(ភ្នំពេញ)៖ តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាគេផលិត Keyboard ឬក្ដារចុចកុំព្យូទ័រ ដែលយើងប្រើប្រាស់ដូចពេលបច្ចុប្បន្ន មិនតម្រៀបតាមលំដាប់លំដោយអក្ខរក្រមភាសាអង់គ្លេស ABCD... ហើយបែរជាដាក់ត្រឡប់ត្រឡិន QWERTY... ទៅវិញយ៉ាងដូច្នេះ?

ចម្លើយគឺឆ្លើយខ្លី គឺដោយសារក្ដារចុចកុំព្យូទ័រយកគំរូតាមក្ដារចុចអង្គុលីលេខ ដែលពិភពលោកធ្លាប់ប្រើប្រាស់កាលពីសម័យមុន ពោលគឺចាប់ពីសតវត្សទី១៨-២០។

* ចុះហេតុអ្វីបានជាក្ដារចុចអង្គុលីលេខផលិតឡើងមិនតម្រៀបតាមលំដាប់លំដោយអក្សរ ABCD... យ៉ាងដូច្នេះ?

នៅពេលដែលគេបង្កើតអង្គុលីលេខដំបូង អក្សរទាំងអស់នៅលើ Keyboard របស់វាត្រូវបានតម្រៀបតាមលំដាប់ ABCD...យ៉ាងត្រឹមត្រូវ ប៉ុន្តែដោយសារអ្នកប្រើប្រាស់អង្គុលីលេខវាយអក្សរលើ Keyboard លឿនជាងដំណើរការរបស់ម៉ាស៉ីនអង្គុលីលេខ ដែលបណ្ដាលឱ្យអក្សរដែលវាយចេញមកជាន់គ្នាឥតសណ្ដាប់ធ្នាប់ ពីព្រោះអង្គុលីលេខសម័យនោះដំណើរការយឺតជាងកុំព្យូទ័របច្ចុប្បន្នឆ្ងាយណាស់។

ដោយសារតែជួបបញ្ហានេះហើយ ទើបនៅឆ្នាំ១៨៦៨ អ្នកកាសែតអាមេរិកម្នាក់ គឺលោក Christopher Latham Sholes បានប្ដូរការតម្រៀបតួអក្សរអង់គ្លេសទៅជាត្រឡប់ត្រឡិនវិញ ពោលគឺពី ABCD មកជា QWERTY ក្នុងគោលបំណងបន្ថយល្បឿននៃការវាយអក្សរនៅលើ Keyboard ដើម្បីឱ្យអក្សរដែលបានសរសេរនៅលើអង្គុលីលេខនោះ ចេញមកត្រឹមត្រូវតាមការវាយសរសេរវិញ។

សូមជម្រាបថា ក្រៅពីប្រភេទក្ដារចុច QWERTY នេះ ក៏មានអ្នកបង្កើតក្ដារចុចប្រភេទផ្សេងទៀតដែរ ដូចជាប្រភេទ QWERTZ ប្រភេទ AZERTY ប្រភេទ FGGIO ប្រភេទ AEI:? ជាដើម

លុះដល់ពេលដែលពិភពលោកអាចបង្កើតកុំព្យូទ័របាន គេក៏ផលិត Keyboard ឬក្ដារចុចកុំព្យូទ័រតាមគំរូក្ដារចុចអង្គុលីលេខនេះតែម្ដង។ គួរកត់សម្គាល់ថា មានតួអក្សរ២ដែលយើងមិនសូវប្រើជាងគេក្នុងចំណោមអក្ខរក្រមអង់គ្លេសទាំងអស់ នោះគឺអក្សរ X និង Z ដូច្នេះហើយទើបតក្កករដែលបង្កើតក្ដារចុចនេះ ដាក់ទីតាំងពួកវានៅម្ដុំក្រោមបាតដៃរបស់យើង៕