(ភ្នំពេញ)៖ នៅភាគ៣ យើងដឹងហើយថា លក្ខណៈពិសេសរបស់ជនជាតិខ្មែរ គឺធ្វើសំយោគទស្សនវិជ្ជារបស់ប្រទេសដែលមានអរិយធម៌ចំណាស់ជាមួយទស្សនវិជ្ជាក្នុងស្រុកដែលមានស្រាប់ ហើយបង្កើតបានជាទស្សនវិជ្ជាពិសេសមួយដែលត្រូវនឹងស្ថានភាពនៅក្នុងស្រុក ខណៈនៅភាគ៤នេះ យើងនឹងយល់ទាំងអស់គ្នាថា តើទស្សនវិជ្ជាខ្មែរមានបង្កប់នៅក្នុងរូបភាពណាខ្លះ?

លោក សរ រិទ្ធី បេក្ខជនបណ្ឌិតទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅតែជាវាគ្មិនរបស់យើងដែលចូលខ្លួនមកបកស្រាយជូនមិត្តអ្នកទស្សនា/អ្នកអាននូវចំណេះដឹងទូទៅមួយនេះ។

លោក សរ រិទ្ធី បានឱ្យដឹងថា ទស្សនវិជ្ជារបស់ខ្មែរមានបង្កប់ស្ទើរគ្រប់រូបភាព ទាំងសាសនា សិល្បៈ ការអប់រំ អក្សរសិល្ប៍ ស្ថាបត្យកម្ម សំណង់ប្រាសាទជាដើម គឺសុទ្ធតែមានបង្កប់នូវទស្សនវិជ្ជាទាំងអស់ ឧទាហរណ៍នៅតាមប្រាសាទផ្សេងៗសុទ្ធតែបង្កប់ទៅដោយខ្លឹមសារនៃសិល្បៈ ខ្លឹមសារនៃទស្សនវិជ្ជារបស់ខ្មែរ។ របាំបុរាណផ្សេងៗ ទោះបីទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌាក៏ពិតមែន តែដូនតាខ្មែរអាចច្នៃឱ្យចេញជាសិល្បៈរបស់ខ្មែរ មានក្បួនចង្វាក់បែបខ្មែរ ពោលគឺមានភាពនឹងន ទន់ភ្លន់តែមិនទន់ជ្រោយ រឹងមាំតែមិនរឹងរួស នោះហើយជាទស្សនវិជ្ជាខ្មែរដែលមានបង្កប់នៅក្នុងសិល្បៈ ដែលខ្មែរចេះស្លសិល្បៈទាំងនេះជាមួយគំនិតរបស់ខ្មែរខ្លួនឯង ហើយចេញជារូបភាពថ្មីមានតម្លៃជារបស់ខ្មែរ។

លោកបានបន្តថា គេក៏ឃើញទស្សនវិជ្ជាខ្មែរមានបង្កប់នៅក្នុងផ្នែកអក្សរសិល្ប៍ដែរ តួយ៉ាងដូចជានៅក្នុងរឿងនិទានផ្សេងៗ។ លោកថា រឿងនិទានខ្មែរ គឺសុទ្ធតែបង្កប់នូវទស្សនវិជ្ជាអប់រំ ឧទាហរណ៍នៅក្នុងរឿងនិទាន មានសាច់រឿងខ្លះ នៅពេលតួអង្គណាមួយរងភាពអយុត្តិធម៌ គឺតែងទៅរកសុភាទន្សាយឱ្យជួយដោះស្រាយបញ្ហា។ សុភាទន្សាយជាអ្នកណា? គឺជាអ្នកមានប្រាជ្ញា យល់ការណ៍រាក់ជ្រៅ ថែមទាំងតំណាងឱ្យភាពយុត្តិធម៌ ភាពសុចរិត សមធម៌ ដែលអ្នកនិពន្ធចង់បង្ហាញថា ការរស់នៅក្នុងសង្គម គឺត្រូវមានការគោរពគ្នា ប្រកាន់សច្ចភាព យុត្តិធម៌។ លោកបន្ថែមថា ចំពោះការដឹកនាំប្រទេស គឺត្រូវមានទសពិធរាជធម៌ ត្រូវស្រឡាញ់យុត្តិធម៌ សមភាព សមធម៌ជាដើម។ អីចឹងនៅក្នុងរឿងអប់រំនានា គឺសុទ្ធតែបង្កប់នូវទស្សនវិជ្ជាទាំងអស់ ដែលយើងអាចយកមកសិក្សាបាន នេះគឺជាភាពខ្លាំងរបស់អ្នកប្រាជ្ញខ្មែរ។

