(សៀមរាប)៖ ប្រាសាទបី មានសម្រស់ក្រហមស្អាតស្រដៀងនឹងប្រាសាទក្រវាន់ដែរ ហើយក៏នៅមិនឆ្ងាយពីផ្លូវទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាបនោះឡើយ គ្រាន់តែមិនសូវមានអ្នកចូលទៅទស្សនា។ យ៉ាងណា បើបានឃើញប្រាសាទបុរាណនេះ គេប្រាកដជាលាន់មាត់សរសើរជាក់ជាមិនខាន។
ប្រាសាទបី ត្រូវបានកសាងឡើងនៅដើមសតវត្សទី១០ ក្នុងរាជ្យព្រះបាទយសោវម៌្មទី១។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រហែល៣០០ម៉ែត្រ ចន្លោះប្រាសាទភ្នំបាខែង-កសិន្ធុជុំវិញក្រុងអង្គរធំ ឬអាចនិយាយបានថានៅក្រោយប្រាសាទបក្សីចាំក្រុង។
ប្រាសាទបីនៅសល់ប៉មបីសំខាន់ដូចទៅនឹងប្រាសាទក្រវាន់ដែរ ដែលប៉មកណ្ដាលឧទ្ទិសថ្វាយព្រះសិវៈ ឬព្រះឥស្វរៈ ឬព្រះឥសូរ ចំណែលប៉មសងខាងឧទ្ទិសថ្វាយព្រះវិស្ណុ ឬព្រះនរាយណ៍ និងឧទ្ទិសថ្វាយព្រះព្រហ្ម។ បច្ចុប្បន្ន គេឃើញមាននៅសល់លិង្គព្រះឥសូរ នៅក្បែរខ្លោងទ្វារចូលពីខាងកើត ដែលនៅសល់តែស៊ុមទ្វារប៉ុណ្ណ៕