(ភ្នំពេញ)៖ នៅសម័យបុរេប្រវត្តិរាប់ម៉ឺនរាប់ពាន់ឆ្នាំនោះ មនុស្សចេះបំបែកថ្ម រំលីងថ្មធ្វើជាឧបករណ៍ប្រើប្រាស់សម្រាប់នេសាទ បរបាញ់សត្វ ចេះធ្វើអាវុធការពារខ្លួន ធ្វើជាគ្រឿងអលង្កាជាដើម ពួកគេក៏បានបន្តអភិវឌ្ឍរបៀបរស់នៅជាបន្តបន្ទាប់ រហូតដល់ចេះធ្វើកសិកម្ម ដាំដំណាំស្រូវ និងដំណាំផ្សេងៗទៀត ហើយក៏ចាប់សត្វព្រៃមកផ្សាំងចិញ្ចឹមជាសត្វស្រុក ដូចជា ឆ្កែ មាន់ ដំរី គោ ក្របីជាដើម សម្រាប់ប្រើប្រាស់ជាកម្លាំងអូសទាញ ឬយកសាច់និងស៊ុតធ្វើជាអាហារផងដែរ។ តើដូនតាមយើងសម័យបុរេប្រវត្តិចេះចញ្ចឹមសត្វទាំងនេះតាំងពីពេលណា?

ប្រវត្តិវិទូអាចកំណត់អាយុកាលនៃដើមកំណើតខ្មែរបានថា ខ្មែរមានបុរេប្រវត្តិសាស្ត្រចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ គឺប្រមាណ៦៨០,០០០ឆ្នាំមុនគ្រិស្ដសករាជ មកដល់គ្រិស្ដសតវត្សទី១ នេះបើយោងតាមសំណល់សម្ភារៈ ឆ្អឹងមនុស្សសម័យដើមដែលកប់ក្នុងស្ថានីយបុរេប្រវត្តិសាស្ត្រ។ ពួកគេក៏បានឆ្លងកាត់សម័យបុរេប្រវត្តិដូចជនជាតិដើមដទៃទៀតដែរ ខណៈសម័យបុរេប្រវត្តិសាស្ត្រខ្មែរមាន៤យុគ៖ យុគថ្មបំបែក (៦០០ពាន់ដល់១២០ពាន់ឆ្នាំមុនគ្រិស្តសករាជ) យុគថ្មរំលីង (៨ពាន់ឆ្នាំដល់២ពាន់ឆ្នាំមុនគ្រិស្តសករាជ) និងយុគលោហៈ (២ពាន់ដល់១០០ឆ្នាំមុនគ្រិស្តសករាជ)។

តាមការឱ្យរបស់អ្នកស្រាវជ្រាវ ក្រៅពីចំណេះចេះធ្វើកិច្ចការងារមួយចំនួន មនុស្សអម្បូរខ្មែរក៏ចេះផ្សាំងសត្វព្រៃឱ្យក្លាយទៅជាសត្វស្រុក ដូចជា ដំរី គោ ក្របី ឆ្កែ ឆ្មា មាន់ជាដើម។ ការផ្សាំងសត្វ ឬការយកសត្វព្រៃចិញ្ចឹមដើម្បីឱ្យក្លាយជាសត្វស្រុក ត្រូវបានដូនតាខ្មែរយើងផ្តើមធ្វើឡើងតាំងពីសម័យថ្មរំលីងមកម្ល៉េះ ពោលគឺនៅរវាង៨០០០ទៅ២០០០ឆ្នាំមុនគ.ស.។ ថ្មីៗនេះ តាមរយៈការស្រាវជ្រាវរបស់លោកបណ្ឌិត មីសែល ត្រាណេ បានអះអាងថា ក្នុងចំណោមសត្វជាច្រើនដែលដូនតាយើងបានផ្សាំង ហើយដែលបានរួមរស់ជាមួយមនុស្សយើងរហូតមកដល់សព្វថ្ងៃនេះ មានសត្វដំរី និងមាន់។

អ្វីដែលបានបង្ហាញនេះគឺជាភស្តុតាងនៃវប្បធម៌ដែលមានកាលបរិច្ឆេទច្បាស់លាស់មិនអាចប្រកែកបាន ហើយក៏ជាសក្ខីភាពមួយដែលឆ្លុះបញ្ចាំងនូវសកម្មភាពរបស់មនុស្សយ៉ាងពិតប្រាកដ ពោលគឺបានកើតឡើងដោយភាពឆ្លាតវៃរបស់មនុស្ស។ លើសពីនេះទៀត ការដែលសត្វព្រៃបានក្លាយមកជាសត្វស្រុកក៏ជាការបង្ហាញនូវភាពចំណាស់នៃវប្បធម៌ខ្មែរ ដែលតាំងពីកើតមកបានរួមរស់យ៉ាងសុខដុមរមនាជាមួយគ្នា និងជាមួយបរិស្ថានធម្មជាតិជុំវិញខ្លួន។

នៅសម័យដំបូង ដូនតាយើងចេះរស់នៅដោយការធ្វើកសិកម្ម និងដោយការចិញ្ចឹមសត្វដើម្បីយកសាច់និងស៊ុតមកទទួលទាន។ កំណាយពីស្ថានីយបុរេប្រវត្តិបង្ហាញឱ្យឃើញថា គេចេះបញ្ចុះសពដោយកប់ក្នុងផ្នូរខ្មោចនូវគ្រឿងអលង្ការ ឬឧបកណ៍ផ្សេងៗគ្រប់បែបយ៉ាង។ សំណល់វប្បធម៌បានឱ្យដឹងថា មនុស្សចូលចិត្តធ្វើផ្ទះខ្ពស់ផុតពីដីហើយរស់នៅផ្តុំគ្នាជាភូមិស្រុក ខ្លះទៀតរស់នៅក្នុងរូងភ្នំ ឬខ្ពង់រាប។

វប្បធម៌ខ្មែរដែលបានប្រសូតឡើងមុនទទួលឥទ្ធិពលឥណ្ឌាក៏មានចំណុចចាប់ផ្ដើមរបស់វាដែរ របកគំហើញនៃស្ថានីយបុរេប្រវត្តិសាស្ត្រប្រទេសកម្ពុជាផ្ដើមឡើងតាំងពី១០០ឆ្នាំមុនម្ល៉េះដោយជនជាតិបារាំងនៅស្រុកខ្មែរ។ ខ្មែរមានស្ថានីយបុរេប្រវត្តិសាស្ត្រជាច្រើន ដូចជានៅសំរោងសែនក្នុងខេត្តកំពង់ឆ្នាំង ភ្នំក្បាលរមាសក្នុងខេត្តកំពត ម្លូព្រៃក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តំបន់ដីក្រហមភាគខាងកើតនៃទន្លេមេគង្គក្នុងខេត្តកំពង់ចាម ស្រែស្បូវក្នុងខេត្តក្រចេះ និងនៅល្អាងស្ពានក្នុងខេត្តបាត់ដំបង៕

ប្រភព៖ សៀវភៅជំនឿសាសនាដើមរបស់ខ្មែរម្ចាស់ស្រុក របស់រាជបណ្ឌិត្យសភាកម្ពុជា