(ភ្នំពេញ)៖ ផែនដី គឺជាភពលំដាប់ទី៣ក្នុងប្រព័ន្ធព្រះអាទិត្យ ហើយចម្ងាយជាមធ្យមពីផែនដីទៅព្រះអាទិត្យ ១៥០លានគីឡូម៉ែត្រ។ បើគេនិយាយចម្ងាយឆ្ងាយបំផុត ១៥២លានគីឡូម៉ែត្រ និងចម្ងាយជិតបំផុត ១៤៧លានគីឡូម៉ែត្រ។

គិតមកដល់ពេលនេះ ព្រះអាទិត្យមានអាយុប្រមាណ៤,៦០០លានឆ្នាំមកហើយ រីឯផែនដីវិញមានអាយុប្រមាណ៤,៥០០លានឆ្នាំ។

អង្កត់ផ្ចិតរបស់ព្រះអាទិត្យមានប្រហែល១.៣៩លានគីឡូម៉ែត្រ ពោលគឺធំជាង១០៩ដងនៃផែនដី ហើយម៉ាស់របស់វាមានប្រហែលជា៣៣០,០០០ដងនៃផែនដីយើង មានន័យថា ប្រសិនបើអ្នកដាក់ព្រះអាទិត្យនៅលើជញ្ជីងនោះអ្នកនឹងត្រូវការវត្ថុ៣៣០,០០០ដង ដែលមានទម្ងន់ស្មើនឹងផែនដី ដើម្បីឲ្យវាមានសមាមាត្រនឹងគ្នា។

ប្រសិនបើគ្មានព្រះអាទិត្យទេ ផែនដីក៏មិនអាចមានជីវិតដែលរស់នៅនោះដែរ ព្រោះព្រះអាទិត្យបានបញ្ចេញពន្លឺ និងកម្ដៅ ដែលផែនដីត្រូវការដើម្បីឲ្យមានជីវិតរស់នៅ។ ព្រះអាទិត្យវិលមួយជុំម្ដងមានរយៈពេល២៧ថ្ងៃ។ ផែនដីយើងបានវិលជុំវិញព្រះអាទិត្យ ដោយប្រើរយៈពេល៣៦៥ថ្ងៃនៅក្នុងលម្ហ។

គួរជម្រាបដែរថា ព្រះអាទិត្យ គឺជាតារាមួយដួងដែលបានបញ្ចេញពន្លឺនៅក្នុងលម្ហ ហើយសូម្បីតែព្រះចន្ទក៏មិនបានបញ្ចេញពន្លឺដោយខ្លួនឯងដែរ ដោយវាទទួលបានពន្លឺពីព្រះអាទិត្យ និងអាចនិយាយមួយបែបទៀតថា ព្រះចន្ទដូចជាកញ្ចក់ដែលចាំងផ្លាតពន្លឺពីព្រះអាទិត្យមកផែនដីនៅពេលរាត្រី៕