(ភ្នំពេញ)៖ តើអ្នកដឹងទេថា កាក់របស់ខ្មែរដំបូង ត្រូវបានត្រូវបានផលិតឡើងក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (610-635) សតវត្សទី៧ ដែលជាព្រះមហាក្សត្រមួយអង្គនៅសម័យចេនឡា និងមានរាជធានីនៅឦសានបុរៈ (តំបន់សំបូរព្រៃគុក ខេត្តកំពង់ធំ)។
លោក ប្លែស គីលីយ៉ង់ (Blaise Kilian) សហប្រធានសារមន្ទីរសេដ្ឋកិច្ចនិងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ហៅកាត់ ស.ស.រ បានឱ្យដឹងថា គេបានរកឃើញកាក់របស់ព្រះបាទស្រីឦសានវរ្ម័ន ដែលជាកាក់ដំបូងរបស់ខ្មែរមានអាយុកាលយូរជាងគេបំផុត ដោយម្ខាងមានបោះអក្សរ «ស្រីឦសានវម៌្ម» ដែលជាព្រះនាមរបស់ព្រះបាទស្រីឦសានវរ្ម័នទី១ និងម្ខាងទៀតមានបោះអក្សរ «ឦសានបុរៈ» ដែលជាឈ្មោះរាជធានីឦសានបុរៈ នាតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំបច្ចុប្បន្ន។
លោក ប្លែស គីលីយ៉ង់ បានបន្តថា ចំពោះការប្រើប្រាស់រូបិយវត្ថុនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា គឺមានតាំងពីសម័យនគរភ្នំ ឬហ្វ៊ូណន ដែលគេបានធ្វើកំណាយរកឃើញជា «កាក់ព្រះអាទិត្យរះ» ដែលបានត្រូវបានធ្វើចរាចរណ៍នៅទូទាំងព្រះនគរ ប៉ុន្តែមិនមែនកាក់ដែលផលិតដោយខ្មែរនោះទេ។
គួរជម្រាបថា កាក់ខ្មែរក្នុងរាជ្យព្រះបាទស្រីឦសានវរ្ម័នក៏ត្រូវបានតាំងបង្ហាញនៅសារមន្ទីរ ស.ស.រ ផងដែរ ក្រៅពីនោះក៏មានកាក់រូបព្រះអាទិត្យរះ កាក់ក្រិក-ហិណ្ឌូ កាក់រ៉ូម៉ាំង ក៏ដូចជាកាក់ប្រាក់ រូបិយវត្ថុ លុយជាច្រើនទៀត ជាមួយនឹងការផ្ដល់នូវចំណេះដឹងល្អៗស៉ីជម្រៅពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រ២,០០០ឆ្នាំរបស់កម្ពុជា ប្រវត្តិសេដ្ឋកិច្ចជាដើម។ សារមន្ទីរ ស.ស.រ មានទីតាំងស្ថិតនៅតាមបណ្ដយវិថីព្រះមហាក្សត្រីយានី កុសមៈ (ក្បែររមណីយដ្ឋានវត្តភ្នំ)។ លោកអ្នកអាចចូលទស្សនាបានចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ (បិទនៅថ្ងៃចន្ទ)៕