(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ (Donald Trump) បានឱ្យតម្លៃភាពជោគជ័យរបស់ខ្លួន ដែលដេក៣ទៅ៤ម៉ោងក្នុងមួយយប់។ លោក ត្រាំ បាននិយាយដោយមោទនភាពអំពីការគេងតិចដែលអាចជួយគាត់ឱ្យនាំមុខគូប្រជែងរបស់គាត់បាន ដោយធ្លាប់បានចោទជាសំណួរថា «តើមនុស្សដែលដេកពី១២រហូតដល់១៤ម៉ោងក្នុងមួយថ្ងៃ អាចប្រកួតប្រជែងជាមួយមនុស្សដែលដេកតែ៣ឬ៤ម៉ោងយ៉ាងដូចម្តេចទៅ»?
រហូតមកទល់ពេលនេះ គ្មានការអះអាងណាមួយអាចបញ្ជាក់ច្បាស់លាស់ថា អ្នកគេងច្រើនសុទ្ធតែបរាជ័យនោះដែរ។ ជាក់ស្ដែង យើងអាចពិនិត្យទម្លាប់គេងរបស់មហាសេដ្ឋី៣រូប៖ លោក ម៉ាក ហ្សាក់កាប៊ើក (Mark Zuckerberg),
លោក ប៊ីល ហ្គេត (Bill Gates) និងលោក អេឡិន ម៉ាស់ (Elon Musk)។
លោក ម៉ាក ហ្សាក់កាប៊ើក ជាមហាសេដ្ឋីហ្វេសប៊ុក បានឱ្យតម្លៃសំខាន់ទៅលើការគេងឱ្យគ្រប់គ្រាន់ ដែលវាមិនមានឥទ្ធិពលលើភាពជោគជ័យ ឬបរាជ័យរបស់គាត់ឡើយ។ ដូចគ្នាដែរ លោក ប៊ីល ហ្គេត បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគេង៧ម៉ោងសម្រាប់ឱ្យការគិតរបស់គាត់កាន់តែប្រសើរ។ គាត់ច្រណែនអ្នកគេងតិចដែលធ្វើឱ្យគេមានពេលវេលាច្រើនជាង ដើម្បីធ្វើការងារ និងជំនួញ។ ប៉ុន្ដែលោកក៏លើកជាសំណួរថា តើអ្នកអាចធ្វើជាម្ចាស់ក្រុមហ៊ុនដែលមានទឹកប្រាក់រាប់រយលានដុល្លារបានយ៉ាងដូចម្តេច ប្រសិនបើអ្នកមិនអាចផ្តោតអារម្មណ៍ដោយសារតែការគេងមិនបានគ្រប់គ្រាន់នោះ?
រីឯលោក អេឡិន ម៉ាស់ (Elon Musk) បានផ្ដល់បទសម្ភាសទៅកាន់កាសែត The New York Times ថា គាត់ធ្លាប់ធ្វើការរហូតដល់១២០ម៉ោងក្នុងមួយសប្តាហ៍ តែក្រោយមកកាត់បន្ថយមកត្រឹមចន្លោះពី៨០ទៅ៩០ម៉ោងក្នុងមួយសប្តាហ៍វិញ។ លោក Musk គេងជាមធ្យម៦ម៉ោងក្នុងមួយយប់ ហើយបើតិចជាងនេះ មិនបានធ្វើឱ្យគាត់បង្កើតអ្វីថ្មី ឬប្រសើរជាងនេះឡើយ។ លោក Musk ជាមហាសេដ្ឋីផ្នែកឧស្សាហកម្មលម្ហអាកាស វិស្វកម្ម និងយានយន្ត រួមទាំងឡាន Tesla ផង។ យោងតាមទស្សនាវដ្តី Forbes ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ លោក Musk ក្លាយជាអ្នកមានជាងគេបំផុតក្នុងពិភពលោក។ យ៉ាងណាក៏ដោយ លោកអ្នកគួរតែដឹងនិងកំណត់ខ្លួនឯងឱ្យបានច្បាស់រវាងភាពជោគជ័យនិងការគេង។
គួរចងចាំថា ការគេងវាដើរទន្ទឹមគ្នាជាមួយអាហារូបត្ថម្ភ និងការធ្វើលំហាត់ប្រាណ ដើម្បីសុខភាពរបស់លោកអ្នក។ មនុស្សភាគច្រើនត្រូវការគេងប្រហែលពី៧ទៅ៨ម៉ោង ដើម្បីអនុវត្តឱ្យអស់ពីសមត្ថភាព ដូច្នេះការគេងគ្រប់គ្រាន់ក៏ជាគន្លឹះមួយនៃភាពជោគជ័យដែរ៕