(ភ្នំពេញ)៖ ឈូងសមុទ្រថៃ ដែលពិភពលោកស្គាល់ជាទូទៅនាពេលបច្ចុប្បន្ន ក៏ធ្លាប់ជាអធិបតេយ្យដែនសមុទ្ររបស់ខ្មែរដែរ ដែលអ្នកប្រវត្តិសាស្ត្រជាតិ-អន្តរជាតិនិយមហៅថា «ឈូងសមុទ្រខ្មែរ» ប៉ុន្តែឆ្លងកាត់ប្រវត្តិសាស្ត្ររាប់រយឆ្នាំមកនោះ ឈូងសមុទ្រខ្មែរក៏ក្លាយឈ្មោះទៅជាឈូងសមុទ្រសៀម ដោយសារតែរាជាណាចក្រសៀមមានឥទ្ធិពលគ្រប់គ្រងភាគច្រើននៅលើដែនសមុទ្រចាប់ពីសតវត្សទី១៦មក និងរហូតមកដល់សម័យទំនើបនេះ អង្គការជលសាស្រ្តអន្តរជាតិ (International Hydrographic Organization) ក៏បានដាក់ឈ្មោះផ្លូវការឱ្យឈូងសមុទ្រនេះថា «ឈូងសមុទ្រថៃ»។
បើនិយាយពីទីតាំងភូមិសាស្ត្រ ឈូងសមុទ្រថៃ គឺជាច្រកសមុទ្រទឹករាក់ដែលចូលពីដែនសមុទ្រចិនខាងត្បូងទៅកាន់ប្រទេសថៃ កម្ពុជា និងដីសណ្ដរមេគង្គភាគខាងត្បូងប្រទេសវៀតណាម។ បើនិយាយពីផ្ទៃក្រឡា អង្គការជលសាស្រ្តអន្តរជាតិបានកំណត់ថា ឈូងសមុទ្រថៃមានផ្ទៃក្រឡាសរុបប្រមាណ៣២០,០០០គីឡូម៉ែត្រក្រឡា។
ចំនួនកោះដែលកើតមាននៅក្នុងឈូងសមុទ្រថៃនេះ គឺមានប្រមាណជាង៦០ធំៗ (តែមានកោះតូចៗជាច្រើនទៀត) ក្នុងនោះរួមមាន៖
១-ប្រទេសថៃ មានចំនួន២៧កោះធំៗ៖
* ខេត្តត្រាត មាន៥កោះធំៗ៖ កោះដំរីឬកោះឆាង (Ko Chang) កោះម៉ាក (Ko Mak) កោះកូត (Ko Kut) កោះរាំង (Ko Rang) កោះម៉ៃស៊ី (Ko Mai Si)។
* ខេត្តរយង្គ មាន៤កោះធំៗ៖ កោះសាមិត (Ko Samet) កោះឃូឌី (Ko Kudi) កោះថាលូ (Ko Thalu) កោះម៉ានណៃ (Ko Man Nai)។
* ខេត្តជលបុរី មាន១៣កោះធំៗ៖ កោះស៊ីឆាង (Ko Sichang) កោះឡាន (Ko Lan) កោះផៃ (Ko Phai) កោះក្រាម (Ko Khram) កោះសាម៉ែសាន (Ko Samae San) កោះតៅម៉ូ (Ko Tao Mo) កោះប្រា (Ko Phra) កោះមូ (Ko Mu) កោះអ៉ីឡៅ (Ko I Lao) កោះយ៉ូ (Ko Yo) កោះឆូរ៉ាខេ (Ko Chorakhe) កោះឈូង (Ko Chuang) កោះចន្ទ (Ko Chan)។
* ខេត្តសុរាស្ត្រធានី មាន៤កោះធំៗ៖ កោះផាង៉ាន (Phangan) កោះសាមុយ (Samui) កោះតៅ (Tao) កោះផាលួយ (Phaluai)។
