(ភ្នំពេញ)៖ អាស៊ីអាគ្នេយ៍ដែនគោកមានបណ្ដាញទន្លេវែងៗជាច្រើន ក្នុងនោះមានដូចជាទន្លេមេគង្គ ទន្លេឥស្សរាវតី ទន្លេសាល្វិន ទន្លេជិនឌ្វីន ទន្លេក្រហម ទន្លេចៅពញាជាដើម។ នៅក្នុងអត្ថបទនេះ យើងខ្ញុំសូមលើកឡើងពីអំណាចនៃទន្លេ៣សំខាន់ៗ គឺទន្លេមេគង្គ ទន្លេក្រហម និងទន្លេចៅពញា ពីព្រោះជ្រលងទន្លេទាំ៣នេះទទួលរងរដូវទឹកហូររួមគ្នា។

សព្វថ្ងៃនេះ ទន្លេមេគង្គបានចាក់បង្គរដីល្បាប់បន្ថែមរហូតដល់ទៅប្រហែល៨០ម៉ែត្រជារៀងរាល់ឆ្នាំ ដោយសារតែការកាប់បំផ្លាញព្រៃឈើ ធ្វើឱ្យទឹកហូរច្រោះយកដីកាន់តែច្រើនឡើងៗ។ តំបន់ទាំងនោះចែកជាពីរក្រុមធំៗ គឺប្រព័ន្ធទន្លេនិងទំនាបដែលនៅជុំវិញនោះ និងជ្រលងវាលទំនាបលិចទឹកនិងតំបន់ខ្ពង់រាបនៅអមជ្រលងទាំងនោះ។ ប្រភេទក្រុមដំបូង គឺរាប់បញ្ចូលទាំងភាគកណ្តាលនៃប្រទេសសៀមសព្វថ្ងៃ និងតំបន់ដីសណ្ដទន្លេចៅពញា ជ្រលងនិងដីសណ្ដទន្លេក្រហម ទន្លេម៉ានិងទន្លេកា ព្រមទាំងវាលទំនាបទន្លេសាបនិងទន្លេមេគង្គក្រោម។ ក្រៅពីនេះ គេគួរតែរាប់បញ្ចូលទាំងវាលទំនាបលិចទឹកនៃទន្លេមូល និងទន្លេឈីនៅខ្ពង់រាបនគររាជ ដែលជាដៃទន្លបែកចេញពីទន្លេមេគង្គ។ អ្នកជំនាញបញ្ជាក់ថា ជ្រលងទន្លេទាំ៣ទទួលរងរដូវទឹកហូររួមគ្នា។

នេះបង្ហាញពីលក្ខណៈពិសេសនៃរដូវភ្លៀងធ្លាក់ តាមរយៈការផ្ទុកទឹកភ្លៀងដែលហូរចូលតាមទន្លេរៀងៗខ្លួន ហើយចំណែកឯទន្លេមេគង្គ គឺទទួលទាំងទឹកភ្លៀងផង និងទឹកដែលរលាយចេញពីទឹកកកនៅភ្នំហិមាល័យផង។ ទឹកទន្លេហូរបុកធ្វើឱ្យបាក់ច្រាំង និងជន់លិចតំបន់មួយភាគធំ មុនពេលហូរចែកទៅតាមតំបន់ដីសណ្ដរៀងៗខ្លួន។ ទឹកជំនន់ទាំងនោះចាក់បង្គរជាដីល្បាប់នៅតាមតំបន់មួយភាគធំ ហើយកន្លែងដែលមានទឹករាក់អាចឱ្យគេដាំស្រូវឡើងទឹក ដែលជាប្រភេទស្រូវមានដើមវែងនិងលូតលាស់យ៉ាងឆាប់រហ័ស។ ទឹកជំនន់ក៏ចាប់ផ្ដើមចាក់បង្គរទៅជាទំនប់ធម្មជាតិ ដែលនៅពីក្រោយទំនប់នោះមានព្រៃលិចទឹកជាកន្លែងអាចផ្ទុកទឹកពេលទឹកជន់ឡើង។

