(ភ្នំពេញ)៖ យោងតាមគេហទំព័ររបស់អង្គការ NASA «ផ្កាយដុះកន្ទុយ» ឬភាសាអង់គ្លេសហៅថា «Comet» មិនមែនជាផ្កាយនោះទេ ប៉ុន្តែវាជាអង្គសំណល់ដែលសល់ពីការកកើតប្រព័ន្ធព្រះអាទិត្យរបស់យើងកាលពី៤,៦០០លានឆ្នាំមុន។ កន្ទុយរបស់ផ្កាយដុះកន្ទុយផ្សំឡើងដោយធូលី ថ្ម និងទឹកកក ហើយលាតសន្ធឹងរាប់លានម៉ាយល៍ ឬរាប់សិបលានគីឡូម៉ែត្រ។
នៅពេលដែលធ្វើដំណើរទៅជិតព្រះអាទិត្យ ពួកវាក៏ឡើងកំដៅ ហើយបញ្ចេញឧស្ម័ននិងធូលីចូលទៅផ្នែកក្បាលដែលអាចមានទំហំធំជាងភពមួយ។ ទំនងជាមានផ្កាយដុះកន្ទុយរាប់ពាន់លានគោចរជុំវិញព្រះអាទិត្យរបស់យើង ពិសេសនៅក្នុងខ្សែក្រវាត់ Kuiper ខណៈកន្លងទៅអ្នកវិទ្យាសាស្ត្របានរកឃើញនិងកត់ត្រាពីចំនួនផ្កាយដុះកន្ទុយប្រហែល ៣,៩១០។
កាលពីឆ្នាំ១៩៨៦ ផ្កាយដុះកន្ទុយ Halley បានធ្វើដំណើរមកជិតភពផែនដី និងព្រះអាទិត្យ ដែលមនុស្សយើងអាចមើលឃើញនៅពេលយប់ ដោយវាហោះយឺតៗកាត់ផ្ទៃមេឃងងឹត ហើយក៏ត្រឡប់ទៅវិញនាពេលប៉ុន្មានថ្ងៃបន្ទាប់។ NASA អះអាងថា វត្តមានរបស់ផ្កាយដុះកន្ទុយ Halley នឹងត្រឡប់មកវិញក្នុងរង្វង់ឆ្នាំ២០៦០។ នេះក៏ព្រោះផ្កាយដុះកន្ទុយមានគន្លងរាងពងក្រពើជុំវិញព្រះអាទិត្យ។ វាធ្វើដំណើរមកជិតភពផែនដីរៀងរាល់៨៦ឆ្នាំម្តង។
សូមជម្រាបថា នាខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅ ផ្កាយដុះកន្ទុយពណ៌បៃតងមួយបានធ្វើដំណើរមកជិតផែនដីឡើងវិញ ដែលមានគម្លាតត្រឹមតែជាង៤០លានគីឡូម៉ែត្រប៉ុណ្ណោះ បន្ទាប់ពីវាបានហោះជិតព្រះអាទិត្យកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។ អ្នកវិទ្យាសាស្ត្របានឱ្យឈ្មោះផ្កាយដុះកន្ទុយនេះថា C/2022 E3។
បើសិក្សាបន្ថែមទៀតពីវិទ្យាសាស្ត្រផ្នែកអវកាស ប្រព័ន្ធព្រះអាទិត្យសម្បូរទៅដោយបាតុភូត និងសកម្មភាពជាច្រើនណាស់ដែលមនុស្សមិនទាន់បានដឹង៕