(ភ្នំពេញ)៖ ដាយណូស័រចេះហើរដែលត្រូវបានចាត់ទុកថាជា Microraptor ឬជាសត្វរំពារ គឺជាអ្នកប្រមាញ់ផ្លូវអាកាសដ៏អស្ចារ្យមួយ ដែលអាចឆក់យកត្រីពីក្នុងទឹកបានយ៉ាងងាយ ដូចជាពពួកបក្សីនាសម័យបច្ចុប្បន្នដែរ, នេះបើតាមក្រុមអ្នកវិទ្យាសាស្រ្តជនជាតិកាណាដា។
ក្រុមអ្នកវិទ្យាសាស្ថ្របានបន្តថា ភស្តុតាងថ្មីដែលបង្ហាញអំពីសមត្ថភាពនៃការប្រមាញ់របស់បក្សីដាយណូស័រ ត្រូវបានបញ្ជាក់តាមរយៈសំណល់ហ្វូស៊ីលនៅក្នុងប្រទេសចិន។
លោក Scott Persons ដែលជានិសិត្សខាងផ្នែកសំណល់ហ្វូស៊ីល បាននិយាយថា «ពួកយើងពិតជាសំណាងខ្លាំងណាស់ ដែលប្រភេទសត្វរំពារនេះត្រូវបានរកឃើញនៅក្នុងកំអែភ្នំភ្លើង ចំណែកឯពោះរបស់វាត្រូវបានផ្ទុកទៅដោយត្រីជាច្រើនក្បាល ដែលនេះផ្តល់លក្ខណៈងាយស្រួលក្នុងការធ្វើសេចក្តីសន្និដ្ឋាន»។
រហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវខាងសំណល់ហ្វូស៊ីលជឿជាក់ថា បក្សីដាយណួស័រនេះមានលក្ខណៈដូចជាសត្វស្ទាំងដែរ ដោយវារស់នៅលើដើមឈើដែលពួកវាអាចចាប់ចំណីអាហារបានច្រើន ក្នុងនោះរួមមានពពួកបក្សីតូចៗ និងសត្វចតុបាទ៕