(ភ្នំពេញ)៖ ព័ត៌មានបានចុះផ្សាយថា លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីសហព័ន្ធរុស្ស៊ី តែងចំណាយពេលប្រហែល២ម៉ោងស្ទើររៀងរាល់ថ្ងៃនៅក្នុងអាងទឹក ដែលជាពេលវេលានិងកន្លែងដ៏ស្ងប់ស្ងាត់ងាយស្រួលដល់ការគិតគូរដ៏ច្រើនរបស់គាត់ក្នុងឋានៈជាអ្នកដឹកនាំប្រទេសមហាអំណាចមួយនេះ។

លោក ពូទីន ជាប្រធានាធិបតីកំពុងល្បីឈ្មោះពេញពិភពលោកក្នុងន័យមិនល្អអំពីការដឹកនាំរបស់គាត់ ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ធំៗនៅលើពិភពលោក គិតចាប់តាំងពីវិបត្តិនៅតំបន់គ្រីមៀឆ្នាំ២០១៤ សង្គ្រាមនៅស៊ីរីឆ្នាំ២០១៥ ហើយមកដល់ខែមេសា ឆ្នាំ២០២២ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ក៏បានហៅលោក ពូទីន ថាជាឧក្រិដ្ឋជនសង្គ្រាមដែលបានឈ្លានពានប្រទេសអ៊ុយក្រែន។ ប៉ុន្តែសម្រាប់មេដឹកនាំមួយចំនួនដែលមានទំនាក់ទំនងល្អជាមួយលោក ពូទីន ជាពិសេសក្នុងចំណោមប្រទេស BRICS (មាន៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) បានឱ្យតម្លៃខ្ពស់លើប្រធានាធិបតីរុស្ស៊ីរូបនេះ ហើយប្រជាជនរុស្ស៊ីភាគច្រើនក៏បានគាំទ្រលោក ដោយសារតែសមត្ថភាពក្នុងការកសាងប្រទេសឡើងវិញលើផ្នែកសេដ្ឋកិច្ច និងយោធា បន្ទាប់ពីមានការវាយតម្លៃថាអតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមេទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) គ្រប់គ្រងសេដ្ឋកិច្ចខុស។

* ពេលព្រឹក៖
ពូទីន ក្រោកពីដំណេកយឺត ពេលខ្លះរហូតដល់ថ្ងៃចាំងគូទ ព្រោះគាត់តែងចូលគេងយឺត ឬដល់យប់ជ្រៅ។ ពូទីន ទទួលទានអាហារពេលព្រឹក ដូចជា បបរ អូមីឡែត ពងក្រួច ឈីស ទឹកផ្លែឈើស្រស់ និងកាហ្វេ។ នៅពេលដែលធ្វើដំណើរទៅក្រៅប្រទេស មន្ត្រីរដ្ឋការវិមានក្រឹមឡាំងត្រូវយល់ព្រមជាមុនចំពោះអាហារទាំងអស់មុនពេលលោកទទួលទាន។ «លោកចំណាយពេលប្រហែល២ម៉ោងស្ទើររៀងរាល់ថ្ងៃនៅក្នុងអាងទឹក ដែលជាពេលវេលានិងកន្លែងដ៏ស្ងប់ស្ងាត់ងាយស្រួលដល់ការគិតគូរដ៏ច្រើនរបស់គាត់ក្នុងឋានៈជាអ្នកដឹកនាំប្រទេសមហាអំណាចមួយនេះ»។ បន្ទាប់ពីហែលទឹក លោកបន្តទៅកន្លែងហាត់ប្រាណ ហើយស្លៀកពាក់ឈុតហាត់ប្រាណដែលមានតម្លៃរហូតដល់៣ពាន់២រយដុល្លារ។ ពូទីន ក៏ចូលចិត្តលើកទម្ងន់ដើម្បីយកសាច់ដុំ និងដើម្បីជួយសរសៃឈាមបេះដូង។ ពូទីន ចង់ឱ្យមេដឹកនាំពិភពលោកដឹងថា លោកជាបុរសដែលរឹងមាំ និងមានសុខភាពល្អ។ ម្តងម្កាល ពូទីន ប្តូរពីការហាត់ប្រាណទៅជាលេងវាយកូនហ្គោលលើទឹកកក ឬក៏ហាត់ក្បាច់គុន (លោកក៏ទទួលបានខ្សែក្រវាត់ខ្មៅផ្នែកយូដូដែរ)។ បន្ទាប់ពីធ្វើលំហាត់ប្រាណ លោកទៅការិយាល័យសម្រាប់ការងារប្រចាំថ្ងៃ។