* ខេត្តនគរស្រីធម្មរាជ មាន១កោះធំៗ៖ កោះក្រា (Ko Kra)។
២-ប្រទេសកម្ពុជា មានកោះធំៗប្រមាណ៣១៖
* ខេត្តព្រះសីហនុ មាន១៤កោះធំៗ៖ កោះរ៉ុង កោះរ៉ុងសន្លឹម កោះពស់ កោះឫស្សី កោះតាគាវ កោះថ្មី កោះសេះ កោះស្រមោច កោះចន្លុះ កោះកូន កោះថាស កោះតាំង កោះព្រីង កោះពូលូវ៉ៃ។
* ខេត្តកោះកុង មាន១៤កោះធំៗ៖ កោះកុង កោះកុងក្រៅ កោះស្ដេច កោះស្មាច់ កោះម្នាស់ កោះស្រឡៅ កោះកាពិ កោះយ៉ កោះតាទាម កោះអំពិលធំ កោះអំពិលតូច កោះខ្មោច កោះឆាន់ កោះទទឹង។
* ខេត្តកែប មាន៣កោះធំៗ៖ កោះទន្សាយ កោះពោធិ៍ កោះអាចម៍សេះ។
៣-ប្រទេសវៀតណាម មានប្រជុំកោះធំៗ៥៖ កោះត្រល់ (Phú Quốc) ប្រជុំកោះថូជូ (Thổ Chu Islands) ប្រជុំកោះហាទៀង (Hà Tiên Islands) ប្រជុំកោះបាល័រ (Bà Lụa Islands) ប្រជុំកោះណាមស្ស៊ូ (Nam Du Islands) ប្រជុំកោះធំៗទាំងនេះគឺស្ថិតនៅដែនសមុទ្រខេត្តគៀងយ៉ាង (Kiên Giang) ទាំងអស់។
ក្រៅពីកោះធំៗទាំងនេះ ប្រទេសទាំង៣ខាងលើនៅមានកោះតូចៗ និងថ្មប៉ប្រះទឹករបស់ខ្លួនជាច្រើនអនេកទៀតដែរ។
គួរជម្រាបថា កាលពី១០០០០ឆ្នាំមុន តំបន់អាស៊ីអាគ្នេយ៍សម្បូរណ៍ទៅដោយជួរភ្នំធំៗជាច្រើន និងតំបន់ទំនាបលិចទឹកយ៉ាងធំដែលមានទន្លេសំខាន់ៗ និងដៃទន្លេជាច្រើនហូរកាត់។ នៅប្រហែល៥០០០ឆ្នាំក្រោយមក តំបន់ទំនាបលិចទឹកនោះស្ទើរតែលិចកប់ទៅក្នុងទឹកសមុទ្រទាំងអស់។ នៅរវាង៨០០០មក៦០០០ឆ្នាំមុន កម្ពស់ទឹកសមុទ្រឡើងចាប់ពីក្រោម១.២ដល់១២.៨ម៉ែត្រ បើធៀបជាមួយច្រាំងសមុទ្របច្ចុប្បន្ន។ រយៈកាលក្រោយមក ចាប់ពី៥០០០មក៤០០០ឆ្នាំមុន ច្រាំងទ្វីបកាន់តែខ្ពស់ នាំឱ្យទឹកសមុទ្រមានកម្ពស់ពី២.៥ដល់៥.៨ម៉ែត្រ ពោលគឺខ្ពស់ជាងកម្ពស់ទឹកសមុទ្រសព្វថ្ងៃ។ មកដល់៤០០០ឆ្នាំមុន កម្ពស់ទឹកសមុទ្រចាប់ស្រកចុះមកនៅប្រហែលនឹងច្រាំងសមុទ្រសព្វថ្ងៃ ហើយជួនកាលឡើង ឬស្រកតិចតួចប៉ុណ្ណោះ៕