(ភ្នំពេញ)៖ តំបន់ប្រាសាទព្រះវិហារ ត្រូវចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ជាប្រាសាទដ៏ចំណាស់មួយ និងជាទីបុរាណស្ថានដ៏ពិសិដ្ឋមួយរបស់កម្ពុជា ប្រាសាទព្រះវិហារគឺស្ថិតក្នុងភូមិសាស្ត្រឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ពោលនៅភាគខាងជើងប្រទេសកម្ពុជា។
បើតាមលោក ហ្ស៊ក សឺដេស កាលសម័យអង្គរ ប្រាសាទព្រះវិហារគឺមានឈ្មោះដើមហៅថា «ស្រីសិខារេស្វរៈ» មានន័យថា ម្ចាស់នៃកំពូលភ្នំ ពោលគឺចង់សំដៅលើព្រះឥស្វរៈ ព្រះឥសូរ ឬព្រះសិវៈ ដែលជាព្រះមហាអាទិទេពក្នុងព្រហ្មញ្ញសាសនា។
អ្នកប្រវត្តិសាស្ត្រភាគច្រើន បានចែកការកសាងទេវស្ថាននេះជា៣ដំណាក់កាលធំៗ៖
* ដំណាក់កាលទី១
នាដើមសម័យអង្គរ មានព្រះអង្គម្ចាស់មួយអង្គព្រះនាមថា ស្រីឥន្ទ្រាយុទ្ធ ជាអ្នកខ្លាំងពូកែខាងសឹកចម្បាំង ដែលបានធ្វើសង្គ្រាមឈ្នះលើកងទ័ពចាម្ប៉ា ឬក្រុមបះបោរដែលនៅភូមិភាគជាប់នឹងរាជាណាចក្រចាម្ប៉ា ទទួលបានកិត្តិនាមល្បីល្បាញក្នុងរាជាណាចក្រខ្មែរនាជំនាន់នោះ។ នៅពេលឈានដល់វ័យចំណាស់ ព្រះអង្គម្ចាស់ស្រីឥន្ទ្រាយុទ្ធ ក៏បានយាងទៅធ្វើសមាធិនៅទីតាំងប្រាសាទព្រះវិហារ ប៉ុន្តែទីនោះមិនទាន់មានការកសាងប្រាសាទនៅឡើយទេ គ្រាន់តែមានជាអាស្រមធ្វើអំពីឈើប៉ុណ្ណោះ។ ព្រះអង្គក៏បានយកថ្មធម្មជាតិមកឆ្លាក់ជាព្រះសិវលិង្គដ៏ធំមួយតម្កល់នៅទីនោះ និងបានប្រសិទ្ធនាមថា ស្រីសិខារេស្វរៈ។ គួរជម្រាបថា ព្រះអង្គម្ចាស់ស្រីឥន្ទ្រាយុទ្ធ បើតាមអ្នកប្រវត្តិសាស្ត្រខ្លះថា ជាព្រះរាជបុត្រមួយអង្គរបស់ព្រះបាទជយវម៌្មទី២ ឬជ័យវរ្ម័នទី២ ដែលសោយរាជ្យចាប់ពីឆ្នាំ៨០២-៨៣៥។
* ដំណាក់កាលទី២
ព្រះបាទសូយ៌្យវម៌្មទី១ ឬសូរ្យវរ្ម័នទី១ ដែលសោយរាជ្យចាប់ពីឆ្នាំ១០០២-១០៥០នោះ ជាព្រះមហាក្សត្រដែលផ្ដួចផ្ដើមកសាងប្រាសាទព្រះវិហារដំបូងគេបង្អស់ គឺនៅអំឡុងឆ្នាំ១០២៤ ដោយព្រះអង្គបានបញ្ជាឱ្យគេឈូសភ្នំ យកថ្មធ្វើជណ្តើរ ធ្វើផ្លូវឡើងទៅលើភ្នំ។ ថ្មសិលាដែលប្រើប្រាស់សម្រាប់កសាងប្រាសាទព្រះវិហារនោះទៀតសោត គឺជាថ្មដែលមាននៅលើភ្នំព្រះវិហារនោះស្រាប់។ លោកសាស្ត្រាចារ្យ រស់ ចន្ត្រាបុត្រ បានឱ្យដឹងថា វិធីចិតភ្នំបង្កើតជាសាជីដ៏សែនធំនេះ អាចជាការទទួលឥទ្ធិពលពីស្ថាបត្យកម្មប្រាសាទប្រាង្គ ឬប្រាសាទធំ ក្នុងរចនាបថកោះកេរ នារជ្ជកាលព្រះបាទជយវម៌្មទី៤ ឬជ័យវរ្ម័នទី៤ (៩២៨-៩៤២) និងប្រាសាទបក្សីចាំក្រុង ដែលត្រូវបានកសាងដំបូងក្នុងរាជ្យព្រះបាទហស៌វម៌្មទី១ ឬហស៌វរ្ម័នទី១ (៩១០-៩២២)។ ប្រាសាទប្រាង្គ និងប្រាសាទបក្សីចាំក្រុងនេះ មានខឿន៥ជាន់រាងសាជី ដោយនៅជាន់ទី៥ គឺជាប្រាង្គប្រាសាទ ដែលមានតម្កល់ព្រះសិវលិង្គសម្រាប់គោរពបូជា។ គេអាចពិនិត្យមើលភ្នំព្រះវិហារទាំងមូល គឺត្រូវបានគេឈូសចេញជារាង៥ថ្នាក់ដូចទៅនឹងប្រាសាទទាំង២ខាងលើ ដែលត្រូវបានស្ថាបនាឡើងមុនប្រាសាទព្រះវិហារ។ ព្រះបាទសូយ៌្យវម៌្មទី១បានសោយទិវង្គតនៅឆ្នាំ១០៥០ ប៉ុន្តែប្រាសាទស្រីសិខារេស្វរៈមិនទាន់សាងសង់រួចរាល់នោះទេ គឺមានតែព្រាហ្មណ៍ដែលមាននាទីដឹកនាំទាសាទាសីនៅថែរក្សាប្រាសាទប៉ុណ្ណោះ។ គួរជម្រាបថា មុននិងដើមរជ្ជកាលព្រះបាទសូយ៌្យវម៌្មទី១ ចក្រភពខ្មែរមានការបែងចែកអំណាចជា២ធំៗ ក្នុងនោះតំបន់ខាងលើ ឬខាងជើងភ្នំកំពែង ឬភ្នំដងរែកបច្ចុប្បន្ន ស្ថិតក្រោមការអំណាចព្រះបាទសូយ៌្យវម៌្មទី១ និងតំបន់ខាងក្រោម ឬខាងត្បូងភ្នំដងរែក ស្ថិតក្រោមការត្រួតត្រារបស់ព្រះបាទជយវីរវម៌្ម ឬជ័យវីរវរ្ម័ន។ ជ័យជម្នះចុងក្រោយគឺបានទៅលើព្រះបាទសូយ៌្យវម៌្មទី១ ដូច្នេះក្នុងន័យនយោបាយ ការកសាងប្រាសាទស្រីសិខារេស្វរៈ ឬប្រាសាទព្រះវិហារនេះឡើង ទំនងជាដើម្បីបង្ហាញពីការបង្រួបបង្រួមរាជាណាចក្រឱ្យមានឯកភាពឡើងវិញ ខណៈទីតាំងភ្នំនិងប្រាសាទព្រះវិហារដ៏ខ្ពស់កប់ពពកនេះ ស្ថិតនៅចំកណ្ដាលចក្រភពខ្មែរស្រាប់ ជាទីតាំងដ៏ពិសិដ្ឋនិងសក្តិសមបំផុត, នេះបើតាមលោក រស់ ចន្ត្រាបុត្រ។
* ដំណាក់កាលទី៣
