(ភ្នំពេញ)៖ មនុស្សបង្កើតជំនឿ ហើយនៅពេលជំនឿរីកសាយភាយកាន់តែធំ និងមានអ្នកជឿមានអ្នកប្រតិបត្តិតាមកាន់តែច្រើន ក៏ក្លាយទៅជាសានសា។ ចំណែកលទ្ធិកើតចេញពីទស្សនវិជ្ជារបស់អ្នកប្រាជ្ញពីសម័យបុរាណ តែក៏មានលក្ខណៈប្រហែលនឹងសាសនាដែរ គឺបង្រៀនឱ្យមនុស្សអនុវត្ត ប្រតិបត្តិតាមទ្រឹស្ដីរបស់ទស្សនវិទូទាំងនោះ។

ខាងក្រោមនេះជាបណ្ដាសាសនា និងលទ្ធិដែលមានវ័យចំណាស់ទាំង១០នៅលើពិភពលោក៖

១០-ឥស្លាមសាសនា (Islamism)
ឥស្លាមសាសនា ត្រូវបានបង្កើតឡើងនៅឆ្នាំ៦១០នៃគ្រិស្ដសករាជ ក្រោមបុព្វហេតុរបស់ព្យាការី មហាំម៉ាត់ នាទីក្រុងម៉េក្កះ ប្រទេសអារ៉ាប៊ីសាអូឌីតសព្វថ្ងៃ។ មកដល់ឆ្នាំ២០២៤ សាសនាដ៏ធំនេះមានអាយុកាលប្រមាណជាង១,៤០០ឆ្នាំមកហើយ។

៩-គ្រិស្ដសាសនា (Christianism)
គិតចាប់ពីពេលដែលព្រះយេស៊ូគ្រិស្ដប្រសូត្រ និងមានជីវិតនៅលើផែនដីនេះ ក៏ស្របពេលនឹងកំណើតសាសនាគ្រិស្ដផងដែរ ពោលគឺមានអាយុកាលប្រមាណ១,៩៩០ឆ្នាំ ឬក៏ជិត២,០០០ឆ្នាំមកហើយ។ សាសនាគ្រិស្ដមានប្រភពដើមនៅប្រទេសអ៉ីស្រាអែលបច្ចុប្បន្ន។

៨-លទ្ធិស៉ិនតុ ឬទ្រឹស្ដីស៉ិនតុនិយម (Shintoism)
លទ្ធិស៉ិនតុ ត្រូវបានបង្កើតឡើងដំបូងតាំងពីប្រមាណឆ្នាំ៣០០មុនគ្រិស្ដសករា ក្នុងសម័យយ៉ាយូអ៉ិ (Yayoi) ក្នុងប្រទេសជប៉ុន។ មកដល់ឆ្នាំ២០២៤ លទ្ធិដ៏ពេញនិយមនៅជប៉ុនមួយនេះមានអាយុកាលប្រមាណជាង២,៣០០ឆ្នាំមកហើយ។

៧-លទ្ធិតាវ ឬទ្រឹស្ដីតាវនិយម (Taoism)
លទ្ធិតាវ ជាទ្រឹស្ដីរបស់អ្នកប្រាជ្ញចិនបុរាណដ៏ល្បីល្បាញ ឡៅជឺ ដែលត្រូវបានទទួលស្គាល់ទូទៅក្នុងសង្គមចិនបុរាណតាំងពីអំឡុងសតវត្សទី៤ ឬសតវត្សទី៣មុនគ្រិស្ដសករាជ ដែលមកដល់ពេលនេះមានអាយុកាលប្រមាណជាង២,៤០០ឆ្នាំមកហើយ។

៦-លទ្ធិខុងជឺ ឬទ្រឹស្ដីខុងជឺនិយម (Confucianism)
ទ្រឹស្ដីខុងជឺ គឺជាការអនុវត្តតាមការប្រៀនប្រដៅ និងទ្រឹស្ដីរបស់ទស្សនវិទូចិនបុរាណម្នាក់ទៀត គឺអ្នកប្រាជ្ញ ខុងជឺ តាំងពីចន្លោះឆ្នាំ៥៥០-៤៧៩មុនគ្រិស្ដសករាជ ខណៈមកដល់ឆ្នាំ២០២៤នេះ លទ្ធិខុងជឺមានអាយុកាលប្រមាណ២,៤៤៨ឆ្នាំមកហើយ។ លទ្ធិខុងជឺបានគ្របដណ្ដប់លើសង្គមចិនបុរាណអស់កាលជាយូរ និងសង្គមនៅប្រទេសកូរ៉េ ប្រទេសវៀតណាម និងពេលខ្លះក៏ទៅដល់ប្រទេសជប៉ុនផងដែរ។

