(ភ្នំពេញ)៖ លោកស្រី ម៉ាហ្ការ៉េត ថាច់ឆី (Margaret Thatcher) កាន់តំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានដល់ទៅ១១ឆ្នាំ (១៩៧៩-១៩៩០) ដែលជារយៈពេលកាន់តំណែងយូរបំផុត (៣អាណត្តិ) នៅចក្រភពអង់គ្លេស នាសតវត្សទី២០ ហើយក៏ជាស្ត្រីទី១ដែលបានទទួលតំណែងជានាយករដ្ឋមន្ត្រីនៅទ្វីបអឺរ៉ុប។
ការកាន់តំណែលរបស់លោកស្រី ម៉ាហ្ការ៉េត ថាច់ឆី គឺដំណាលនឹងជំនាន់លោក រ៉ូណាល់ រីហ្គែន (Ronald Reagan) ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ រ៉ូណាល់ រីហ្គែន បានហៅលោកស្រី ម៉ាហ្ការ៉េត ថាច់ឆី ថាជា «មនុស្សល្អបំផុតនៅអង់គ្លេស» ហើយលោកស្រីក៏បានហៅលោក រីហ្គែន វិញថាជា «បុរសសំខាន់ទី២ ក្នុងជីវិតរបស់ខ្ញុំ»។ អ្នកសារព័ត៌មានរុស្ស៊ីបានដាក់រហស្សនាមឱ្យលោកស្រី ម៉ាហ្គារ៉េត ថាច់ឆឺ ថាជា «ស្ត្រីចិត្តដែក» ឯខ្មែរយើងច្រើនតែហៅថា «ស្ត្រីដែកថែប» ដោយសំដៅទៅលើរបៀបដឹកនាំនយោបាយដោយគ្មានការសម្របសម្រួលឡើយ ពិសេសក្នុងឋានៈជានាយករដ្ឋមន្ត្រី លោកស្រី ថាច់ឆឺ បានអនុវត្តនយោបាយ «ថាច់ឆឺនិយមសុទ្ធសាធ»។
ផ្នែកមួយនៃកេរ្តិ៍ឈ្មោះដ៏អស្ចារ្យរបស់លោកស្រី ម៉ាហ្ការ៉េត ថាច់ឆឺ គឺដោយសារគាត់គេងតិច សឹងតែតិចបំផុតក្នុងចំណោមមេដឹកនាំពិភពលោកនានា។ ស្ត្រីមឹដឹកនាំរូបនេះគេងបានតែ៤ម៉ោងប៉ុណ្ណោះជាមធ្យមក្នុងមួយយប់។ ទម្លាប់របស់លោកស្រី បានធ្វើឱ្យមន្ត្រីក្នុងរដ្ឋាភិបាលរបស់គាត់មិនអាចគេងលក់ស្រួលឡើយ ដោយសារលោកស្រីធ្វើការរហូតដល់ម៉ោង២ឬ៣ព្រឹកក៏មាន ហើយក្រោកនៅម៉ោង៥ ដើម្បីបន្តធ្វើការងារទៀត។ យោងតាមអ្នកសរសេរជីវប្រវត្តិរបស់លោកស្រី គឺលោក ចន ខេមប៊ែល បាននិយាយថា លោកស្រី ថាច់ឆឺ តែងចូលគេងយឺត ហើយក្រោកពីព្រលឹម ដែលធ្វើឱ្យគាត់ទទួលបានព័ត៌មានច្រើនបំផុត។
អ្នកបន្តតំណែងនាយករដ្ឋមន្ត្រីពីលោកស្រី គឺលោក ចន ម៉េជឺ (John Major) បានតស៊ូជម្នះពេលវេលាធ្វើការដ៏លំបាកនេះ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស។ មន្ត្រីរាជការដែលធ្វើការជាមួយលោក ចន ម៉េជឺ បានស៉ាំនឹងការងារជាមួយនាយករដ្ឋមន្ត្រីមុនដែលកម្រនឹងគេង (លោកស្រី ម៉ាហ្ការ៉េត ថាច់ឆី) ខណៈលោក ចន ម៉េជឺ ខ្លួនឯង បែរជាល្មោភគេងយ៉ាងហោចណាស់ក៏៨ម៉ោងក្នុងមួយយប់ដែរ។
ចំណុចមួយគួរឱ្យចាប់អារម្មណ៍ គឺមុនពេលស្លាប់របស់លោកស្រី ថាច់ឆឺ គាត់មានជំងឺភ្លេចភ្លាំងវង្វេង (Alzheimer) ដែលត្រូវបានគេសន្និដ្ឋានពីមូលហេតុដោយភ្ជាប់ទៅនឹងការគេងមិនលក់ និងគេមិនគ្រប់គ្រាន់របស់លោកស្រី ដែលធ្វើឱ្យប៉ះពាល់ដល់ការចងចាំរបស់ខួរក្បាល។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រកត់សម្គាល់ថា លោកស្រី ម៉ាហ្ការ៉េត ថាច់ឆឺ គេងតិចខុសពីអ្នកដទៃ ដោយសារតែហ្សែនតំណពូជ។ លោកស្រី ថាច់ឆឺ ស្លាប់ដោយជំងឺគាំងបេះដូង នៅឆ្នាំ២០១៣ ក្នុងជន្មាយុ៨៧ឆ្នាំ៕