថ្ងៃនេះ ថ្ងៃរះនៅទីក្រុង Kashgar ម៉ោង៨៖១៧នាទី (Sunrise Today:08:17:27 AM) ហើយថ្ងៃលិចនៅម៉ោង៩៖៣៩នាទី (Sunset Today:09:39:05 PM)។

កាតសម្រេចកំណត់ប្រទេសចិនទាំងមូលប្រើប្រាស់ស្ដង់ដាល្វែងម៉ោងតែ១ម៉ោងដូចគ្នានេះ គឺតាមការសម្រេចរបស់លោកប្រធាន ម៉ៅ សេទុង តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ៕