(ភ្នំពេញ)៖ មនុស្សស្ទើរគ្រប់គ្នាយល់ថា ដើម្បីឱ្យខួរក្បាលដំណើរការបានល្អ និងរស់នៅបានយូរអង្វែងនិងដោយស្កប់ស្កល់ យើងត្រូវគេងឱ្យបានយ៉ាងហោចណាស់៧ម៉ោងក្នុងមួយយប់។ ក្នុងមួយថ្ងៃមានតែ២៤ម៉ោងប៉ុណ្ណោះ ដូច្នេះមេដឹកនាំជាច្រើនគិតថា ត្រូវតែកេងចំណេញពីពេលវេលាឱ្យបានច្រើន ដោយគេងតិចម៉ោង ដើម្បីបង្កើតពេលវេលាបន្ថែមសម្រាប់ការងារ ទើបទទួលបានជោគជ័យ។
នៅក្នុងជីវិតដ៏មមាញឹករបស់មនុស្ស ការគេងច្រើនត្រូវបានគេចាត់ទុកថាជាការខ្ជះខ្ជាយពេលវេលា ប៉ុន្តែទស្សនៈមួយទៀតនិយាយថា ការគេងមានសារៈសំខាន់បំផុតសម្រាប់សុខភាព និងកាយសម្បទារបស់មនុស្សគ្រប់រូប។
ដូច្នេះចង់ដឹងថា តើមេដឹកនាំពិភពលោកណាខ្លះដែលអះអាងថា គេងតិចតួច ឬស្ទើរតែមិនគេងសោះ ខួរក្បាលរបស់ពួកគាត់នៅតែដំណើរការល្អ និងនៅតែទទួលបានជោគជ័យលើការងារ។
លោក វីនស្តុន ឆឺឈីល (Winston Churchill) ជានាយករដ្ឋមន្ត្រីអង់គ្លេស និងក៏ជាអ្នកនិពន្ធផងដែរ។ លោកបានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ចាប់ពីឆ្នាំ១៩៤០ ដល់ឆ្នាំ១៩៤៥។ អំឡុងពេលកាន់អំណាច លោកបានដឹកនាំចក្រភពអង់គ្លេសឱ្យទទួលជ័យជម្នះនៅក្នុងសង្គ្រាមលោកលើកទី២ ហើយក៏បានក្លាយជានាយករដ្ឋមន្ត្រីម្តងទៀត ចាប់ពីឆ្នាំ១៩៥១ ដល់ឆ្នាំ១៩៥៥។
ប្រហាក់ប្រហែលនឹងលោកស្រី ម៉ាហ្គារ៉េត ថាច់ឆឺ ដែរ ជាពិសេសក្នុងអំឡុងពេលសង្គ្រាម វីនស្តុន គេងតែ៤ទៅ៥ម៉ោងប៉ុណ្ណោះក្នុងមួយយប់ តែគាត់ខុសពីលោកស្រី ថាច់ឆី ត្រង់គាត់ទម្លាប់គេងនៅពេលរសៀលរហូតដល់៩០នាទីឯណោះ៕