លើសពីនេះ លោក សរ រិទ្ធី សង្កេតឃើញទស្សនវិជ្ជារបស់ខ្មែរបានបង្កប់ក្នុងល្បែងប្រជាប្រិយខ្មែរផងដែរ ជាក់ស្ដែងដូចជាការលេងល្បែងរបាំប្រជាប្រិយក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលទើបកន្លងទៅថ្មីៗ ប្រជាជនតែងតែនាំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ ដូចជា ល្បែងទាញព្រ័ត្រ វាយក្អមជាដើម។ លោកពន្យល់ថា ល្បែងទាញព្រ័ត្រនេះ គឺមានបង្កប់នូវទស្សនវិជ្ជាឱ្យអ្នកចូលរួមទាំងអស់គ្នាត្រូវសាមគ្គីគ្នា បញ្ចេញកម្លាំងកាយឱ្យស្រុះគ្នា កាលណាម្នាក់ណាមួយមិនជួយគ្នាទេ នោះនឹងធ្វើឱ្យចាញ់ប្រៀបភាគីម្ខាងទៀតហើយ។ ការណ៍នេះ គឺប្រៀបដូចដូនតាចង់ឱ្យកូនចៅខ្មែរចេះរួមសាមគ្គីគ្នា រួមកម្លាំងគ្នាឱ្យខ្លាំង កាលណាខ្មែររួមគ្នា ទើបខ្មែរយើងខ្លាំង។ ការដឹកនាំប្រទេសជាតិក៏ដូចគេ គឺត្រូវរួមគ្នាប្រឹងគ្រប់ផ្នែកគ្រប់វិស័យទាំងអស់ ទើបអាចកសាងប្រទេស អភិវឌ្ឍប្រទេសជាតិឱ្យបានរឹងមាំជឿនលឿន។

លោក សរ រិទ្ធី បានលើកឡើងពីល្បែងវាយក្អមទៀតដែរថា មុននឹងវាយក្អម គឺបានបង្វិលយើងសិនហើយបានឱ្យដើរទៅវាយ ដូច្នេះការបង្កប់នូវទស្សនវិជ្ជា គឺចង់ឱ្យបុគ្គលអ្នកវាយក្អមនោះត្រូវចេះពង្រឹងស្មារតី ដឹងពីជំហានដែលត្រូវដើរដោយប្រុងប្រយ័ត្ន ហើយមានការគិតអំពីទិសដៅរបស់ខ្លួនឱ្យបានច្បាស់ ចេះធ្វើសម្មាធិក្នុងចិត្ត ទោះបីស្ថិតនៅក្នុងស្ថានភាពគេបង្វិលយ៉ាងណាក៏ដោយ តែកុំភ្លេចខ្លួន និងមិនត្រូវវង្វេងឡើយ ពោលគឺត្រូវយកចិត្តទុកដាក់ចំពោះគោលដៅរបស់ខ្លួន។ ក្រៅពីល្បែងប្រជាប្រិយទាំងនេះ នៅមានល្បែងរបាំជាច្រើនទៀត គឺសុទ្ធតែបានបង្កប់ទៅដោយទស្សនវិជ្ជាអប់រំនៅខាងក្នុងនោះ។

បេក្ខជនបណ្ឌិតទស្សនវិជ្ជារូបនេះបានបន្ថែមទៀតថា «សូម្បីតែចម្រៀង កំណាព្យ ក៏សុទ្ធតែបង្កប់ក្នុងភាសាអប់រំពាសពេញទាំងអស់ ដែលយើងអាចយកមកសិក្សាបាន ពោលគឺមានភាពសម្បូរបែបណាស់»