(ភ្នំពេញ)៖ ចាប់តាំងពីឆ្នាំ១៩៤៥មក ប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រីចំនួន៣៧អង្គ/រូបហើយ ដោយក្នុងចំណោមនោះមានទាំងព្រះមហាក្សត្រ រាជវង្សានុវង្ស ឥស្សរជន ម្យ៉ាងទៀតក៏មាន៤រូបជានាយករដ្ឋមន្រ្តីស្តីទី (បណ្តោះអាសន្ន)។ នេះបើតាមគេហទំព័រវីគីភីឌា។
ខាងក្រោមនេះជាបញ្ជីរាយព្រះនាម និងនាមរបស់នាយករដ្ឋមន្ត្រីកម្ពុជាទាំង៣៧អង្គ/រូប៖
I. សម័យអាណានិគមបារាំង និងអាណានិគមជប៉ុន
ទី១. នាយករដ្ឋមន្ត្រីដំបូងបង្អស់របស់ប្រទេសកម្ពុជា គឺព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (១៩២២-២០១២)។ ព្រះអង្គបានយាងគ្រងព្រះបរមរាជសម្បត្តិជាផ្លូវការ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៤១ (បន្ទាប់ពីរជ្ជកាលព្រះបាទស៉ីសុវត្ថិ មុនីវង្ស) នាអំឡុងសម័យដែលអាណានិគមជប៉ុនកំពុងផ្ចាញ់ផ្ញាលអាណានិគមបារាំង ដើម្បីវាតទីត្រួតត្រាកម្ពុជានិងតំបន់ឥណ្ឌូចិនទាំងមូល។ ជប៉ុនបានគាំទ្រឱ្យកម្ពុជាប្រកាសឯករាជ្យពីអាណានិគមបារាំង ហើយព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកាន់តំណែងជានាយករដ្ឋមន្ត្រីផងដែរ។ ការកាន់តំណែងជានាយករដ្ឋមន្ត្រីដំបូងបង្អស់របស់កម្ពុជានេះ គឺចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៤៥ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៥ ពោលគឺមានរយៈពេល១៤៨ថ្ងៃ។
ទី២. នាយករដ្ឋមន្ត្រីទី២ គឺឯកឧត្តម សឺង ង៉ុកថាញ់ (១៩០៨-១៩៧៧) ដែលបានកាន់តំណែងចាប់ពីថ្ងៃទី១៤ សីហា ១៩៤៥ ដល់ថ្ងៃទី១៦ តុលា ១៩៤៥ ពោលគឺមានរយៈពេល៦៣ថ្ងៃ។
ទី៣. នាយករដ្ឋមន្ត្រីទី៣ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុន្នីរ៉េត ដែលបានកាន់តំណែងចាប់ពីថ្ងៃទី១៧ តុលា ១៩៤៥ ដល់ ១៥ ធ្នូ ១៩៤៦ ពោលគឺមានរយៈពេល១ឆ្នាំ និង៥៩ថ្ងៃ។ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុន្នីរ៉េត ក្រោយមកក៏ទទួលបានគោរមងារជា «សម្ដេចក្រុមព្រះ ស៊ីសុវត្ថិ មុន្នីរ៉េត»។
ទី៤. នាយករដ្ឋមន្ត្រីទី៤ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស ដែលបានកាន់តំណែងចាប់ពីថ្ងៃទី១៥ ធ្នូ ១៩៤៦ ដល់ ១៧ កក្កដា ១៩៤៧ ពោលគឺមានរយៈពេល២១៤ថ្ងៃ។
ទី៥. នាយករដ្ឋមន្ត្រីទី៥ គឺព្រះអង្គម្ចាស់ ស៊ីសុវត្ថិ វឌ្ឍឆាយាវង្ស ដែលបានកាន់តំណែងចាប់ពីថ្ងៃទី២៥ កក្កដា ១៩៤៧ ដល់ ២០ កុម្ភៈ ១៩៤៨ ពោលគឺមានរយៈពេល២១០ថ្ងៃ។
ទី៦. នាយករដ្ឋមន្ត្រីទី៦ គឺឯកឧត្តម ឈាង វ៉ម ដែលបានកាន់តំណែងចាប់ពីថ្ងៃទី២០ កុម្ភៈ ១៩៤៨ ដល់ ១៤ សីហា ១៩៤៨ ពោលគឺមានរយៈពេល១៧៦ថ្ងៃ។
ទី៧. នាយករដ្ឋមន្ត្រីទី៧ គឺសម្ដេច ប៉ែន នុត ដែលបានកាន់តំណែងចាប់ពីថ្ងៃទី១៥ សីហា ១៩៤៨ ដល់ ២១ មករា ១៩៤៩ ពោលគឺមានរយៈពេល១៥៩ថ្ងៃ។
ទី៨. នាយករដ្ឋមន្ត្រីទី៨ គឺឯកឧត្តម យ៉ែម សំបូរ ដែលបានកាន់តំណែងលើកទី១ ចាប់ពីថ្ងៃទី១២ កុម្ភៈ ១៩៤៩ ដល់ ២០ កញ្ញា ១៩៤៩ ពោលគឺមានរយៈពេល២២០ថ្ងៃ។
ទី៩. នាយករដ្ឋមន្ត្រីទី៩ គឺឯកឧត្តម អៀវ កើស ដែលបានកាន់តំណែងចាប់ពីថ្ងៃទី២០ កញ្ញា ១៩៤៩ ដល់ ២៩ កញ្ញា ១៩៤៩ ពោលគឺមានរយៈពេល៩ថ្ងៃ។
ទី១០. នាយករដ្ឋមន្ត្រីទី១០ គឺឯកឧត្តម យ៉ែម សំបូរ បានកាន់តំណែងលើកទី២ ចាប់ពីថ្ងៃទី២៩ កញ្ញា ១៩៤៩ ដល់ ២៨ មេសា ១៩៥០ ពោលគឺមានរយៈពេល២១១ថ្ងៃ។