(ភ្នំពេញ)៖ សិល្បស្ថាបត្យកម្មខ្មែរ ត្រូវបានបែងចែកជាច្រើនរចនាបថ រួមមាន រចនាបទភ្នំដា រចនាបថសំបូរ រចនាបថព្រៃក្មេង រចនាបថកំពង់ព្រះ រចនាបថគូលែន រចនាបថព្រះគោ រចនាបថបាខែង រចនាបថកោះកេរ រចនាបថប្រែរូប រចនាបថបន្ទាយស្រី រចនាបថឃ្លាំង រចនាបថបាពួន រចនាបថអង្គរវត្ត រចនាបថបាយ័ន្ត រចនាបថសម័យកណ្ដាលជាដើម។

បដិមាសិល្បៈនៃក្រុមប្រាសាទកោះកេរ គឺមានលក្ខណៈពិសេសជាងគេក្នុងចំណោមរចនាបថទាំងឡាយនៃប្រវត្តិសិល្បៈខ្មែរ ដោយបដិមាសាស្ត្រស្ថិតក្នុងរចនាបថថ្មីស្រឡាហៅថា «រចនាបថកោះកេរ»។ វាបែកចេញពីសិល្បៈស្ដាទិចដែលមានជំហរត្រង់គ្មានចលនា វិវត្តទៅរកសិល្បៈមានចលនា ពោលគឺបដិមាមានទំហំធំៗហាក់បីដូចមានចលនារស់រវើក មានន័យថា សិល្បករបានរិះរករូបមន្តថ្មីមួយ ដើម្បីទប់លំនឹងរូបដែលជាលក្ខណៈពិសេសនៃសិល្បៈរចនាបថកោះកេរ។ លក្ខណៈពិសេសបែបនេះ គេប្រទះឃើញភាគច្រើនមានតែនៅក្នុងតំបន់កោះកេរ ដូចជា បដិមាព្រះសិវនាថរាជ (ព្រះសិវៈរាំ) ធ្លាប់តម្កល់នៅប្រាសាទក្រហម បដិមាពាលីនិងសុគ្រីពប្រយុទ្ធគ្នាធ្លាប់តម្កល់នៅប្រាសាទចិន បដិមាគ្រុឌដើរ និងអ្នកប្រយុទ្ធបោកចំបាប់ធ្លាប់តម្កល់នៅប្រាសាទធំ បដិមាមនុស្សគមខ្នងលើកដៃប្រណម បដិមារូបព្រះអាទិត្យ ផ្កាឈូក និងដង្វាយគ្រាប់ផ្គាំ និងរូបទេពភេទស្រីក្នុងកាយវិការរាំជាដើម។

ភាគច្រើនបដិមារចនាបថកោះកេរបង្ហាញរូបមានទ្រង់ទ្រាយធំ គឺបដិមានិងជើងទម្រត្រូវបានឆ្លាក់ឡើងពីថ្មមួយដុំធំ ដូចជា ចម្លាក់រូបពាលីនិងសុគ្រីព ឧមាមហេស្វរៈធ្លាប់តម្កល់នៅប្រាសាទធំជាដើម។ ក្រៅពីនេះមានបដិមាជាច្រើនទៀតដែលឆ្លាក់ដាច់ពីជើងទម្រ ដោយមានប្រើពន្លួញអាចដកចេញចូលបាន ជួនកាលពន្លួញនោះគេមិនរំលីងបានស្អាតទេ។ គេប្រើបច្ចេកទេសដោយច្នៃគ្រឿងលម្អនៃសម្លៀកបំពាក់របស់បដិមានេះឆ្លាក់ជាប់ជាមួយជើងទម្រតែម្ដង។ ជាក់ស្ដែង រូបពាលីនិងសុគ្រីព និងរូបគ្រុឌ សិល្បករឆ្លាក់ឡើងដោយយកជាយសំពត់ទម្លាក់ចុះឱ្យជាប់នឹងជើងទម្រដើម្បីជាជន្ទល់ទប់ទម្ងន់ និងបង្កើនភាពរឹងមាំ។

បដិមានៃរចនាបថកោះកេរមានមាឌធំ ធាត់ មិនសូវមានសាច់ដុំ តែមានក្បាលពោះ មុខធំរាងការ៉េ ថ្ងាសទូលាយ ចំណែកចិញ្ចឹមមានទម្រង់ជាខ្សែទ្រនុងវែងជាប់គ្នាត្រង់ប្រជុំចិញ្ចើម ហើយមានរាងកោងបន្តិចនៅផ្នែកចុង រីឯភ្នែកមូលធំមានត្របកពីរជាន់ស្រដៀងរចនាបថបាខែង ច្រមុះធំហើយខ្ពស់បន្តិច ទងត្រចៀកវែង បបូរមាត់និងចង្កាព្រែក ស្មាបើកទូលាយ ទឹកមុខញញឹមមានលម្អដោយពុកមាត់និងពុកចង្កាដុះព័ទ្ធជុំវិញ ហើយជាទូទៅនៅត្រង់ករបស់បដិមាមានផ្នត់ចំនួន៤។

