(ភ្នំពេញ)៖ ដាយណូស័រ ភាគច្រើនមានមាឌធំៗសម្បើមណាស់ ប៉ុន្តែមិនមែនសុទ្ធធំៗទាំងអស់នោះទេ ព្រោះតាមរយៈការរកឃើញផូស៉ីលបានបង្ហាញថា ពពួកដាយណូស័រខ្លះក៏មានមាឌតូចៗដែរ អាចប៉ុនសត្វមាន់ដែលយើងចិញ្ចឹមក្នុងពេលសព្វថ្ងៃ។
អ្នកវិទ្យាសាស្ត្របានតាមដាននូវការវិវត្តរបស់ពពួកល្មូននៅមុន នៅក្នុង និងនៅក្រោយសម័យដាយណូស័រ។ ពួកគេបានផ្សព្វផ្សាយថា មុនកើតមានដាយណូស័រ (Dinosaurs) ផែនដីរបស់យើងធ្លាប់មានវត្តមាន «ល្មូនដើម» បានកើតឡើងកាលពី៣០០លានឆ្នាំមុន ដែលជាពពួកបង្កួយតូចៗ។ ពួកវាជាប់ខ្សែស្រឡាយជាមួយអម្បូរកង្កែប (Amphibiens) ដែលក្រោយមកក្នុងចំណោមក្រុមទាំងនោះចាប់ផ្ដើមបំបៅកូនដោយទឹកដោះ។ ពួកល្មូនថនិកទាំងនោះ គឺជាបុព្វបុរសយូរលង់របស់ពួកថនិកសត្វបច្ចុប្បន្ន។ ប៉ុន្តែពួកនេះត្រូវបានកម្ចាត់ដោយក្រុមមួយផ្សេងទៀតដែលមានឈ្មោះថា អាកូស័រ (Archosaures) ឬហៅម្យ៉ាងទៀតថា «ក្រុមល្មូនមានប្រៀប»។ ចំណែកឯដាយណូស័រ គឺជាក្រុមល្មូនមួយក្នុងចំណោមក្រុមល្មូនមានប្រៀបនោះឯង ដែលបានលេចឡើងកាលពី២២០លានឆ្នាំមុន ពោលគឺក្រោយវត្តមានដំបូងរបស់ល្មូនដើម៨០លានឆ្នាំ។
ដាយណូស័រភាគច្រើនមានមាឌធំៗសម្បើមណាស់ ប៉ុន្តែមិនមែនសុទ្ធធំៗទាំងអស់នោះទេ ក៏មានដែរនូវពពួកដាយណូស័រតូចៗ ក្នុងនោះពពួកដាយណូស័រដែលតូចជាងបំផុតគឺ ពពួកកុំសូញ៉ាទូស (Compsognathus) ដែលមានកម្ពស់ត្រឹមតែ៣០សង់ទីម៉ែត្រ (មិនដល់កន្លះម៉ែត្រផង) និងទម្ងន់ត្រឹមតែ៣.៥គីឡូក្រាមប៉ុណ្ណោះ។ ដាយណូស័រកុំសូញ៉ាទូសដើរជើងពីរ តែរហ័ស ដែលយើងតែឃើញពួកវារត់ក្រោមដាយណូស័រធំៗដទៃទៀត តាមរយៈវីដេអូសិប្បនិម្មិត។
បច្ចុប្បន្នគេបានរកឃើញផូស៉ីលដាយណូស័រដល់ទៅជាង៨០០ប្រភេទឯណេះ តែវាមិនទាន់ច្រើនពេកទេ បើប្រៀបធៀបនឹងដាយណូស័ររាប់ពាន់ប្រភេទដែលធ្លាប់បានកើតមាននៅលើផែនដីយើងនេះ។ ក្នុងរយៈកាល១៥០លានឆ្នាំនៃវត្តមានរបស់ដាយណូស័រ ពួកវាមានការវិវត្តជាប្រចាំ៕