(ភ្នំពេញ)៖ តាំងពីសម័យអាណានិគមបារាំងរហូតដល់បច្ចុប្បន្ន ការរកឃើញភូមិមូល ឬភូមិដែលមានកំពែងរាងមូលព័ទ្ធជុំវិញ គឺជាទីគួរឱ្យអារម្មណ៍មួយសម្រាប់អ្នកប្រវត្តិសាស្ត្រជាតិនិងអន្តរជាតិ។ តើបុព្វបុរសខ្មែរសម័យបុរេប្រវត្តិ បង្កើតភូមិរាងមូលដើម្បីអ្វី?

បើនិយាយពីនគរូបនីយកម្ម យើងត្រូវដឹងថាបុព្វបុរសខ្មែរ ឬខ្មែរដើមចេះរៀបចំលំនៅស្ថានរបស់ខ្លួនរួចទៅហើយ តាំងពីសម័យបុរេប្រវត្តិ ឬមុនគ្រិស្ដសករាជមកម្ល៉េះ ក្នុងនោះភូមិមូលក៏ជាតឹកតាងបង្ហាញពីការរស់នៅរបស់មនុស្សខ្មែរសម័យបុព្វកាលដែរ។ ដើម្បីដឹងពីព័ត៌មានពាក់ព័ន្ធនឹងភូមិមូល យើងត្រូវដឹងពីការកកើតដំបូងនៃគ្រួសារមនុស្ស និងការវិវត្តសង្គមមនុស្សជាមុនសិនដែរ។

* របៀបរស់នៅបែបកុលសម្ពន្ធ

នៅពេលមិនទាន់មានសង្គមជាតិ និងមិនទាន់មានរចនាសម្ពន្ធត្រឹមត្រូវ ដែលយើងហៅថា «រដ្ឋ»» នោះ បុព្វបុរសខ្មែររស់នៅជាលក្ខណៈគ្រួសារសម្ពន្ធ ហើយមានការពង្រីកគ្រួសារ ដែលជាហេតុបណ្តាលឱ្យមនុស្សមានទំនាក់ទំនងក្នុងសន្ដានញាតិរបស់គេ។ លើសពីនេះទៅទៀត ដោយសារការរស់នៅមិនអាចផ្តាច់ចេញពីទំនាក់ទំនងរវាងគ្នានឹងគ្នា ជនជាតិខ្មែរចេះចងក្រងប្រមូលគ្នាបង្កើតឱ្យក្លាយមកជាកុលសម្ពន្ធ។ ម៉្យាងវិញទៀត មុខរបរចិញ្ចឹមជីវិត គឺរកមួយថ្ងៃដើម្បីទទួលទានមួយថ្ងៃ។ រីឯមុខរបរជាប្រចាំរបស់ពួកគេ គឺរស់នៅដោយសារការបរបាញ់សត្វ បេះផ្លែឈើ និងនេសាទត្រី ដើម្បីយកផលនៃរបរទាំងនោះមកចញ្ចឹមកុលសម្ពន្ធរបស់ពួកគេ។ ការរស់នៅរបៀបនេះ មានលក្ខណៈជាជម្រកស្នាក់នៅបណ្តោះអាសន្ន ដែលហៅថា «ការរស់នៅរបៀបពនេចរ» ព្រោះកាលបើតំបន់ដែលគេស្នាក់នៅនោះអស់ផ្លែឈើ សត្វ ត្រី ដែលជាចំណីអាហាររបស់ពួកគេហើយ ពួកគេចាំបាច់ត្រូវដូរទៅកន្លែងថ្មីទៀត ដើម្បីងាយរកផ្លែឈើ សត្វមកចិញ្ចឹមជីវិតជាបន្តទៀត។ ក្រុមណាមានកម្លាំងខ្សោយជាងក្រុមមានកម្លាំងខ្លាំង ក៏ចុះចាញ់រត់ចេញពីតំបន់នោះ ឬចុះចូលជាមួយក្រុមដែលមានកម្លាំងខ្លាំង ជាហេតុធ្វើឱ្យការពង្រីកក្រុមកុលសម្ពន្ធរឹតតែមានទំហំធំឡើង និងមានចំនួនសមាជិកក៏កាន់តែច្រើនឡើង។