ទន្លេមេគង្គមានទឹកហូរអប្បរមានៅក្នុងខែកុម្ភៈ។ កាលពីឆ្នាំ១៩៤៩ នៅក្នុងខែកុម្ភៈនេះ ល្បឿនទឹកហូរឡើងដល់១,៧០០ម៉ែត្រគីបក្នុងមួយវិនាទី។ នៅ៧ខែក្រោយមកល្បឿនទឹកហូរអតិបរមា គឺ៣,៤០០ម៉ែត្រគូប ហើតនាំយកដីល្បាប់១០,២០០គីឡូក្រាមក្នុងមួយវិនាទី។ ល្បឿនទឹកជំនន់បែបនេះហើយដែលធ្វើឱ្យទឹកទន្លេមូល មិនអាចហូរចូលទៅក្នុងទន្លេមេគង្គបាន។ ចំណែកឯទន្លេចតុមុខ ល្បឿនទឹកហូរខ្លាំងដែលអាចរុញច្រានទឹកទៅទន្លេសាបបាន និងហូរបន្តទៅទន្លេសាប។ នៅពេលនោះ បឹងទន្លេសាបមានផ្ទៃទឹករីកធំ៤ដងនៃផ្ទៃទឹកនៅរដូវប្រាំង ដូច្នេះបឹងទន្លេសាបអាចជួយបន្ថយទឹកជំនន់នៅតំបន់ដីសណ្ដរដែលនៅខាងក្រោមទន្លេចតុមុខបាន។ ចំណែកឯទន្លេក្រហម និងចៅពញា តែងតែកើតមានទឹកជំនន់ធំៗនិងលឿនភ្លាមៗ គឺដោយសារតែគ្មានទីសម្រាប់រំដោះទឹកដូចបឹងទន្លេសាបនៅប្រទេសកម្ពុជា។

បណ្ដាញផ្លូវទឹកទន្លេទាំង៣នេះភ្ជាប់គ្នាដោយភ្នំ ឬខ្ពង់រាប។ តំបន់ដីសណ្ដទន្លេក្រហមព័ទ្ធជុំវិញដោយខ្ពង់រាប លើកលែងតែជាយទំនាបខាងកើតដែលព័ទ្ធដោយកូនភ្នំថ្មភក់ និងថ្មកំបោរ។ ជួរភ្នំអណ្ណាម ឬទ្រឿងសឺន (Trường Sơn) ស្ថិតនៅចន្លោះឆ្នេរសមុទ្រនិងទន្លេមេគង្គ។ បើតាមប្រវត្តិសាស្ត្រ ជួរភ្នំនេះជាព្រំដែនរវាងប្រទេសខ្មែរនិងចាម្ប៍។

ជួរភ្នំដងរែកចែកខ្ពង់រាបនគររាជឱ្យដាច់ចេញពីតំបន់វាលទំនាបនៅភាគខាងជើងប្រទេសកម្ពុជា។ ចំណែកឯច្រកដ៏ធំដែលស្ថិតនៅចន្លោះជួរភ្នំដងរែកនិងជួរភ្នំក្រវាញ ជាច្រកចេញពីប្រទេសកម្ពុជាទៅកាន់ជ្រលងទន្លេចៅពញា។ ជ្រលងទន្លេចៅពញានេះ ក៏ព័ទ្ធជុំវិញដោយភ្នំជាច្រើនដែរ។ នៅភាគខាងលិចមានជួរភ្នំថ្មកំបោរ និងជួរភ្នំថ្មក្រានីតដ៏ចំណាស់ ដែលបច្ចុប្បន្នខណ្ឌចែកប្រទេសសៀមនិងប្រទេសភូមា។ ភ្នំនៅភាគខាងជើងមានប្រភេទថ្មស្រទាប់ ថ្មថ្លើមអណ្ដើក និងថ្មកំបោរដ៏ចំណាស់ជាច្រើនហូរច្រោះចាក់បង្គរលើគ្នា។ នៅព្រំប្រទល់ភាគខាងកើតមានជួរភ្នំពេជ្របូណ៌ (Phetchabun) ដែលជារនាំងធម្មជាតិនៅចន្លោះវាលទំនាបទន្លេចៅពញា និងខ្ពង់រាបនគររាជ។ គេតែងនិយាយថា វាលទំនាបនិងខ្ពង់រាបទាំងនេះផ្តល់លក្ខណៈសម្បត្តិផ្ទុយគ្នារវាងរបៀបរបបនៃការសម្របជីវិតពីរខុសគ្នារបស់មនុស្សនៅទីនោះ។ យើងគួរសម្គាល់ថាខ្ពង់រាបនេះគឺជាកត្តាកំណត់ទឹកភ្លៀង និងព្រៃព្រឹក្សា។

