(ភ្នំពេញ)៖ បើតាមសំណល់សម្ភារៈ ឆ្អឹងមនុស្សសម័យដើមដែលចាស់ជាងគេបំផុត ហើយត្រូវបានរកឃើញនៅតាមស្ថានីយបុរេប្រវត្តិសាស្ត្រនានាបង្ហាញឱ្យយើងដឹងថា យ៉ាងណាស់មនុស្សដែលរស់នៅលើទឹកដីកម្ពុជាមានដើមកំណើតតាំងពី៦៨២,០០០ឆ្នាំមុនមកម្ល៉េះ។

យើងបានដឹងពីចំណេះដឹងទាំងនេះតាមរយៈឯកសាររបស់អ្នកស្រាវជ្រាវអន្តរជាតិដែលបានបោះពុម្ភផ្សាយ ហើយក៏មានអ្នករៀបរៀងសៀវភៅជាច្រើនបានដកស្រង់ការស្រាវជ្រាវ ការរកឃើញ និងទស្សនៈយល់ឃើញរបស់អ្នកស្រាវជ្រាវទាំងនោះ មកសរសេរជាសៀវភៅដើម្បីផ្ដល់ជាចំណេះសម្រាប់អ្នកសិក្សា អ្នកអានជាដើម។ ក្នុងចំណោមសៀវភៅជាច្រើននោះ យើងខ្ញុំក៏ទទួលបានសៀវភៅមួយក្បាលរបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលមានចំណងជើងថា «ជំនឿសាសនាដើមរបស់ខ្មែរម្ចាស់ស្រុក» ដោយក្នុងនោះបានប្រាប់យើងនូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹង «ដើមកំណើតខ្មែរ»។ ដូច្នេះហើយយើងខ្ញុំក៏សូមដកស្រង់ផ្នែកខ្លះៗ និងមានការកែសម្រួលពាក្យពេចន៍ខ្លះៗ ដើម្បីមកផ្សព្វផ្សាយបន្តជូនប្រិយមិត្តអ្នកអានក្នុងមាតិកាចំណេះដឹងទូទៅនេះ។

ចំពោះបញ្ហាកំណើតនៃជនជាតិខ្មែរ មានទ្រឹស្ដីជាច្រើនដែលមិនចុះសម្រុងគ្នា ដោយអ្នកនិពន្ធខ្លះសរសរថា ខ្មែរជាឥណ្ឌាទី២ ដោយឃើញខ្មែរយើងកាន់សាសនានិងទំនៀមទម្លាប់តាមបែបឥណ្ឌា ដូចជា ពិធីកោរជុក ពិធីបូជាសពជាដើម។ មានអ្នកស្រាវជ្រាវខ្លះទៀតបានអះអាងថា ខ្មែរបានធ្វើដំណើរនៅសម័យបុរេប្រវត្តិសាស្ត្រពីទិសខាងជើង គឺតំបន់ទីបេ ចុះមកតាំងទីលំនៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។
ទន្ទឹមនឹងនេះក៏មានអ្នកប្រាជ្ញមួយចំនួនបានសន្និដ្ឋានថា ខ្មែរជាអ្នកកើតលើទឹកដីឥណ្ឌូចិននេះដំបូងគេ គ្រាន់តែបានទទួលនូវឥទ្ធិពលវប្បធម៌ពីពួកឥណ្ឌាចាប់ពីសតវត្សទី១តែប៉ុណ្ណោះ។

ក្នុងចំណោមមតិយោបល់ទាំងនោះ យើងកត់សម្គាល់ឃើញមានទស្សនៈ២បែបដែលបានលើកឡើងពីដើមកំណើតជនជាតិខ្មែរ រួមមាន៖

ក. ទស្សនៈទី១
ក្រុមទី១គេទទួលស្គាល់ថា ខ្មែរជាជនជាតិអន្តោប្រវេសន៍ចេញពីប្រទេសឥណ្ឌា ហើយបានចូលមករាតត្បាតដណ្ដើមយកទឹកដីរបស់ជនជាតិដើមមួយ។ ជនជាតិដើមនោះ គឺមនុស្សក្នុងអម្បូរម៉ាឡាយូប៉ូលីនេស្យាង (Malayo-Polynesian) ឬអូស្តូនេស្យាង (Austronesian)។ មនុស្សក្នុងអម្បូរម៉ាឡាយូប៉ូលីនេស្យាង ឬអូស្តូនេស្យាងនេះ គឺស្ថិតនៅក្នុងអម្បូរភាសានិយាយរបស់ជនជាតិដែលរស់នៅលើកោះក្នុងតំបន់មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក, នេះគឺជាទស្សនៈរបស់លោក Hendrick Kerns (ហេនទ្រីក ឃើនស៍)។ ក្រោយមក មានអ្នកប្រាជ្ញមួយចំនួនទៀត​ ដូចជា លោក Adhémard Leclère (អាដេម៉ា ឡឺគ្លែរ) និងលោក ព្យែរ គូរូ (Pierre Gourou) ជាដើម ក៏ទទួលយល់ស្របតាមទស្សនៈខាងលើនេះដែរ។ លោក Pierre Gourou ថែមទាំងបានបញ្ជាក់ទៀតថា ជនជាតិខ្មែរ-មនប្រហែលជាត្រូវពួកទ្រាវិឌឬអារ្យ័ន (Aryan) ច្រានចេញពីប្រទេសឥណ្ឌា ហើយមួយចំនួនដែលសេសសល់បានចូលមកលុកលុយប្រទេសភូមា ប្រទេសសៀម និងប្រទេសកម្ពុជា។