ស្ថិតនៅក្នុងខណៈពេលនោះប្រាជ្ញាស្មារតីមនុស្សកាន់តែរីកចម្រើនទៅមុខជាលំដាប់ ហើយគេក៏លែងរស់នៅរបៀបពនេចរ គេបោះទីតាំងច្បាស់លាស់ ជាពិសេសទៅទៀត គេជ្រើសរើសមនុស្សដែលមានសន្តានចិត្ត ទឹកចិត្តល្អត្រឹមត្រូវ មកធ្វើជាមេកើយដែលគេហៅថា​ «មេកន្រ្ទាញ» ឱ្យដឹកនាំរាល់កិច្ចការផ្សេងៗ ដែលស្ថិតនៅក្នុងរង្វង់តំបន់ដែលគេរស់នៅ។ តាមកម្រិតលូតលាស់ខាងសង្គមកិច្ច គេអាចសន្មតបាននូវស្ថានភាពបណ្តាជនជំនាន់នោះថាជាជីវភាពកុលសម្ពន្ធនៃអ្នកធ្វើស្រែចម្ការ ដែលបានរស់នៅតាមការប្រមូលផ្តុំនៃក្រុមញាតិលោហិត ឬតាមសហគមន៍។

* ការវិវត្តពីកុលសម្ពន្ធមកជាសង្គម

ការរស់នៅសម័យបុរេប្រវត្តិតាមបែបជាកុលសម្ពន្ធ ក៏បានក្លាយមកជាសង្គម។ យើងបានដឹងពីទំហំទឹកដីដ៏ទូលំទូលាយរបស់ប្រទេសខ្មែរ គឺលាតសន្ធឹងយ៉ាងធំល្វឹងល្វើយ ជាហេតុធ្វើឱ្យក្រុមមនុស្សដែលរស់នៅជាកុលសម្ពន្ធមិនអាចរកឃើញអស់ភ្លាម។ នៅពេលមានការឯកភាពរវាងក្រុមគនីមួយៗបានត្រឹមត្រូវហើយ បញ្ហានៃការរស់នៅបានលេចឡើងជាបាតុភូតឆ្លងតាមរយៈធម្មជាតិរួមផ្សំកម្រិតយល់ដឹងដែលចេះតែកើនឡើនជាលំដាប់ បានបង្កឱ្យមនុស្សបង្កើតបាននូវវប្បធម៌ផ្ទាល់ដោយឡែករបស់កុលសម្ពន្ធ គឺមានតាំងពីទំនៀមទម្លាប់ប្រពៃណីផ្សេងៗជាដើម បើគិតមកដល់សព្វថ្ងៃ យើងអាចទាញសន្និដ្ឋានថាជាខ្លឹមជាតិ ព្រោះវាជាមូលហេតុសម្រាប់កកើតជាតិ។ ដោយមានការយល់ដឹងកាន់តែខ្ពស់ឡើងនោះ ក្រុមកុលសម្ពន្ធទាំងអស់បានបន្តការពង្រីកអំណាចរៀងៗខ្លួនតាមរយៈការធ្វើសង្រ្គាមឈ្លានពានគ្នាទៅវិញទៅមក។ ការតស៊ូដោយការប្រយុទ្ធរវាងកុលសម្ពន្ធនានាក៏បានចាប់ផ្ដើមឡើងក្នុងការចែករំលែកគ្រឿងផលិតកម្ម។ បណ្ដាជនសេរីនៅទីវាលទំនាបក៏បានចែកជាបណ្ដាជនមួយភាគតូចៗ ដែលរស់នៅបានសម្បូរសប្បាយប្រកបដោយអំណាច និងសមាជិកសាមញ្ញភាគច្រើនរស់នៅប្រមូលផ្តុំជាក្រុមក្រោមអំណាចនៃសហគមន៍។

