(ភ្នំពេញ)៖ ជាជោគជ័យគួរឱ្យកត់ស្គាល់មួយទៀតដែលសម្បត្តិបេតិកភណ្ឌវប្បធម៌ខេមរោត្តមបានវិលត្រឡប់មកវិលត្រឡប់មកកាន់មាតុប្រទេសវិញ ក្នុងនោះមានប្រតិមានិងបុរាណវត្ថុចំនួន៧០រូប ដែលបានបញ្ជូនពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និងពីអ្នកប្រមូលសមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក។ ពីធីប្រគល់-ទទួលប្រតិមានិងបុរាណវត្ថុទាំង៧០នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។
តើប្រតិមានិងបុរាណវត្ថុទាំងនេះមានឈ្មោះ ប្រភពដើម និងប្រវត្តិយ៉ាងណាខ្លះ?
១. ព្រះនរាយណ៍ផ្ទុំលើនាគអនន្ទ (Vishnu on Anantasayin) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថកោះកេរ ស.វ.ទី១០
២. ព្រះឥសូរ ឬព្រះឥស្វរៈ ឬព្រះសិវៈ (Shiva) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថបាខែង ស.វ.ទី១០ មានប្រភពដើមនៅប្រាសាទព្រៃមន្ទីរ ស្ថិតក្នុង តំបន់រលួស ខេត្តសៀមរាប
៣. ព្រះអធ៌នារីសូរ ឬអធ៌នារេស្វរៈ (Ardhanarishvara) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថកោះកេរ ស.វ.ទី១០
៤. ក្បាលបង្កាន់ដៃគ្រុឌចាប់នាគ (Naga-Garuda Balustrades) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថបាយ័ន្ត ស.វ.ទី១២
៥. ទេពប្រុស (Male Divinity) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថឃ្លាំង-អង្គរវត្ត ស.វ.ទី១១-១២
៦. ទេពស្រី (Female Divinity) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថកោះកេរ ស.វ.ទី១០
៧. ទេពប្រុស (Male Divinity) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថកោះកេរ-ប្រែរូប ស.វ.ទី១០
៨. អជ៌ុន ឬអរជូន (Arjuna) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថកោះកេរ-ប្រែរូប ស.វ.ទី១០ មានប្រភពនៅអភិរក្សដ្ឋានអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប
៩. ទេពស្រីព្រះហស្ដ៤ (ព្រះនាងទុគ៌ា?) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថកោះកេរ ស.វ.ទី១០
១០. ព្រះនាងប្រាជ្ញាបារមិតា ឬព្រះនាងប្រាជ្ញាបារមី (Prajnaparamita) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថបាយ័ន្ត ស.វ.ទី១២
១១. ធ្ឫស្ថទ្យុមន៍ (Dhrishtadyumna) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថកោះកេរ ស.វ.ទី១០ មានប្រភពដើមនៅប្រាសាទចិន នៃតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ
១២. ព្រះនាងប្រាជ្ញាបារមិតា ឬព្រះនាងប្រាជ្ញាបារមី (Prajnaparamita) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថបាយ័ន្ត ស.វ.ទី១២
១៣. ព្រះនាងប្រាជ្ញាបារមិតា ឬព្រះនាងប្រាជ្ញាបារមី (Prajnaparamita) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថបាយ័ន្ត ស.វ.ទី១២
១៤. ព្រះនរាយណ៍ ឬព្រះវិស្ណុ (Vishnu) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថឃ្លាំង ស.វ.ទី១០-១១
១៥. ព្រះនរាយណ៍ ឬព្រះវិស្ណុ (Vishnu) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថព្រៃក្មេង ពាក់កណ្ដាលស.វ.ទី៧