ខ. ទស្សនៈទី២
ក្រុមទី២បានសន្និដ្ឋានថា ខ្មែរជាជនជាតិពិសេសមួយនៅក្នុងក្រុមខ្មែរ-មន (Khmer-Mon) ហើយបានកកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះតាំងពីបុរេប្រវត្តិមកម្ល៉េះ។ នេះគឺជាទស្សនៈរបស់លោក Bernard Philippe Groslier (ប៊ែរណា ហ្វីលីព គ្រូស្លីយើរ) ជាអ្នកធ្វើការនៅអភិរក្សដ្ឋានអង្គរ និងលោក Marcel Talabot (ម៉ារសែល តាឡាបូ)។ លោកទាំងពីរយល់ឃើញថា ក្នុងសម័យបុរេប្រវត្តិសាស្ត្រ មានហ្វូងមនុស្សជាច្រើនក្រុមបានចេញដំណើរពីភូមិភាគខាងជើងហើយចូលមកតាំងទីលំនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ក្នុងនោះមានពួកអូស្កូឡូស៊ីត (?) ពួកមេឡាណេស្យាង (Melanesia) និងឥណ្ឌូណេស្យាង (Indonesian)។
អម្បូរខ្មែរ-មន គឺជាពួកកាត់ផ្សំគ្នារវាងពួកឥណ្ឌូណេស្យាងនិងពួកមេឡាណេស្យាង ហើយដែលបានមករស់នៅរាយប៉ាយលើទឹកដីដែលលាតសន្ធឹងពីឥណ្ឌូចិន ជ្រោយមាឡាយូ រហូត់ដល់ព្រំប្រទល់ប្រទេសឥណ្ឌា។

តាមទស្សនៈក្រុមទី២ខាងលើ យើងឃើញថាហាក់ដូចជាសមស្របនឹងទស្សនៈរបស់ខ្មែរច្រើន ដោយហេតុថា តាមរយៈរឿងព្រេងនានា ជាពិសេសរឿងព្រះថោងនាងនាគ ខ្មែរតែងចាត់ទុកខ្លួនគឺមានប្រភពពីស្រុកខ្មែរនេះឯង។ នេះមានន័យថា ប្រសិនបើជាគ្មានព្រះនាងនាគឬសោមានៅស្រុកខ្មែរទេ ព្រះថោងឬកៅណ្ឌិន្យដែលមានប្រភពមកពីឥណ្ឌានោះ ក៏ពុំមានលទ្ធភាពគ្រប់គ្រងនគរភ្នំ (ហ្វូណន) ឬកោះគោកធ្លកបានដែរ ហើយឥណ្ឌាក៏មិនអាចផ្សព្វផ្សាយអរិយធម៌របស់ខ្លួននៅលើទឹកដីខ្មែរទៀតផង។ សរុបសេចក្ដីមក បញ្ហាដើមកំណើតជាតិខ្មែរនេះមានសម្មតិកម្មច្រើន និងប្លែកៗគ្នា តែមតិទាំងអស់នោះមានចំណុចរួមមួយត្រង់ថា ខ្មែរជាជនជាតិមួយស្ថិតក្នុងអម្បូរពិសេស គឺអម្បូរខ្មែរ-មន ឬខមនេះឯង។

ប្រវត្តិវិទូអាចកំណត់អាយុកាលនៃដើមកំណើតខ្មែរបានថា ខ្មែរមានបុរេប្រវត្តិសាស្ត្រចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ គឺប្រមាណ៦៨០,០០០ឆ្នាំមុនគ្រិស្ដសករាជ មកដល់គ្រិស្ដសតវត្សទី១ ឬតាំងពីប្រមាណ៦៨២,០០០ឆ្នាំមុនមកម្ល៉េះ នេះបើយោងតាមសំណល់សម្ភារៈ ឆ្អឹងមនុស្សសម័យដើមដែលកប់ក្នុងស្ថានីយបុរេប្រវត្តិសាស្ត្រ៕

ប្រភព៖ សៀវភៅជំនឿសាសនាដើមរបស់ខ្មែរម្ចាស់ស្រុក របស់រាជបណ្ឌិត្យសភាកម្ពុជា