(ពិភពលោក)៖ ប្រជាពលរដ្ឋភាគច្រើនប្រហែលជាមិនទាន់ស្គាល់ ឬចាប់អារម្មណ៍អំពីម៉ោង GMT ច្រើននៅឡើយទេ ខណៈស្ដង់ដាកំណត់ពេលវេលាជាសកលដ៏សំខាន់នេះ ត្រូវបានអន្តរជាតិឯកភាពគ្នាយកមកប្រើប្រាស់នៅទូទាំងពិភពលោក ដោយមានទីតាំងគោលច្បាស់លាស់មួយសម្រាប់ឱ្យប្រទេសនីមួយៗបូកដកចំនួនម៉ោងរៀងៗខ្លួន តាមរយៈចំនួនល្វែងម៉ោងនៅផែនទីពិភពលោក។

GMT មកពីពាក្យពេញថា Greenwich Mean Time Zone (ហ្គ្រីនិកមីនថែមហ្សូន) ដែលជាឈ្មោះរបស់មន្ទីរតារាសាស្ត្រមួយមានទីតាំងស្ថិតសង្កាត់ហ្គ្រីនិក ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ អ្នកខ្លះប្រហែលជាធ្លាប់ឃើញពាក្យមួយទៀតហៅថា UTC (Universal Time Coordinated)។ UTC នេះគឺគ្មានអ្វីខុសគ្នាជាមួយ GMT ឡើយ គ្រាន់តែថា UTC មិនត្រូវបានប្រើប្រាស់ជាផ្លូវការដោយប្រទេសណាមួយទេ ប៉ុន្តែប្រើក្នុងសហគមន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម។

អន្តរជាតិបានឯកភាពគ្នាចាប់ផ្ដើមប្រើប្រាស់ការកំណត់ពេលវេលាសកល GMT នេះចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៨៨៤ ពោលគឺក្នុងពេលតំណាលគ្នាជាមួយនឹងការកំណត់យក International Date Line ព្រមទាំងតំណាលគ្នានឹងការបង្កើតល្វែងម៉ោងទាំង ២៤ ក្នុងសន្និសីទអន្តរជាតិមួយដែលធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៉ី នៃសហរដ្ឋអាមេរិក។

ល្វែងម៉ោង គឺប្រព្រឹត្តទៅតាមបណ្ដោយខ្សែស្របរបស់ផែនដី ហើយខ្សែស្របរបស់ផែនដីមានចំនួន ១៨០ខ្សែ។ រៀងរាល់១ម៉ោង គឺត្រូវឆ្លងកាត់ចន្លោះខ្សែស្របចំនួន ១៥ខ្សែ មានន័យថាក្នុងចំណោមខ្សែស្របទាំង ១៨០ខ្សែ ត្រូវចែកជាមួយ ១៥ ទើបចេញបានផលចែកចំនួន ២៤ម៉ោង។

ពិភពលោកចាប់រាប់ម៉ោង ០០ នៃម៉ោងសកល GMT ចាប់ពីចំណុចគោលនៅមន្ទីរ Greenwich Mean Time Zone នៃទីក្រុងឡុងដ៍ ដែលត្រូវនឹងខ្សែស្របទី ០ ហើយបន្តរាប់ដេញមកខាងស្ដាំនៃផែនទីពិភពលោក ហើយរាល់ចន្លោះខ្សែស្របចំនួន ១៥ខ្សែ គឺជាមានរយៈពេល១ម៉ោងៗដែរ មានន័យថា៖

* ចាប់ពីខ្សែស្របទី ០ គេគិតម៉ោង ០០ នៃម៉ោងសកល GMT
* ចាប់ពីខ្សែស្របទី ១៥ គេគិតម៉ោង ១ នៃម៉ោងសកល GMT
* ចាប់ពីខ្សែស្របទី ៣០ គេគិតម៉ោង ២ នៃម៉ោងសកល GMT
* ចាប់ពីខ្សែស្របទី ៤៥ គេគិតម៉ោង ៣ នៃម៉ោងសកល GMT
* ចាប់ពីខ្សែស្របទី ៦០ គេគិតម៉ោង ៤ នៃម៉ោងសកល GMT
* ចាប់ពីខ្សែស្របទី ៧៥ គេគិតម៉ោង ៥ នៃម៉ោងសកល GMT
* ចាប់ពីខ្សែស្របទី ៩០ គេគិតម៉ោង ៦ នៃម៉ោងសកល GMT
* ចាប់ពីខ្សែស្របទី ១០៥ គេគិតម៉ោង ៧ នៃម៉ោងសកល GMT ជាដើម។

មានវិធីងាយស្រួលមួយទៀត ក្នុងការផ្ទៀងផ្ទាត់ម៉ោងនៅប្រទេសណាមួយឱ្យត្រូវនឹងម៉ោងសកល GMT គឺអ្នកអាចមើលនៅលើផែនទីពិភពលោក ហើយត្រូវចាំថា ប្រទេសណានៅខាងស្ដាំខ្សែស្របទី ០ ដែលលាតកាត់ GMT នៅទីក្រុងឡុងដ៍ គឺត្រូវបូកតាមចំនួនល្វែងម៉ោងដែលឃ្លាតពីខ្សែស្របទី ០ នោះមកខាងស្ដាំ ហើយប្រសិនបើប្រទេសណាដែលនៅខាងឆ្វេង GMT គឺត្រូវរាប់ដកថយក្រោយតាមចំនួនល្វែងម៉ោងនៅខាងឆ្វេងខ្សែស្របទី ០ នោះវិញ។

ឧទាហរណ៍ថា នៅពេលគេនិយាយថាព្រឹត្តិការណ៍ណាមួយកើតឡើងនៅម៉ោង ៨ យប់នៃម៉ោងសកល GMT នៅកម្ពុជាយើងគឺត្រូវនឹងម៉ោង ៣ យប់ទៀបភ្លឺ ពីព្រោះកម្ពុជាស្ថិតចំខ្សែស្របទី ១០៥ ដែលឃ្លាតពី GMT នៃទីក្រុងឡុងដ៍ ដល់ទៅ៧ម៉ោង ដូច្នេះត្រូវយកចំនួនម៉ោងនៅ GMT បូកថែម៧ម៉ោងទៀត នោះយើងនឹងដឹងថាព្រឹត្តិការណ៍នោះកើតឡើងចំម៉ោងប៉ុន្មាននៅប្រទេសកម្ពុជាហើយ។

នៅរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី នៃសហរដ្ឋអាមេរិក គឺខុសគ្នាជាមួយនឹងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស ដល់ទៅ៥ម៉ោង ព្រោះវ៉ាស៉ីតោនឌីស៉ីស្ថិតចំខ្សែស្របទី ៧៥ ខាងឆ្វេងផែនទីពិភពលោក ដូច្នេះគេត្រូវដកចំនួនម៉ោង៥ម៉ោងចេញពីចំនួនម៉ោងនៅ GMT។ ឧទាហរណ៍ ប្រសិនបើនៅ GMT ម៉ោង៨ព្រឹក នៅវ៉ាស៉ីនតោនឌីស៉ីប្រាកដជាត្រូវនឹងម៉ោង ៣យប់ ជាក់ជាមិនខាន៕