(ភ្នំពេញ)៖ សិលាចារឹកនៅប្រាសាទបក្សីចាំក្រុងបានផ្ដល់ព័ត៌មានគួរជាទីចាប់អារម្មណ៍ក្រៃលែង ព្រោះមាននិទានអំពីការផ្សារភ្ជាប់រវាងរាជវង្សសោមវង្ស (រាជវង្សនៅនគរភ្នំ) ជាមួយរាជវង្សសូរ្យវង្ស (រាជវង្សនៅនគរចេនឡា) ព្រមទាំងដើមកំណើតនៃឈ្មោះប្រទេសកម្ពុជាផងដែរ។

ប្រាសាទបក្សីចាំក្រុង (មិនស្គាល់ឈ្មោះដើម) ត្រូវបានកសាងឡើងដំបូងក្នុងរាជ្យព្រះបាទហស៌វរ្ម័នទី១ ឬហស៌វម៌្មទី១ (៩១០-៩២២) ដែលព្រះអង្គគឺជាព្រះរាជបុត្រមួយអង្គក្នុងចំណោមព្រះរាជបុត្ររបស់ព្រះបាទយសោវរ្ម័នទី១ ឬយសោវម៌្មទី១ (៨៨៩-៩១០)។ ព្រះបាទយសោវរ្ម័នទី១ ជាក្សត្រដែលបានផ្លាស់រាជធានីពីហរិហរាល័យ (តំបន់រលួស) មកកាន់យសោធរបុរៈ (តំបន់អង្គរ) និងបានកសាងប្រាសាទភ្នំបាខែងសម្រាប់ជាប្រាសាទរាជ្យរបស់ទ្រង់។ នៅពេលព្រះបាទយសោវរ្ម័នទី១សោយទិវង្គតនៅឆ្នាំ៩១០នោះទៅ ព្រះបាទហស៌វរ្ម័នទី១ក៏បានឡើងសោយរាជ្យបន្ត។ នៅចុងរជ្ជកាល ពោលគឺនៅឆ្នាំ៩២១ ព្រះអង្គបានបញ្ជាឱ្យកសាងប្រាសាទបក្សីចាំក្រុង។

ប្រវត្តិវិទូ មីសែល ត្រាណេ បានឱ្យដឹងថា កាលជំនាន់កសាងដំបូងនោះ ប្រាសាទបក្សីចាំក្រុងពុំទាន់មានសិលាចារឹកអ្វីឡើយ។ លុះដល់រាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឬរាជេន្ទ្រវម៌្មទី២ (៩៤៤-៩៦៨) ព្រះអង្គក៏បានផ្លាស់រាជធានីពីលិង្គបុរៈ (តំបន់កោះកេរ្តិ៍) មកតាំងនៅយសោធរបុរៈ (តំបន់អង្គរ) វិញ ទើបព្រះអង្គឱ្យគេចារឹកកាព្យសំស្ក្រឹតនៅលើមេទ្វារ ដូចឃើញសព្វថ្ងៃនេះ នេះបានន័យថា ប្រាសាទបក្សីចាំក្រុងត្រូវបានបញ្ចប់ការកសាងក្នុងរាជ្យព្រះបាទរាជេន្ទ្រវរ្ម័នទី២។

លោក មីសែល ត្រាណេ បានបន្តថា ​នៅ​ផ្ទាំងមេទ្វារ​ខាងឆ្វេង និង​ស្តាំ​នៃ​​ប្រាសាទ គេ​ឃើញ​មាន​សិលាចារឹក​រៀបរាប់​អំពី​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​ជា​ចរន្ត​វប្បធម៌នា​សម័យបុរាណ​។ សារសំខាន់​នៃ​ផ្ទាំង​សិលាចារឹក​ទាំងពីរ​នេះ គឺ​ការបញ្ជាក់​អំពី​ការភ្ជាប់​សន្តតិវង្សនគរចេនឡា និងសន្តតិវង្ស​នគរ​ភ្នំ ពោលគឺ​រវាង​សូរ្យ​វង្ស និង​សោម​វង្ស​។ ដោយហេតុថា សន្តតិវង្ស​ទាំងពីរ​នេះ​សុទ្ធសឹងតែ​ត​ពូជវង្ស​ត្រកូល​ពី​ឥសី​កម្ពុ​ទាំងអស់​។​

ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​កម្ពុជា​យើង ​គឺព្រះរាជវង្សានុវង្ស​ចេនឡា​ដំបូងបង្អស់​មានកំណើត​ចេញពី​ឥសី​កម្វុស្វ​យ​ម្ភុ​វ (​ឥសី​ដែល​កើតដោយ​ខ្លួនឯង​) និង​​នាង​ទេពអក្សរ​មេ​រា ដែលជា​ព្រះរាជ​អំណោយ​របស់​ព្រះ​ឥស្វរៈ ឬព្រះឥសូរ ឬព្រះសិវៈ​។ ព្រះ​ឥសូរ​ជប់​នាង​ទេពអក្សរ​នេះ​ឡើង ដើម្បី​ព្រះរាជទានឱ្យ​ឥសី​កម្វុបានជា​មហេសី​។​ ​ដូច្នេះពាក្យ​ កម្វុ ឬកម្វុជៈ ឬកម្ពុជា ​ដែលជា​ឈ្មោះ​របស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន គឺមា​នប្រភព​ចេញពី​ទេវ​កថា​នេះឯង​។ នៅក្នុង​សិលាចារឹក​ក៏បានឱ្យ​ដឹង​ទៀតថា ព្រះមហាក្សត្រ​ដំបូង​នៃ​សន្តតិវង្ស​ចេនឡា គឺ​ព្រះបាទ​ស្រុត​វរ្ម័ន ឬឝ្រុតវម៌្ម។ ព្រះអង្គ​មាន​ព្រះរាជបុត្រ​ព្រះនាម​ ​ស្រេ​ស្ឋ​វរ្ម័ន ឬឝ្រេឞ្ឋវម៌្ម ដែល​បាន​កសាង​ទីក្រុងស្រេស្ឋបុរៈ ឬ​ឝ្រេឞ្ឋ​បុ​រៈ ឬ​កុ​រុ​ក្សត្រ​នៅ​តំបន់​វត្ត​ភូ​ ​ក្នុងប្រទេស​ឡាវ​សព្វថ្ងៃនេះ​។

​ក្រៅពី​បញ្ហា​សន្តតិវង្ស​​ព្រះរាជា​ខ្មែរដែល​សោយរាជ្យ​ក្នុងសម័យ​បុរាណ យើង​ក៏បាន​ដឹង​ព័ត៌មាន​ស្តីពី​នយោបាយ​ដែល​មា​លក្ខណៈ​ជាប្រវត្តិសាស្ត្រ​ គឺ​នគរ​ចេនឡា​បាន​រំដោះ​អ្នក​ចេនឡា​ឱ្យផុតពី​ច្រ​វា​ក់​សួយ​សា​អាករ ពោលគឺ​រំដោះខ្លួន​ចេញពី​ការត្រួតត្រា​របស់​រាជាណាចក្រភ្នំ​។

គួរជម្រាបថា ប្រាសាទបក្សីចាំក្រុង ស្ថិតនៅកណ្តាលព្រៃស្រោងខាងឆេ្វងផ្លូវ និងខាងជើងភ្នំបាខែង ប្រហែល១៥០ម៉ែត្រ មានកាំជណ្តើរស្ថាបនាដោយថ្មបាយកៀ្រម និងឥដ្ឋពណ៌ក្រហម។ នៅម្តុំប្រាសាទនេះក៏មានប្រាសាទតូចៗមួយចំនួនទៀតកសាងអំពីឥដ្ឋ ដែលខ្លះបាំងបាត់ដោយរុក្ខជាតិ។ ប្រាសាទបក្សីចាំក្រុងមានរាងជាសាជី៥ថ្នាក់ គិតទាំងជាន់នៅក្រោមប្រាង្គប្រាសាទ ដែលធ្វើពីឥដ្ឋបែរមុខទៅទិសខាងកើត៕