(ភ្នំពេញ)៖ ដូចយើងដឹងហើយថា បច្ចុប្បន្ន ប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តកំពត ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺជាដើម នៅតែនិយាយពាក្យខ្មែរដែលផ្សំពីព្យញ្ជនៈ «ស» បញ្ចេញសូរព្យញ្ជនៈ «ឆ» ឬ «ច» ឧទាហរណ៍ពាក្យ ស្រុកស្រែ បញ្ចេញសូរ ឆុកឆែ ឬ ឆ្រុកឆ្រែ,​​ ពាក្យថា ស្ពាន បញ្ចេញសូរ ឆ្ពាន....។ ចំណោទបញ្ហាទាំងនេះក៏មានការពន្យល់ខ្លះៗដែរពីអ្នកជំនាញសិលាចារឹកជនជាតិខ្មែរ និងជនជាតិបារាំង។

តាមរយៈការសរសេរក្នុងសៀវភៅស្ថាននាមវិទ្យារបស់លោកសាស្ត្រាចារ្យ ឡុង សៀម បានបញ្ជាក់ថា នៅក្នុងភាសាខ្មែរតំបន់ខាងត្បូង និងភាសាមនខ្មែរនៅតំបន់ដទៃទៀត ខ្យល់ព្យញ្ជនៈ «ច» និង «ស» មានទំនាក់ទំនងគ្នាខាងសំនួន ឧទាហរណ៍ដូចជាពាក្យ «ឆី» នឹងពាក្យ «ស៊ី» ជាភស្តុតាងស្រាប់។ សៀវភៅស្ថាននាមវិទ្យាបានលើកឧទាហរណ៍ឱ្យដឹងថា គ្រាមភាសាអង្គរបុរីចូលចិត្តប្រើព្យញ្ជនៈ «ច» ជំនួស «ស»។ គួរជម្រាបថា អង្គរបុរី គឺជាអតីតរាជធានីមួយនាសម័យរាជាណាចក្រភ្នំ (ក្រុងនរវរនគរ) ដែលនៅមានប្រជាពលរដ្ឋរស់នៅជាប់មករហូតដល់បច្ចុប្បន្ន។

តាមរយៈការសិក្សាពីសិលាចារឹក និងការអានពាក្យខ្មែរបុរាណខ្លះនៅលើសិលាចារឹកមុនសម័យអង្គរ គេក៏ប្រទះឃើញពាក្យមួយចំនួនដែលពីបុរាណសរសេរផ្សំជាមួយព្យញ្ជនៈ «ឆ» ឬ «ច» ខណៈបច្ចុប្បន្នខ្មែរយើងសរសេរផ្សំជាមួយព្យញ្ជនៈ «ស» វិញ ក្នុងនោះមានពាក្យ «ច្ទិង» និង «ឆ្ទិង» ដែលត្រូវនឹងពាក្យបច្ចុប្បន្នថា «ស្ទឹង»។ ក្នុងន័យនេះ ពាក្យ «ច្ទិង» ឬ «ឆ្ទិង» ត្រូវបានគេជឿថាជាពាក្យប្រើតាំងពីបុរាណដើម ពោលគឺតាំងពីសម័យបុរេប្រវត្តិ ឬសម័យរាជាណាចក្រភ្នំមកម្ល៉េះ។

យោងតាមការសិក្សាផ្នែកប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា តំបន់ខាងត្បូង (បូករួមទាំងកម្ពុជាក្រោម) គឺជាមូលដ្ឋានដើមរបស់រាជាណាចក្រភ្នំ (ពាក្យបុរាណហៅ វ្នំ ខណៈភាសាចិនហៅ ហ្វ៊ូណន) ដូច្នេះសូរព្យញ្ជនៈ «ច» ឬ «ឆ» ជំនួស «ស» ដែលប្រជាជននៅតំបន់នោះនិយមបញ្ចេញមកនេះ អាចជាសូរដើមរបស់អ្នកស្រុកនគរភ្នំ ឬមនុស្សក្នុងអម្បូរខ្មែរមននាដើមសម័យ ខណៈពួកគាត់នៅតែបន្តប្រើប្រាស់សូរនេះមកដល់ពេលបច្ចុប្បន្ន។ ពិតណាស់ ប្រជាជននៅតំបន់ផ្សេងទៀតក៏មានសូរសំនៀងគ្រាមភាសារៀងៗខ្លួនដែរ ដ្បិតអីអក្សរខ្មែរមានការវិវត្តយ៉ាងហោចណាស់ក៏១០ដំណាក់កាលដែរ, នេះបើតាមការពិនិត្យរបស់លោក ហ្ស៊ក ម៉ាស្ពែរ៉ូ (Georges Maspero)៕