៥-ពុទ្ធសាសនា (Buddhism)
ដូចយើងដឹងជាទូទៅថា ពុទ្ធសករាជបានឈានដល់ឆ្នាំ២៥៦៧ហើយ ដូច្នេះព្រះពុទ្ធសាសនាក៏មានអាយុកាល២,៥៦៧ឆ្នាំដែរ ពោលគឺរាប់ចាប់ពីព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វាន។ គួរជម្រាបថា ពេលវេលាដែលត្រូវឆ្លងពុទ្ធសករាជ គឺធ្វើឡើងក្នុងថ្ងៃពិសាខបូជា ឬវិសាខបូជា ដូច្នេះសូមកុំច្រឡំថាការឆ្លងពុទ្ធសករាជធ្វើឡើងនៅពេលចូលឆ្នាំថ្មីប្រពៃណីខ្មែរឱ្យសោះ ព្រោះបុណ្យចូលឆ្នាំខ្មែរគឺជាពេលឆ្លងឆ្នាំមហាសករាជ និងឆ្នាំចុល្លសករាជនោះទេ។

៤-សាសនាហ្សឺរ៉ូអាស្ទ្រី (Zoroastrianism)
សាសនានេះត្រូវបានបង្កើតឡើងដំបូងនៅក្នុងសង្គមពែរ្សបុរាណ តាំងពីសតវត្សទី៦មុនគ្រិស្ដសករាជមកម្ល៉េះ ពោលគឺមានអាយុកាលប្រមាណជាង២,៦០០ឆ្នាំមកហើយ។ ពិតណាស់ គេជឿថាសាសនាហ្សឺរ៉ូអាស្ទ្រីនេះ គឺជាឫសគល់នៃសាសនាធំៗ២ រួមមាន៖ សាសនាគ្រិស្ដនៅអ៉ីស្រាអែល និងសាសនាឥស្លាមរបស់អារ៉ាប់ ខណៈទឹកដីដែលជាប្រភពដើមនៃសាសនាទាំង២នេះ គឺសុទ្ធតែធ្លាប់នៅក្រោមអំណាចឥទ្ធិពលរបស់ចក្រភពពែរ្សពីបុរាណ។ រដ្ឋស្នងពីចក្រភពពែរ្សបុរាណ គឺប្រទេសអ៉ឺរ៉ង់សព្វថ្ងៃ។

៣-សាសនាជេន (Jainism)
សាសនាជេន គឺជាសាសនាដែលមានសាសនិកច្រើនគួរសមដែរនៅប្រទេសឥណ្ឌាបច្ចុប្បន្ន។ សាសនានេះត្រូវបានបង្កើតឡើងតាំងពីសតវត្សទី៧មុនគ្រិស្ដសករាជមកម្ល៉េះ ដែលមានអាយុកាលប្រមាណជាង២,៧០០ឆ្នាំមកហើយ។

២-សាសនាជូដា (Judaism)
ជនជាតិអ៉ីស្រាអែលជឿថា អាប្រាហាម ជាអ្នកបង្កើតឱ្យមានសាសនាជូដារបស់ពួកគេ តាំងពីឆ្នាំ១៨០០មុនគ្រិស្ដសករាជមកម្ល៉េះ ហើយមកដល់ពេលនេះ សាសនាជូដាមានអាយុកាលប្រមាណជាង៣,៨០០ឆ្នាំមកហើយ។

១-សាសនាហិណ្ឌូ (Hinduism)
យ៉ាងណាសាសនិកហិណ្ឌូជឿថា សាសនារបស់ពួកគេបានចាប់ផ្ដើមតាំងពី៨,០០០ឆ្នាំមុនមកម្ល៉េះ ដែលដើមឡើយមានប្រភពនៅជ្រលងទន្លេឥណ្ឌូសនៃប្រទេសឥណ្ឌាបច្ចុប្បន្ន។

សូមជម្រាបថា ចំពោះក្រុមមនុស្សដែលប្រកាន់ទស្សនៈមិនជឿលើសាសនាណាមួយ (Atheism) គឺមានប្រវត្តិលេចឡើងចេញពីអ្នកប្រាជ្ញទស្សនវិជ្ជានៅពិភពក្រិកបុរាណ តាំងពីសតវត្សទី៤មុនគ្រិស្ដសករាជ ខណៈមកដល់ពេលនេះ ទស្សនមិនជឿលើសាសនាបានពន្លាតពេលវេលាប្រមាណ២,៤៣០ឆ្នាំហើយ៕