យោងតាមប្រវត្តិសាស្ត្រខ្មែរ ចាប់ពីឆ្នាំ១០៨០-១១១៣ ចក្រភពខ្មែរមានការបែងចែកអំណាចជាថ្មី ក្នុងនោះតំបន់ខាងលើ ឬខាងជើងភ្នំកំពែង ឬភ្នំដងរែកបច្ចុប្បន្ន ស្ថិតក្រោមការអំណាចព្រះបាទជយវម៌្មទី៦ ឬជ័យវរ្ម័នទី៦ (១០៨០-១១០៧) បន្តដោយព្រះបាទធរណិន្ទ្រវម៌្មទី១ ឬធរណិន្ទ្រវរ្ម័នទី១ (១១០៧-១១១៣) និងព្រះបាទសូយ៌្យវម៌្មទី២ ឬសូរ្យវរ្ម័នទី២ (១១១៣-១១៥០) និងតំបន់ខាងក្រោម ឬខាងត្បូងភ្នំដងរែក ស្ថិតក្រោមការត្រួតត្រារបស់ព្រះបាទនឫបតិន្ទ្រវម៌្ម ឬនឫបតិន្ទ្រវរ្ម័ន (១០៨០-១១១៣)។ ទីបំផុត នៅឆ្នាំ១១១៣ ព្រះបាទសូយ៌្យវម៌្មទី២ ក៏សម្រេចបាននូវការបង្រួបបង្រួមអំណាចតែមួយឡើងវិញ។ ព្រះបាទសូយ៌្យវម៌្មទី២ ព្រះអង្គបានបន្តការសាងសង់ប្រាសាទព្រះវិហារ ដោយបន្ថែមនូវសម្រស់សោភ័ណភាព និងផ្នែកជាច្រើនទៀត ដូចយើងឃើញមានរហូតដល់បច្ចុប្បន្ន។ តាមពិតទៅ ព្រះបាទសូយ៌្យវម៌្មទី២ ទ្រង់គោរពចំពោះព្រះវិស្ណុជាចម្បង ហើយប្រាសាទព្រះវិហារជាប្រាសាទសិវនិយម តើហេតុអ្វីបានព្រះអង្គបន្តការកសាងប្រាសាទនេះទៀត? មិនមែនជារឿងចៃន្យឡើយ ព្រះបាទស្រីសូយ៌្យវម៌្មទី២ តែងយកគំរូនៃការដឹកនាំតាមព្រះបាទសូយ៌្យវម៌្មទី១ក្សត្រអង្គមុន ដូច្នេះហើយទើបព្រះបាទស្រីសូយ៌្យវម៌្មទី២ខិតខំធ្វើនយោបាយសាសនា ដើម្បីពង្រឹងការគ្រប់គ្រងទឹកដី បង្ហាញពីការបង្រួបបង្រួមរាជាណាចក្រឱ្យមានឯកភាពឡើងវិញ។ ព្រះបាទស្រីសូយ៌្យវម៌្មទី២ ក៏ដូចជាព្រះមហាក្សត្រខ្មែរសម័យអង្គរដទៃទៀតដែរ គឺបានចាត់ទុកប្រាសាទព្រះវិហារជាទេវស្ថានដ៏ពិសិដ្ឋបំផុតសម្រាប់អំណាចទេវរាជរបស់ព្រះមហាក្សត្រខ្មែរ។
ក្រៅពីព្រះករុណាព្រះបាទស្រីសូយ៌្យវម៌្មទី២ ក៏មានព្រាហ្មទិវាករបណ្ឌិតដែលជាព្រះរាជគ្រូ ក៏បានដើរតួជាអ្នកមើលថែរក្សាប្រាសាទនេះដែរ។ ព្រះរាជគ្រូអង្គនេះគឺជាអ្នករៀបចំប្រារព្ធពិធីកម្មសាសនាថ្វាយព្រះមហាក្សត្រដ៏ចម្បងបំផុត ក្នុងរជ្ជកាលព្រះមហាក្សត្រមិនតិចជាង៤អង្គឡើយ ហើយក៏នៅតែមានតួនាទីយ៉ាងសំខាន់ក្នុងរាជ្យព្រះបាទស្រីសូយ៌្យវម៌្មទី២ផងដែរ៕