(ភ្នំពេញ)៖ តំបន់អាស៉ីអាគ្នេយ៍ទាំងតំបន់ដីគោក និងតំបន់ដែនកោះ គឺសុទ្ធតែបានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្លួន អាណាចក្រនិងចក្រភពធំៗក៏ធ្លាប់ស្គាល់នូវភាពរុងរឿងរបស់ខ្លួនជាបន្តបន្ទាប់ ដែលជាហេតុមានសេសសល់នូវស្ថាបត្យកម្ម សំណង់បុរាណ និងទីបុរាណដ្ឋានល្បីៗជាច្រើន។ មកដល់ពេលបច្ចុប្បន្ន សំណង់ស្ថាបត្យកម្មបុរាណទាំងនោះក៏នៅតែមានភាពល្បីល្បាញនិងភាពទាក់ទាញ ដែលបានធ្វើឱ្យប្រជាជននិងភ្ញៀវទេសចរជុំវិញសកលលោកបានស្គាល់និងចង់ចាំ ហើយក៏ជាគោលដៅសម្រាប់ពួកគេស្កាត់ទៅទស្សនាដោយផ្ទាល់ផងដែរ។

ខាងក្រោមនេះស្ថាបត្យកម្មបុរាណដែលមានភាពទាក់ទាញជាងគេនៅតំបន់អាស៉ីអាគ្នេយ៍៖

១. ប្រាសាទអង្គរវត្ត (Angkor Wat)៖ ប្រាសាទអង្គរវត្តជាប្រាសាទដ៏សំខាន់មួយនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប។ មហាប្រាសាទនេះត្រូវបានកសាងឡើងនាសតវត្សទី១២ ក្រោមស្នាព្រះហស្ដរបស់ព្រះបាទសូរ្យវម៌្មទី២ (King Suryavarman II) ដើម្បីឧទ្ទិសថ្វាយព្រះបរមវិស្ណុ។ រមណីយដ្ឋានអង្គរនេះទៀតសោត គឺជាអតីតរាជធានីបុរាណដ៏មានឥទ្ធិពលបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលមានអត្ថិភាពចាប់ពីសតវត្សទី៩-១៥ ពោលគឺមានអាយុកាលដល់ទៅជាង៦០០ឆ្នាំ។

២. ប្រាសាទបុរោពុទ្ធោ (Borobudur)៖ មហាប្រាសាទដ៏ខ្ពស់ស្កឹមស្កៃនេះមានទីតាំងស្ថិតនៅភាគកណ្ដាលកោះជ្វា ប្រទេសឥណ្ឌូណេស៉ី។ ប្រាសាទនេះត្រូវបានកសាងឡើងនាសតវត្សទី៩ ក្រោមស្នាព្រះហស្ដមហាក្សត្រជ្វានៃរាជវង្សសៃលិន្ទ្រ (Sailendra dynasty)។

៣. ក្រុមប្រាសាទបាកាន (Bagan)៖ ព្រះចៅអនុរុទ្ធ (King Anawrahta) គឺបានកសាងអាណាចក្រនេះឡើងចាប់ពីសតវត្សទី១១ ដែលមានរាជធានីនៅតំបន់បាកាននេះឯង។ មកដល់ពេលបច្ចុប្បន្ន តំបន់នោះនៅសេសសល់ក្រុមប្រាសាទតូចធំប្រមាណ១០,០០០ប្រាសាទ។

៤. វត្តអរុណ (Wat Arun)៖ វត្តនេះមានឈ្មោះពេញថា វត្តអរុណរាជាវរារាមវររាជមហាវិហារ (Wat Arun Ratchawararam Ratchawaramahawihan) ដែលជាអារាមព្រះពុទ្ធសាសនាដ៏សំខាន់មួយនៃអតីតរាជធានីធនបុរី (Thonburi) ប៉ុន្តែបច្ចុប្បន្នគឺស្ថិតត្រើយម្ខាងនៃទីក្រុងបាងកក ប្រទេសថៃ។

៥. រាជវាំងក្រុងវ៉េ (Huế)៖ អតីតរាជវាំងយួនមួយនេះស្ថិតនៅខេត្តធើធានហ្វេ (Thừa Thiên Huế) ភាគកណ្ដាលប្រទេសវៀតណាម។ វាគឺជារាជធានីបុរាណនៃរាជវង្សង្វៀន ដែលត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៧៣៨ និងបន្តរហូតមកដល់ឆ្នាំ១៩៤៥។

៦. ទ្វារជ័យ (Patuxai)៖ ច្រកទ្វារជ័យ ឬភាសាឡាវហៅថាប៉ាទូសៃនេះ គឺជានិម្មិតរូបឯករាជ្យជាតិឡាវ ស្ថិតនៅកណ្ដាលរដ្ឋធានីវៀងចន្ទន៍។ ស្ថាបត្យកម្មនេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៩៥៧-១៩៦៨ ដើម្បីឧទ្ទិសដល់អ្នកតស៊ូទាមទារឯករាជ្យឡាវពីអាណានិគមបារាំង។

៧. វិហារឥស្លាម ស៊ុលតង់សាឡះហ៊ុដឌីនអាប់ឌុលអាហ្ស៉ីស (Sultan Salahuddin Abdul Aziz mosque) ដែលជាវិហារឥស្លាមធំជាងគេនៅប្រទេសម៉ាឡេស៉ី និងធំទី២នៅអាស៉ីអាគ្នេយ៍។ លក្ខណៈពិសេសនៃវិហារនេះគឺដំបូលពណ៌ខៀវលាយពណ៌ប្រាក់ដ៏ធំស្កឹមស្កៃ លេចត្រដែតឡើងយ៉ាងស្រស់ស្អាត។ នៅឆ្នាំ១៩៨៧ ការដ្ឋានសាងសង់ព្រះវិហារឥស្លាមនេះត្រូវបានបញ្ចប់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ១៩៨៨។

៨. វិហារឥស្លាម ម៉ាសជីដកំពង់ប៉ង់ដា (Masjid kampong Pandan mosque)។ ស្ថាបត្យកម្មនេះគឺមានភាពទាក់ទាញយ៉ាងល្អវិចិត្រ អន្ទងចក្ខុអស់ភ្ញៀវទេសចរដែលបានទៅដល់ស្រុកគូឡាបេឡៃត។

៩. បដិមាសីហមច្ឆា (Merlion)៖ បដិមាសីហមច្ឆាឈរបាញ់ទឹកនេះត្រូវបានកសាងឡើងចាប់ពីឆ្នាំ១៩៧១-១៩៧២។

១០. វិហារកាតូលិកវីកាន់ (Vigan cathedral)៖ វិហារកាតូលិកវីកាន់ត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦៤១ ដោយពួកអាណានិគមអេស្ប៉ាញដែលបានត្រួតត្រាទឹកដីហ្វ៉ីលីពីនតាំងពីសតវត្សទី១៦មក។

១១. ផ្ទះពិសិដ្ឋអ៊ូម៉ាលូលីក (Uma Lulik)៖ ផ្ទះប្រពៃណីនេះគឺមាននៅប្រទេសទីម័រខាងកើត ដែលប្រជាជនសាងសង់ឡើងដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធដូនតា ឬអាចនិយាយបានថាជា «ចេតិយពិសិដ្ឋ»។ ប្រពៃណីរបស់អ្នកស្រុកនៅប្រទេសទីម័រខាងកើតនេះទទួលបានភាពល្បីល្បាញ និងទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។