* បដិមាភេទស្រី
បដិមាភេទស្រីមានការតុបតែងលម្អទៅដោយគ្រឿងអលង្កាយ៉ាងល្អប្រណិត ហាក់ដូចជាកំពុងអួតបង្ហាញភាពរុងរឿងនាសម័យនោះ។ ជាទូទៅ បដិមាលម្អដោយមកុដក្បាំង ករបស់បដិមាត្រូវបានសិល្បករឆ្លាក់ក្បាច់យ៉ាងសម្បូរបែប។ ក្រៅពីការតុបតែងលម្អនៅលើមកុដនិងក្បាំង គេសង្កេតឃើញមានការតុបតែងលម្អជាគ្រឿងអលង្ការផ្សេងទៀត ដូចជា ខ្សែទ្រូង ខ្សែសង្វា ខ្សែក ស្នាប់ដៃជាដើម (រូបពាលីនិងសុគ្រីព រូបឥសីលុតជង្គង់)។ ចំណុចថ្មីមួយនៃការលម្អនៅលើបដិមា រួមមាន ខ្សែក ខ្សែក្រវាត់ដើមទ្រូង ខ្សែក្រវាត់ពីរជាន់ និងស្នាប់ដៃដែលឆ្លាក់នៅលើថ្មផ្ទាល់។ សិល្បៈក្នុងរចនាបថកោះកេរបានបង្ហាញចលនាយ៉ាងរស់រវើក និងទំហំធំៗ សុទ្ធតែមានជើងមាំសម្រាប់ទ្រដងខ្លួន និងដើម្បីទប់លំនឹងខ្លួន ដូច្នេះជើងទាំងពីរនោះពុំប្រកបដោយលក្ខណៈតថភាពនិយមទេ សិល្បករនិយមបង្ហាញផ្នត់ទទឹងពោះធំហើយវែងស្ទើរតែជុំវិញចង្កេះ។ សំពត់របស់ព្រះនាងទុគ៌ាបង្ហាញលក្ខណៈតថភាពរបស់ជាយសំយាក់ទទឹកពោះ (ជាយរីកធំដោយសាររឹតសំពត់យ៉ាងខ្លាំងទៅនឹងពោះ) ដូច្នេះជាយនេះបានបង្ហាញឱ្យដឹងថាគេធ្វើយ៉ាងនេះបញ្ជាក់ឡើងតាមជាយជាប់ដងខ្លួន (មិនរបូត)។ លក្ខណៈផ្សេងៗរបស់ស្នាដៃនេះ បញ្ជាក់ឡើងតាមជាយទទឹងពោះជំហរទ្រឹងនិងចំពីមុខ។

* បដិមាភេទប្រុស
បដិមាភេទប្រុស ចំពោះមដុកនៃបដិមាមានឆ្លាក់ជាថ្នាក់ៗមានកំពូលស្រួចនៅតាមថ្នាក់នីមួយៗ ដោយលម្អជាក្បាច់ផ្សេងៗ ជាពិសេសក្បាច់ត្របកឈូកជាមកុដយក្ខិនី និងមកុដរបស់ពាលីនិងសុគ្រីព។ មកុដខ្លះទៀតលម្អដោយសន្លឹកដូចជាមកុដរបស់ព្រះសិវៈមកពីប្រាសាទច្រាប និងមកុដគ្រុឌមកពីប្រាសាទធំ។ ចំណែកបដិមាមួយចំនួនទៀតគេមិនឃើញមានលម្អដោយក្បាំង ឬមកុដទេ គឺរូបចម្លាក់បួងសួងធ្វើមកុដតែម្ដងដូចជារូបឥសីអង្គុយមកពីប្រាសាទធំ។ ក្រៅពីការតុបតែងលម្អដោយមកុដនោះ សិល្បករបានប្រើប្រាស់ក្បាំងលម្អនៅលើរូបចម្លាក់ដែលបន្តប្រើពីរចនាបថបាខែង ពោលគឺភាគកណ្ដាលនៃក្បាំងឆ្លាក់ជាក្បាច់ចំណិតព្រះចន្ទអមដោយក្បាច់ពងត្រី ហើយភាគខាងលើបង្អស់លម្អដោយក្បាច់សន្លឹក។ សំពត់របស់បដិមាមានលក្ខណៈប្រហាក់ប្រហែលនឹងរចនាបថបាខែង គឺរបៀបស្លៀកពាក់នៅរក្សាសំពត់ចាប់ភ្លីច្រើន និងជាយខាងមុខមានចាប់ភ្លីជាច្រើនជាយខាងមុខសំពត់ទម្លាក់ចុះមកពីរជាន់ដូចរចនាបថបាខែង ប៉ុន្តែខុសគ្នាត្រង់ជាយខាងក្រៅខ្លីជាងជាយខាងក្នុង។ នៅពីលើជាយនេះមានជាយមួយទៀតរាងធំបន្តិចទម្លាក់មកបាំងពីលើខ្សែក្រវាត់ខាងមុខ៕