* ភូមិមូលនិងតួនាទីការពារ

បុព្វបុរសខ្មែរយើងនៅសម័យបុរេប្រវត្តិរស់នៅតាមរបៀបភូមិមូល។ ភូមិមូលរបស់ខ្មែរមានកំផែងព័ទ្ធជុំវិញហើយមានច្រកចេញចូលពីរ ដែលនៅមុខខ្លោងទ្វារចូលគេឃើញដីរាបស្មើជាសញ្ញាបញ្ជាក់ថាមានភារកិច្ចការពារយ៉ាងម៉ត់ចត់បំផុត។ ក្រុមអ្នកបុរាណវិទ្យាមានការចាប់អារម្មណ៍ដោយការស្រាវជ្រាវរកឃើញភូមិមូលរបស់សង្គមខ្មែរបុរាណទាំងនេះ គេពុំឃើញមានរបស់របរប្រើធ្វើអំពីលោហធាតុទេ។
តាមរយៈការសម្អាងទៅលើវត្តមានវត្ថុប្រើប្រាស់ទាំងនេះធ្វើឱ្យគេធ្វើសន្និដ្ឋានថា ការកើតជាភូមិមូលរបស់សង្គមខ្មែរសម័យបុព្វកាលនេះមានមកនៅយុគថ្មរំលីង។ ការអះអាងជាច្រើនត្រូវបានធ្វើដោយអ្នកស្រាវជ្រាវថា ស្ថានីយបន្ទាយគូ (ភូមិមូល) នៅតំបន់ខ្ពង់រាបដីក្រហមភាគខាងកើតប្រទេសកម្ពុជានិងភាគខាងត្បូងប្រទេសវៀតណាម ត្រូវបានកំណត់កាលបរិច្ឆេទក្នុងយុគថ្មរំលីង។ អ្នកស្រាវជ្រាវបានកំណត់ថា ជនជាតិខ្មែរសម័យបុរេប្រវត្តិពិតជាបានស្គាល់នូវស្ថាបត្យកម្មរបស់ខ្លួនយ៉ាងពិតប្រាកដ ទោះបីជាស្ថាបត្យកម្មនោះពុំមែនជាស្ថាបត្យកម្មថ្មឬឥដ្ឋក៏ដោយ។ ក្រៅពីភូមិមានរាងមូល ក្រុមបុរាណវិទ្យាក៏បានប្រទះឃើញមានទីតាំងរស់នៅរបស់សង្គមខ្មែរនាសម័យបុព្វកាលមានរាងជាពងក្រពើ។ ក្រៅពីនេះ មានលក្ខណៈសង្គមខ្មែរមានរាងជាបួនជ្រុងទ្រវែង ដែលនៅបន្តរហូតមកដល់បច្ចុប្បន្ន គឺស្ថិតនៅក្នុងទឹកដីនៃចម្ការកៅស៊ូមេមត់។ ភស្តុតាងដែលក្រុមបុរាណវិទ្យារកឃើញខាងលើនេះត្រូវបានគេធ្វើសន្និដ្ឋានថា នាសម័យបុរេប្រវត្តិសាស្ត្រខ្មែរដើមតែងតែមានការរស់នៅជាសហគមន៍តូចៗក្នុងភូមិមូល ឬជារាងបួនជ្រុងទ្រវែង គឺដើម្បីការពារទឹកជំនន់ព្រមទាំងការពារសត្វកាចសាហាវទាំងឡាយ។

លោក មីសែល ត្រាណេ បានបញ្ជាក់ថា វប្បធម៌ភូមិមូលនេះលាតសន្ធឹងពីតំបន់ដីក្រហមជប់ មេមត់ ក្រែក ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តសៀមរាប (ភូមិល្វា ភូមិរើល) បច្ចុប្បន្ន ដល់កម្ពុជាក្រោម ឬវៀតណាមខាងត្បូង (តៃនិញ ស៊ុនឡុត) និងប្រទេសថៃបច្ចុប្បន្ន (ភាគឦសាន)។ ភូមិមូលនេះត្រូវផ្សារភ្ជាប់នឹងភូមិព្នងមួយចំនួនដែលសាងសង់មានលក្ខណៈមូលដូចគា្ន ដើម្បីទប់ទល់នឹងសត្រូវជិតឆ្ងាយឬសត្វព្រៃនៅពេលយប់។ ទាំងអស់នេះបញ្ជាក់ពីការពិតដែលថាគេពុំអាចញែកវប្បធម៌ខ្មែរលើដែលគ្មានរដ្ឋឬខឿនវប្បធម៌នាសម័យបុរេប្រវត្តិបានឡើយ។ តាមពិត ជនជាតិខ្មែរបច្ចុប្បន្នជាអ្នកតពូជពង្សវង្សត្រកូល និងជាកេរដំណែលវប្បធម៌ពីបុព្វបុរសសម័យមុន៕