(ភ្នំពេញ)៖ ប្រទេសសមាជិកអាស៊ានទាំង១០សុទ្ធតែមានសត្វតំណាងអត្តសញ្ញាណជាតិរៀងៗខ្លួន ខណៈលក្ខណៈពិសេសរបស់សត្វទាំងនោះ គឺមានការពាក់ព័ន្ធទៅនឹងឈ្មោះប្រទេស ប្រវត្តិសាស្ត្រ ជំនឿ វប្បធម៌ ប្រពៃណី មរតកធម្មជាតិជាដើម ក្នុងនោះសត្វតំណាងរបស់ប្រទេសកម្ពុជា គឺសត្វគោព្រៃ។
ការណ៍ដែលគោព្រៃក្លាយជាសត្វតំណាងជាតិរបស់ប្រទេសកម្ពុជា ព្រោះដោយសត្វចតុបាទប្រភេទនេះគឺជាមរតកធម្មជាតិដ៏សំខាន់មួយរបស់ប្រទេសយើង។ គេនៅចាំបានថា នៅឆ្នាំ១៩៦៤ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» បានចេញព្រះរាជប្រកាសជាផ្លូវការថា សត្វតំណាងជាតិនៃប្រទេសកម្ពុជា គឺសត្វគោព្រៃ និងបានចេញច្បាប់ហាមប្រាមមិនឱ្យមានការបរបាញ់ថែមទៀតផង។ វាជាប្រភេទសត្វកម្រមួយប្រភេទដែលអាចនឹងផុតពូជទៅហើយនៅតំបន់ឥណ្ឌូចិន។ គេជឿថាពួកវាអាចនៅមានសេសសល់ក្នុងព្រៃនៃប្រទេសកម្ពុជា ដូចជា ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ មណ្ឌលគិរី រតនគិរី ខេត្តស្ទឹងត្រែងជាដើម។ ប៉ុន្តែគួរឱ្យសោកស្ដាយ ក្នុងរយៈពេល៣០-៤០ឆ្នាំមកនេះគេពុំដែលប្រទះឃើញវត្តមានគោព្រៃទៀតនោះទេ។
* ភិនភាគសម្គាល់
គោព្រៃជាសត្វពាហនៈមួយយ៉ាងធំដែលមានទំហំប្រហែលនឹងក្របីព្រៃដែរ។ គោព្រៃឈ្មោលអាចមានកម្ពស់ដល់២ម៉ែត្រ គិតទាំងកំពូលបូករបស់វា ហើយមានទម្ងន់ជាមធ្យម៩០០គីឡូម៉ែត្រ។ គោព្រៃអាចមានសម្បុរប្រផេះ ត្នោតចាស់ ឬក៏ខ្មៅតែម្ដង។ គោព្រៃញីមានស្នែងរាងកោងដូចស្នែងរបស់សត្វខ្ទីងដែរ ឯស្នែងរបស់គោឈ្មោលមានប្រវែងជិត១ម៉ែត្រ កោងទៅមុខងឡើងលើ ហើយចាប់ផ្ដើមមានសំណកនៅចុងស្នែងនៅពេលពួកវាមានអាយុ៣ឆ្នាំ។ ទាំងគោព្រៃញីនិងឈ្មោលមានគន្លាក់ច្រមុះ ហើយមានកន្ទុយវែងៗ។
* ជីវសាស្ត្រ
គោព្រៃច្រើនរស់នៅតាមទីទួលទាបៗដែលមានដើមឈើខ្លះៗ ហើយអាហារចម្បងរបស់ពួកវាគឺស្មៅ និងរុក្ខជាតិ។ គោព្រៃជាសត្វចូលចិត្តភាពងងឹត វារកស៊ីតាមវាលនៅពេលយប់ បើពេលថ្ងៃពួកវាចូលចិត្តរកស៊ីក្រោមដើមឈើ។ ជាធម្មតា ពួកវារស់នៅជាហ្វូងប្រហែល២០ក្បាល ដែលមានទាំងមេគោ កូនគោ ហើយក៏អាចមានបានៅរដូវក្ដៅផងដែរ។
* ការបន្តពូជ
ជាទូទៅ គោព្រៃចាប់ផ្ដើមបន្តពូជនៅរដូវក្ដៅនោះឯង។ គោព្រៃញីពរពោះចន្លោះពេល៨ទៅ៩ខែ ហើយកើតកូនម្ដងបានតែមួយនោះទេ។ នៅពេលជិតគ្រប់ខែ គោព្រៃញីចាកចេញពីហ្វូងដើម្បីទៅបង្កើតកូនក្នុងព្រៃជ្រៅ ហើយនៅពេលកូនរបស់ពួកវាបានអាយុ១ខែ ទើបនាំកូនត្រឡប់មករកហ្វូងវិញ។
* ទំនាក់ទំនងជាមួយអម្បូរផ្សេងទៀត
សំណេរអំពីសត្វសាស្រ្តដែលបោះពុម្ពពីការស្រាវជ្រាវដោយសាកលវិទ្យាល័យ Northwestern ទីក្រុងឡុង ចក្រភពអង់គ្លេស បានបញ្ជាក់ថា តាមការប្រៀបធៀបតម្រៀបរបស់មីតូកុងទ្រី (Mitochondrial Sequences) បានបង្ហាញថា គោព្រៃអាចជាអម្បូរបង្កាត់ (Hybrid) រវាងគោបាសេប៊ូ (Zebu) និងទន្សោង (Banteng)។ ប៉ុន្តែក្រោយមក អ្នកនិពន្ធឯកសារនេះក៏បានដកសេចក្ដីសន្និដ្ឋាននេះចេញវិញ ដោយសារតែការរកឃើញសំណល់ហ្វូស៊ីលលលាដ៍ក្បាលគោព្រៃដែលមានអាយុនៅចុងសម័យផ្លេស្តូសែន (Pleistocene) ឬក៏ដើមសម័យអូឡូសែន (Holocene) ដែលពួកគេសន្និដ្ឋានថ្មីឡើងវិញបានថា គោព្រៃមិនមែនជាអម្បូរបង្កាត់។ យោងតាមការវិភាគហ្សែន (Genetic Analysis) ជាច្រើនដងទៀត បានបង្ហាញថាគោព្រៃមិនមែនជាអម្បូរបង្កាត់ពិតប្រាកដមែន។