តំបន់ទាំងមូលទទួលរងរបបខ្យល់រដូវយ៉ាងច្បាស់លាស់ ដែលបង្កឡើងដោយរបបខ្យល់មូសុងក្នុងកម្រិតខុសៗគ្នា។ ចាប់ពីរវាងខែតុលាដល់ខែមេសា ខ្យល់បក់មកពីទិសឦសាន តែនៅខែឧសភា ខ្យល់បក់បញ្ច្រាសត្រឡប់មកពីទិសនិរតីវិញ។ ឥទ្ធិពលនៃការផ្លាស់ប្តូរទិសខ្យល់បក់នេះ ខុសគ្នាទៅតាមតំបន់ និងរយៈកម្ពស់។ ជួរភ្នំក្រវាញ ជួរភ្នំពេជ្របូណ៌ និងជួរភ្នំភាគខាងលិចនៃប្រទេសសៀមមានភ្លៀងធ្លាក់ច្រើន ដោយសារខ្យល់មូសុងដែលបក់មកពីភាគនិរតី។ ចំណែកឯវាលទំនាបទន្លេចៅពញា និងវាលទំនាបទន្លេសាប ព្រមទាំងខ្ពង់រាបនគររាជខ្សត់ទឹកភ្លៀងទៅតាមតំបន់រៀងៗខ្លួន។ ជួរភ្នំអណ្ណាមទាក់ទាញទឹកភ្លៀងបានច្រើនជាងតំបន់ទំនាបឆ្នេរសមុទ្រវៀតណាម និងតំបន់ដីសណ្ដទន្លេក្រហមដែលស្ថិតនៅភាគខាងកើត។

តាមពិតទៅ ភ្លៀងមូសុងដែលនាំយកសំណើមទៅកាន់ជួរភ្នំអណ្ណាមក្លាយទៅជាខ្យល់ «លាវ» ក្តៅហើយស្ងួត នៅពេលបក់ទៅកាន់តំបន់ខ្សត់ភ្លៀងដែលស្ថិតនៅភាគខាងកើត។
ដូច្នេះទោះបីតំបន់ទាំងនេះធ្វើស្រូវបានច្រើនមែន តែមិនមានទឹកភ្លៀងធ្លាក់គ្រប់គ្រាន់ទេ ហើយកសិករពឹងផ្អែកលើទឹកជំនន់ដែលនាំយកដីល្បាប់មកចាក់បំពេញនៅរៀងរាល់ឆ្នាំ។ បញ្ហានេះកាន់តែធ្ងន់ធ្ងរឡើងដោយសារតែការមិនអាចដឹងជាមុនអំពីការធ្លាក់ភ្លៀង ព្រមទាំងមិនដឹងពេលវេលាប្រាកដនៃការចាប់ផ្ដើមរបស់ភ្លៀងមូសុង។ ដូច្នេះហើយនៅរវាងឆ្នាំ១៩១៤ដល់១៩២៥ រដូវវស្សានៅប្រទេសសៀមភាគឦសាន មានរយៈពេលខ្លីបំផុត១៧៤ថ្ងៃ និងវែងបំផុត២៣៦ថ្ងៃនៅរៀងរាល់ឆ្នាំ។ ខ្យល់បក់នៅតំបន់មួយភាគធំនៃប៉ែកឦសាន ដែលកើតឡើងនៅខែតុលា-វិច្ឆិកា បាននាំអាកាសធាតុត្រជាក់ ព្រមទាំងទឹកភ្លៀងទៅកាន់តំបន់ភាគខាងកើតនៃជួរភ្នំអណ្ណាម។

តំបន់ដីសណ្ដទន្លេក្រហមធ្លាប់គ្របដណ្ដប់ដោយពពកយ៉ាងទាប ភ្លៀងរលឹមច្រើន និងមានអាកាសធាតុត្រជាក់។ បច្ចុប្បន្ន ជួរភ្នំអណ្ណាមភាគខាងលិចមានភ្លៀងធ្លាក់តិច ហើយនៅក្នុងអំឡុងពេលរដូវប្រាំងដ៏វែង តំបន់វាលទំនាបភាគខាងលិចទន្លេមេគង្គធ្លាប់មានធ្លាក់ភ្លៀងព្រិលយ៉ាងច្រើន មេឃគ្មានពពក ព្រមទាំងត្រជាក់នៅពេលយប់ ហើយក្តៅនៅពេលថ្ងៃ ប៉ុន្តែនៅតំបន់ខ្ពង់រាបទទួលផលប៉ះពាល់តិច និងធ្លាប់មានរដូវក្ដៅរយៈពេលខ្លី៕

ប្រភព៖ សៀវភៅវប្បធម៌ដំបូងនៃតំបន់អាស៊ីអាគ្នេយ៍ដីគោក របស់រាជបណ្ឌិត្យសភាកម្ពុជា