(ភ្នំពេញ)៖ មានអាវុធព្រួញភ្លើងដ៏សាហាវម្យ៉ាងរបស់អ្នកចម្បាំងជប៉ុននាសតវត្សទី១៥-១៦ ដែលត្រូវបានគេប្រៀបប្រដូចទៅនឹងរ៉ុក្កែត RPG បច្ចុប្បន្ន។ តើអាវុធនោះមានប្រវត្តិប្រើប្រាស់ និងអានុភាពខ្លាំងក្លាប៉ុនណា?
Hiya ឬព្រួញភ្លើង គឺជាគ្រាប់អាវុធមានប្រភេទទូលំទូលាយ ដែលត្រូវបានប្រើសម្រាប់ផ្ទុកគ្រឿងដុតបញ្ឆេះនិងគ្រឿងផ្ទុះ។ ពួកវាត្រូវបានប្រើដោយអ្នកចម្បាំងជប៉ុននាសម័យ Sengoku (1467-1567) ក្នុងទម្រង់ជាគ្រាប់ព្រួញ ឬគ្រាប់រ៉ុក្កែត ក្នុងចម្បាំងឡោមព័ទ្ធបន្ទាយឬទីក្រុងបុរាណ ព្រមទាំងចម្បាំងជើងទឹកផងក៏មាន។ គ្រាប់ដែលមានរូបរាងដូចទៅនឹងគ្រាប់រ៉ុក្កែត ត្រូវបានគេហៅថា Bōhiya ជាភាសាជប៉ុន ឬប្រែថា «ព្រួញភ្លើងវែង»។
សម្ភារសំណង់ដែលងាយរកបានបំផុតនៅជប៉ុន គឺឈើ ដែលបានមកពីធនធានព្រៃភ្នំដ៏ធំល្វឹងល្វើយរបស់ប្រទេសអាស៉ីខាងកើតមួយនេះ ហើយឈើគឺជាមធ្យោបាយចម្បងក្នុងការសាងសង់បន្ទាយ និងសំពៅ។ ដូចនេះភ្លើងជាអាវុធស្នូលដែលប្រើដោយក្រុមអ្នកចម្បាំង ដើម្បីវាយកម្ទេចបន្ទាយដែលនៅលើដីគោក និងទូកសំពៅនៅលើផ្ទៃទឹក។
ហ៊ីយ៉ៈ ដើមឡើយ គឺបាញ់ចេញពីធ្នូ ហើយក្រោយមកគឺបាញ់ចេញពីកាណុង ដើម្បីស្រោចទៅលើសត្រូវ។ មធ្យោបាយការពារអាវុធ បែបនេះ គឺប្រើបន្ទះដែកដើម្បីការពារសំំពៅ និងខ្លោងទ្វារ។ ចំណែកដំបូលក៏អាចប្រើក្បឿងសេរ៉ាមិច និងក្រោយមកទៀតក្បឿងលង្ហិន ដើម្បីទប់ទល់នឹងអណ្តាតភ្លើង។
Hiyaźutsu (ហ៉ីយ៉ៈហ្ស៊ូត្សឹ) គឺជាកាណុងដែលប្រើដូចជាកាំភ្លើងត្បាល់ (Mortar) សម័យទំនើបបច្ចុប្បន្ន ដើម្បីបាញ់ Bōhiya ឬព្រួញភ្លើងវែងពីចម្ងាយ។ កាណុងដែលអាចកាន់ដោយដៃ ក៏អាចប្រើដើម្បីបាញ់ព្រួញភ្លើងវែងបានដែរ។ ហ៊ីយ៉ៈធំបំផុត ត្រូវបានគេហៅថា Hōroku-Hiya (ហឺរ៉ូគុ-ហ៉ីយ៉ៈ)។ ពួកវាអាចនិយាយបានថាប្រៀបដូចជារ៉ុក្កែត RPG ( Rocket-Propelled Grenades) សព្វថ្ងៃ ដែលត្រូវបានរចនាឡើងដើម្បីសម្លាប់សត្រូវ និងបង្ករបួសធ្ងន់ ដោយសារតែកម្លាំងផ្ទុះ។ បំណែកគ្រាប់រ៉ុក្កែតសម័យបុរាណនេះ ក៏អាចកម្ទេចពាសដែកការពារបានថែមទៀងផង៕