* ទិន្នន័យចុងក្រោយរបស់គោព្រៃ
គេប៉ាន់ស្មានថា គោព្រៃមានតិចជាង២៥០ក្បាលនៅទូទាំងពិភពលោក។ ចំនួនដ៏ទាបនេះគឺបណ្ដាលមកពីគ្មានការហាមឃាត់ក្នុងការបរបាញ់របស់ទាហាននិងអ្នកស្រុក ការឆ្លងជំងឺពីសត្វស្រុក និងការបាត់បង់ជម្រក។
បើទោះជាយ៉ាងណា គ្មានគោព្រៃណាត្រូវបានគេប្រទះឃើញក្រោយឆ្នាំ១៩៨៣នោះទេ ហើយនៅទសវត្សចុងក្រោយនេះមានការរុករកសត្វគោរព្រៃក្នុងព្រៃជាច្រើនដង តែមិនទទួលបានលទ្ធផលអ្វីទេ។ របាយការណ៍របស់ IUCN នាឆ្នាំ២០០៨ បានចាត់បញ្ចូលគោព្រៃថាកំពុងរងគ្រោះធ្ងន់ធ្ងរ ឬអាចផុតពូជ។ គ្មានគោព្រៃណាត្រូវបានចាប់ទុកដោយអ្នកស្រុកនោះទេ។ មានគោព្រៃមួយក្បាលដែលគេបានចាប់ពីក្នុងព្រៃ ហើយបញ្ជូនទៅសួនសត្វ Vincennes នៅទីក្រុងប៉ារីស កាលពីឆ្នាំ១៩៣៧ ក៏បានស្លាប់នៅដើមសង្គ្រាមលោកលើកទី២ទៅទៀត។ គោព្រៃមួយក្បាលនោះហើយដែលត្រូវបានកំណត់ជាគំរូប្រភេទ (Holotype) ដោយជីវវិទូបារាំង លោក Achille Urbain។
* ទំនាក់ទំនងជាមួយប្រជាជនខ្មែរ
គោព្រៃដែលមានពូជកើតក្នុងព្រៃ រស់នៅក្នុងព្រៃ (មានតែក្នុងខេត្តកំពង់ធំ) ជាគោមានមាឌធំៗ ស្នែងមានរំពត់រមួល សម្បុរខ្លួនខ្មៅរលើប មានពពាលសត្រង់កជើងទាំង៤ (ហៅថាចាំងជើង)។ នាសម័យបុរាណ គេទាក់យកកូនគោព្រៃឈ្មោលស្ទាវៗមកផ្សាំង លុះវាធំឡើងគេទុកធ្វើជាបាក្រោល កូនកាត់ពីបានោះ ប្រសិនបើឈ្មោលមានមាឌធំៗស្រដៀងនឹងបាវា មានរំពត់ស្នែងដូចបាវាដែរ ដែលខ្មែរយើងតែងហៅថា «គោខ្មែរ» ឬ «គោល្បាយ»។ លុះតពូជរៀងមក គេក៏នៅតែហៅគោទាំងនោះថា «គោខ្មែរៗ» ជាប់រហូតមក។ គោពូជផ្សេងពីពូជគោខ្មែរនោះ ដោយហេតុគេនាំយកមកពីប្រទេសសៀមមក ហៅថា «គោសៀម» ប៉ុន្តែក្នុងពេលបច្ចុប្បន្ន អ្នកស្រុកក៏លែងហៅទៀតហើយ នៅតែពាក្យថាគោៗប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងប្រវត្តិរាជការខ្មែរ មានងារមន្ត្រីរាជការមួយហៅថា «ឧកញ៉ាពហុលទេព» ឬចៅហ្វាយត្រួតកិច្ចការគោ ដែលមាននាទីហូតយកគោកូនកាត់ក្នុងមួយក្រោល១ក្បាលបញ្ចូលជាគោព្រះរាជទ្រព្យ ហៅថា «ហូតភ្នែកបា» ម្ចាស់ក្រោលឯណាក៏ត្រូវយល់ព្រមនឹងការហូតភ្នែកបានេះដែរ (ប្រៀបដូចយកពន្ធជាសត្វគោ) ព្រោះជាការចាំបាច់តាមមាត្រាច្បាប់ក្រមពហុលទេព។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ នៅពេលថ្មីៗ គេបានប្រទះឃើញហ្វូងគោព្រៃនៅប្រទេសវៀតណាម ដែលអ្នកសត្វសាស្ត្រវៀតណាមអះអាងថាពួកវាអាចមានទម្ងន់ដល់ទៅ១,៧០០គីឡូក្រាមឯណោះ ប៉ុន្តែរបាយការណ៍នេះនៅតែស្ថិតក្នុងភាពមិនទាន់ផ្លូវការនៅឡើយ៕