១៦. មាន៤រូបក្បែរគ្នា៖
* ព្រះនរាយណ៍ ឬព្រះវិស្ណុ (Vishnu) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថបាយ័ន្ត ស.វ.ទី១២-១៣
* ព្រះវិស្វកម៌ ឬព្រះពិស្ណុកា ជាចម្លាក់ធ្វើអំពីសំលោហៈទិបទឹកមាស រចនាបថបាយ័ន្ត ស.វ.ទី១២
* ព្រះនរាយណ៍ ឬព្រះវិស្ណុ (Vishnu) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថអង្គរវត្ត ស.វ.ទី១១-១២
* ព្រះនរាយណ៍ ឬព្រះវិស្ណុ (Vishnu) ជាចម្លាក់ធ្វើអំពីថ្មភក់ រចនាបថភ្នំដា ចុងស.វ.ទី៦-៧
១៧. មាន៤រូបក្បែរគ្នា៖
* កញ្ចាំង (Antefix) ធ្វើអំពីថ្មភក់ រចនាបថបន្ទាយស្រី ស.វ.ទី១០
* ព្រះសិរទេពប្រុស (ព្រះឥសូរ?) ធ្វើអំពីសំរឹទ្ធនិងប្រាក់ រចនាបថកោះកេរ? ឬរចនាបថប្រែរូប? ស.វ.ទី១០
* ព្រះសិរបដិមាព្រះនរាយណ៍ (Head of Vishnu) ធ្វើអំពីថ្មភក់ រចនាបថកំពង់ព្រះ ស.វ.ទី៧-៨ ប្រភពដើមនៅអូរដំបង ខេត្តបាត់ដំបង
* ដងខ្លួនទេពស្រី ធ្វើអំពីថ្មភក់ រចនាបថបាខែង? ឬរចនាបថព្រះគោ? ចុងស.វ.ទី៩
១៨. ព្រះអធ៌នារីសូរ (Ardhanarisvara) ធ្វើអំពីសំរឹទ្ធ សម័យមុនអង្គរ ស.វ.ទី៧-៨
១៩. ព្រះពោធិសត្វអវលោកេតិស្វរៈ ឬព្រះអវលោកេសូរ (Avalokasvara) ធ្វើអំពីសំរឹទ្ធ រចនាបថកោះកេរ ស.វ.ទី១០ ប្រភពដើមនៅអន្លង់កប់ (ទួលបល្ល័ង្ក?) ស្រុកមោងឫស្សី ខេត្តបាត់ដំបង
២០. ព្រះពោធិសត្វអវលោកេតិស្វរៈ ឬព្រះអវលោកេសូរ (Avalokasvara) ធ្វើអំពីសំលោហៈ រចនាបថប្រែរូប? ចុងស.វ.ទី១០-ដើមស.វ.ទី១១
២១. ព្រះពុទ្ធប្រក់នាគ (Buddha on Naga) ធ្វើអំពីភក់ រចនាបថបាយ័ន្ត ស.វ.ទី១២
២២. ផ្ដែរ (Lintel) ធ្វើអំពីថ្មភក់ រចនាបថឃ្លាំង-បាភួន ស.វ.ទី១០-១១
២៣. បំណែកហោជាង (ព្រះពុទ្ធកោរសក់សាងផ្នួស) ធ្វើអំពីថ្មភក់ រចនាបថបាភួន ស.វ.ទី១១
២៤. ផ្ដែរ (Lintel) ធ្វើអំពីថ្មភក់ រចនាបថកោះកេរ-ប្រែរូប ស.វ.ទី១០
២៥. ព្រះសិរទេវតា (Head of Devata) ធ្វើអំពីភក់ រចនាបថបាយ័ន្ត ស.វ.ទី១២
២៦. ក្បាលយក្ស (Head of Yaksa) ធ្វើអំពីភក់ រចនាបថបាយ័ន្ត ស.វ.ទី១២
២៧. ទ្វារបាល (Dvarapala) ធ្វើអំពីភក់ រចនាបថប្រែរូប ស.វ.ទី១០
២៨. យក្សទ្វារបាល (Yaksa Dvarapala) ធ្វើអំពីភក់ រចនាបថប្រែរូប? ពាក់កណ្ដាលស.វ.ទី១០
សូមជម្រាបថា គិតចាប់ពីឆ្នាំ១៩៩៦ រហូតដល់ខែកក្កដា ឆ្នាំ២០២៤ មានវត្ថុសិល្បៈខ្មែរសរុបចំនួន១,០៩៨វត្ថុ (ក្នុងនោះ ៥៧១វត្ថុ ប្រគល់ដោយសប្បុរជន និង ៥២៧វត្ថុ ប្រគល់ដោយរដ្ឋាភិបាលឬស្ថាប័ននានា) បានប្រគល់ត្រឡប់មកកម្ពុជាវិញពីប្រទេសចំនួន១៥ ដូចជា៖ សហរដ្ឋអាមេរិក បារាំង អូស្ត្រាលី អង់គ្លេស ថៃ ជប៉ុន ឥណ្ឌូណេស៊ី នែតដឺឡង់ (ហូឡង់) ស្វីស កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ហុងគ្រី ន័រវេស និងសាធារណរដ្ឋប្រជាមានិតចិន។
ជាក់ស្ដែង ក្នុងពិធីទទួលស្វាគមន៍សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនាថ្ងៃនេះ គឺមានប្រតិមាទេវៈ និងបុរាណវត្ថុសរុបចំនួន៧០ ដែលសុទ្ធសឹងតែជាវត្ថុបុរាណខ្មែរដ៏វិចិត្រ ក្នុងនោះ១៤រូប ទទួលពីសារមន្ទីរ Metropolitan Museum of Art នៅទីក្រុងញូវយ៉ក និង៥៦រូបទៀត ទទួលពីអ្នកប្រមូលសមុច្ច័យឯកជននានានៅសហរដ្ឋអាមេរិក៕