* ពេលរសៀល៖
ពូទីន អានរបាយការណ៍សង្ខេបដែលរៀបចំដោយបុគ្គលិករបស់គាត់។ ជាធម្មតា របាយការណ៍នោះរួមបញ្ចូលព័ត៌មានអំពីកិច្ចការបរទេស និងការស៊ើបការណ៍សម្ងាត់ជាដើម ហើយក៏អាននិងតាមដានព័ត៌មានជាតិនិងអន្តរជាតិផងដែរ។ លោកមិនចូលចិត្តបច្ចេកវិទ្យានៅកន្លែងធ្វើការទេ។ លោកតែងព្យាយាមមិនប្រើកុំព្យូទ័រ ឬស្មាតហ្វូន ពោលគឺប្រើទូរសព្ទលើតុជាជាងទំនាក់ទំនងតាមរយៈអ៉ីមែល។ ប្រសិនបើគាត់ធ្វើដំណើរទៅក្រៅប្រទេស បុគ្គលិករបស់គាត់តែងរៀបចំជំនួសអ្វីៗស្ទើរគ្រប់យ៉ាងនៅក្នុងបន្ទប់សណ្ឋាគារ មុនពេលគាត់ទៅដល់ រាប់ចាប់ពីសាប៊ូរហូតដល់ក្រដាសអនាម័យ។ លោកចូលចិត្តចំណាយពេលខ្លះជាមួយសត្វឆ្កែរបស់គាត់ ឈ្មោះ Konni និង Buffy។ លោក ពូទីន
ចូលចិត្តធ្វើការនៅផ្ទះច្រើនជាងទៅការិយាល័យនៅឯវិមានក្រឹមឡាំង ដែលត្រូវធ្វើដំណើរអស់ពេល២៥នាទី។

* ពេលល្ងាច៖
ពូទីន ត្រូវបានគេឱ្យរហស្សនាមថាជា «សត្វទីទុយពេលយប់» ព្រោះការងាររបស់គាត់មានភាពមុតស្រួចខ្លាំងបំផុតនៅពេលយប់។ ពូទីន ចូលចិត្តឆីការ៉េម ហើយគាត់តែងផ្តល់ឬទិញការ៉េមឱ្យមេដឹកនាំដែលមកទស្សនកិច្ច ឬបំពេញការងារនៅប្រទេសរបស់គាត់ ក្នុងនោះរួមមាន៖ ប្រធានាធិបតីចិន លោក ស៉ី ជីនភីង (Xi Jinping) និងប្រធានាធិបតីតួកគី លោក អឺដូហ្កាន (Recep Tayyip Erdogan) ជាដើម។ ពូទីន ព្យាយាមគេចពីគ្រឿងស្រវឹង ប៉ុន្តែលោកអាចពិសាមួយកែវឬពីរកែវនៅឯពិធីទទួលភ្ញៀវជាផ្លូវការ។ បន្ទាប់ពីបានចូលរួមអាហារពេលល្ងាច ឬព្រឹត្តិការណ៍នយោបាយរួច លោក ពូទីន ត្រឡប់មកផ្ទះវិញនៅពាក់កណ្តាលអធ្រាត្រ ហើយចំណាយពេលបន្តទៀតដើម្បីធ្វើការ និងអាន មុននឹងចូលគេងនៅម៉ោងប្រហែល៣ទៀបភ្លឺ៕